-
អ្នកមានទំនាស់ដីប្រមូលផ្ដុំតវ៉ាមុខតុលាការខេត្តកោះកុងស្នើដោះលែងតំណាង
- Issue Date 30-Oct-2014
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣ភូមិមានគ្នាប្រមាណជា ៦០នាក់ បានប្រមូលផ្តុំគ្នានៅពីមុខតុលាការខេត្តកោះកុង ដើម្បីទាមទារឲ្យដោះលែងតំណាងម្នាក់ដែលតុលាការខេត្តនេះ ចាប់ដាក់ពន្ធនាគារ កាលពីថ្ងៃទី២៨ ខែតុលា ឲ្យមានសេរីភាពវិញ។មន្ត្រីសិទ្ធិមនុស្សនៅខេត្តកោះកុង បានរិះគន់តុលាការចំពោះការឃុំខ្លួនតំណាងពលរដ្ឋមានទំនាស់ដីធ្លី ទៅតាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់។ក្រុមប្រជាពលរដ្ឋដែលមានគ្នាជិត ១០០នាក់ តំណាងឲ្យពលរដ្ឋ ១៣៥គ្រួសារ មកពីបីភូមិ គឺភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង អះអាងនៅថ្ងៃទី៣០ ខែតុលា ថា នឹងមិនលះបង់ការតវ៉ារបស់ខ្លួនទេ ដរាបណាតុលាការមិនដោះលែងតំណាងឈ្មោះ លោក ផន ណុល ពីពន្ធនាគារនោះទេ។នៅក្នុងការប្រមូលផ្តុំនេះ លោក រៀម រុំ និងអ្នកស្រី ឆុន មករា ជាតំណាងឲ្យពលរដ្ឋមានទំនាស់ដីធ្លីទាំង ៣ភូមិ នៅឃុំព្រែកខ្សាច់ ក៏បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះលែងតំណាងឈ្មោះ ផន ណុល ជាជនពិការពីពន្ធនាគារឲ្យមានសេរីភាពវិញ។ ជាងនេះ ក៏ស្នើដល់ប្រមុខដឹកនាំ ជួយរកយុត្តិធម៌លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត ផ្តល់ដីធ្លីជូនពលរដ្ឋបានបង្កបង្កើនផលឡើងវិញ៖ «ពួកខ្ញុំដាក់ពាក្យបណ្ដឹងតាំងពីឆ្នាំ២០១០ ដាក់ជូនគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចូលគ្រប់កន្លែងទាំងអស់ មានរដ្ឋសភា ជាដើម ប៉ុន្តែអត់មានដំណោះស្រាយទេ រហូតដល់ឆ្នាំ២០១៤ នេះ។ជួយអន្តរាគមន៍ សូមឲ្យខាងបងវិទ្យុអាស៊ីសេរី និងសម្ដេចតេជោទាំង៣ សូមជួយឲ្យ លោក ផន ណុល ចេញពីពន្ធនាគារឲ្យបានឆាប់មក ព្រោះអីគាត់គ្មានកំហុសទេ។ គេចាប់គាត់ទៅដាក់ពន្ធនាគារហ្នឹង គឺគាត់ការពារដីខ្លួនឯង ហើយគាត់ពិការដៃទៀត។ ខ្ញុំសំណូមពរប៉ុណ្ណឹង»។ក្រុមប្រជាពលរដ្ឋ បានចោទក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់ ថាបានប្រើគ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ ហើយទំនាស់នេះ ពលរដ្ឋធ្លាប់ស្នើកិច្ចអន្តរាគមន៍ និងដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរឃុំ ស្រុក ខេត្ត តុលាការ និងដល់ស្ថាប័នកំពូលៗ មានរដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងខុទ្ទកាល័យប្រមុខដឹកនាំ ជាដើម ប៉ុន្តែគ្មានមន្ត្រីស្ថាប័នណាមួយចេញមុខជួយដោះស្រាយបាន ហើយអូសបន្លាយមកដល់ពេលនេះ។វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន អែស.អ៊ី.ហ្សិត បានទេ នៅថ្ងៃទី៣០ ខែតុលា។ចំណែកចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង លោក ខាំ សុផារី ក៏មិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះដែរ។ទោះយ៉ាងណា កាលពីថ្ងៃទី២៧ ខែតុលា លោក ខាំ សុផារី ចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង ដែលមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចោទថាមានល្បិចកលខ្លាំង បានសម្រេចឃុំខ្លួន លោក ផន ណុល ក្រោយពេលកោះឲ្យមកបំភ្លឺលើបណ្ដឹងពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន។ទាក់ទិនបញ្ហានេះ លោក ឡុង លន់ មេធាវីការពារក្តី លោក ផន ណុល ដែលកំពុងជាប់ពន្ធនាគារ បានប្រាប់វិទ្យុអាស៊ីសេរី ថា កាលពីថ្ងៃទី២៨ ខែតុលា លោកបានដាក់ពាក្យទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ស្នើសុំឲ្យ លោក ផន ណុល បាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបទេ៖ «ក្នុងនាមយើងជាមេធាវីការពារសិទ្ធិឲ្យឈ្មោះ ផន ណុល ដែលគាត់ជាតំណាងជនរងគ្រោះដីធ្លីនៅខេត្តកោះកុង ហ្នឹង គឺខ្ញុំបានដាក់ពាក្យសុំនៅក្រៅឃុំទៅចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង កាលពីថ្ងៃទី២៨ តុលា រួចហើយ។ ជាធម្មតា កាលណាដែលយើងដាក់ពាក្យទៅក្នុងរយៈពេល ៥ថ្ងៃ ចៅក្រមគាត់នឹងឆ្លើយប្រាប់យើងថា តើគាត់ឲ្យឬមិនឲ្យ? ចឹងរហូតមកដល់ពេលនេះមានរយៈពេល ៣ថ្ងៃហើយ ខ្ញុំដាក់កាលពីថ្ងៃទី២៨ ខែតុលា»។លោកមេធាវី ឡុង លន់ បន្តថា ការឃុំខ្លួន លោក ផន ណុល គឺស្ថិតក្នុងចំណោមប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀត ដែលតុលាការលើកមកចាត់ការទៅតាមបណ្ដឹងលួចទ្រព្យសម្បត្តិក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់។អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ ឲ្យដឹងដែរថា ក្រុមពលរដ្ឋដែលតុលាការចោទនោះ គ្រាន់តែបានរក្សាទុកសម្ភារៈសំណង់ក្រុមហ៊ុនដែលសង់របងលើដីធ្លី និងបិទផ្លូវទៅស្រែចម្ការរបស់ពួកគាត់ កាលពីដើមឆ្នាំ២០១៤។ ហើយថា ករណីនេះ ពលរដ្ឋបានចេញលិខិតធានាអះអាងថា នឹងមិនមានការបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈទាំងនោះទេ ល្គឹកណាក្រុមហ៊ុនបញ្ឈប់រំលោភលើដីធ្លីពួកគាត់។បន្ថែមលើនេះ លោក នាង បូរ៉ាទីណូ ក៏បានរិះគន់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសមន្ត្រីស្ថាប័នកំពូលៗ មានខុទ្ទកាល័យប្រមុខដឹកនាំ និងរដ្ឋសភា ជាដើម ថាអសមត្ថភាពក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ ហើយទុកឲ្យក្រុមហ៊ុនធ្វើទុក្ខបុកម្នេញពលរដ្ឋ ដោយប្រើប្រព័ន្ធតុលាការគំរាមកំហែង ជាដើម៖ «ខ្ញុំផ្ទាល់ជាមួយលោកមេធាវីជនរងគ្រោះ បានតស៊ូមតិជាមួយលោកចៅក្រមស៊ើបសួរ លោក ខាំ សុផារី ហ្នឹងដែរ ប៉ុន្តែលោកចៅក្រមថា ប្រជាពលរដ្ឋហ្នឹងឲ្យតែមានការកោះហៅឡើង គាត់តែងតែប្រមូលគ្នាមកស្រែកឡូឡា ច្រៀងដាក់មេក្រូ លើកបដារញ៉េរញ៉ៃខូចសណ្ដាប់ធ្នាប់ខេត្ត។អ៊ីចឹងគាត់សម្រេចឃុំខ្លួនសិន ទុកឲ្យខាងសិទ្ធិមនុស្ស មេធាវីជាដើមហ្នឹង ចាំរកយុត្តិធម៌ឲ្យគាត់តាមក្រោយទៅ»។មន្ត្រីសង្គមស៊ីវិលមួយចំនួន ចាត់ទុកករណីចៅក្រម លោក ខាំ សុផារី សម្រេចឃុំខ្លួន លោក ផន ណុល និងចោទពលរដ្ឋ ៣នាក់ទៀត ពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុនទៅតាមបណ្ដឹងក្រុមហ៊ុន ថាជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលហ៊ានចេញតវ៉ាជម្លោះដីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ាៗ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។ទាក់ទិនបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ប្រជាពលរដ្ឋមានទំនាស់ដីធ្លី មិនចាកចេញពីមុខតុលាការទេ គឺនាំគ្នាសំរាកនៅមុខតុលាការខេត្តកោះកុង ហើយពួកគាត់បានអះអាងថា នឹងបន្តប្រមូលផ្តុំនៅមុខតុលាការរហូតតុលាការខេត្តកោះកុង ឬផ្នែកពាក់ព័ន្ធ ដោះលែងតំណាងរបស់ខ្លួនឈ្មោះ លោក ផន ណុល ចេញពីពន្ធនាគារឲ្យមានសេរីភាពវិញ ទើបប្រកាសរំសាយការប្រមូលផ្តុំ៕ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៤ ។