• សមត្ថកិច្ច​ចាប់​ព្រះសង្ឃ​មួយអង្គ និង​ពលរដ្ឋ​៣​នាក់​ក្នុងពេល​តវ៉ា​

    • Issue Date 11-Nov-2014

    សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចាប់ខ្លួន​ស្ត្រី​៣​នាក់​និង​ព្រះសង្ឃ​មួយអង្គ ខណៈដែល​ពួកគេ​កំពុង​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​ដោះលែង តំណាង​របស់ខ្លួន​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​។​​ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ ពី​សមត្ថកិច្ច បាន​ព្រមាន​ឲ្យ​អ្នក​តវ៉ា​រំសាយ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ​។ប្រជាពលរដ្ឋ​មកពី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ឡ​ពាង​មាន​គ្នា​ជាង​៤០​នាក់ បាន​តវ៉ា​នៅមុខ​សាលាដំបូង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​៧​ដោយ​គ្មាន​លក្ខខណ្ឌ ដោយ​សំអាងថា ការតវ៉ា​កាលពី​ម្សិលមិញ គឺ​គ្រាន់តែ​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឲ្យ​ជួយ​រំដោះ​ទឹកស្អុយ​ដែល កំពុង​ជន់​លិច​សហគមន៍​របស់ខ្លួន​ប៉ុណ្ណោះ ។​​សកម្មជន​បឹងកក់ អ្នកស្រី​បូ​វ សោភា ដែល​ស្រែក​តវ៉ា បាន​រិះគន់ថា​អាជ្ញាធរ ក៏​ដូ​ជា​តុលាការ​ថា ធ្វើ​ការមិន​យុត្តិធម៌ មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បែរ​នាំគ្នា​ចាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ដាក់​ពន្ធ​ធានា​គារ ខណៈ​ពួកគេ​ទាំងនោះ​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា បាន​ចោទ​ករណី​តវ៉ា​របស់​អ្នកមាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​នោះ​ថា​ជា ទង្វើ​ខុសច្បាប់ ដោយសារ​បិទ​ចរាចរណ៍ បង្ករ​ភាព​អ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ ។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា មុននឹង​អាជ្ញាធរ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ទាំងនោះ អាជ្ញាធរ​បានប្រកាស​ច្រើនដង​ហើយ ថា​ការប្រមូលផ្តុំ​នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​មាន​លក្ខណៈ​ខុសច្បាប់ ។​​ប៉ុន្តែ​អ្នកសម្របសម្រួល​បច្ចេក​ទេស ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ មានប្រសាសន៍ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​មិនមែនជា​ដំណោះស្រាយ​ទេ តែ​នឹង​បង្ករ​ឲ្យ​កាន់​អាប់​មុខមាត់​រដ្ឋាភិបាល និង​ប្រទេសជាតិ​ថែមទៀត ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ។​​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក ជា ប៉ូច ដែល​ចូលរួម​ឃ្លាំមើល​ការតវ៉ា​របស់​ពលរដ្ឋ​នេះ សន្យាថា​លោក​នឹង​ជួយ​អន្តរាគមន៍​ករណី​ចាប់ខ្លួន​សកម្មជន​ដីធ្លី​ទាំងនោះ បន្ទាប់ពី​សិក្សា​តាមផ្លូវ​ច្បាប់​រួចរាល់​។ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​ប្រមាណ​ជាង​៥០​នាក់​ព្យាយាម​បិទផ្លូវ​មុខ​សាលា​រាជធានី ភ្នំពេញ ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ ៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។