-
អ្នកបឹងកក់យ៉ាងតិច៧នាក់ត្រូវបានចាប់ខ្លួនក្នុងពេលតវ៉ាបិទផ្លូវ
- Issue Date 11-Nov-2014
ក្រុមអ្នកបឹងកក់ ប្រមូលផ្តុំគ្នានៅមុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនទាំង៧នាក់ ដែលត្រូវចាប់ខ្លួនកាលពីព្រឹកមិញ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកនេះ បន្ទាប់ពីពួកគេប្រមាណជាង៥០នាក់ព្យាយាមបិទផ្លូវមុខសាលារាជធានី ភ្នំពេញ ទាមទារឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីភូមិ។ការចាប់ខ្លួននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ត្រី៣នាក់បានរងរបួសស្រាល នៅក្នុងការប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ។អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវេត មានប្រសាសន៍ថា អាជ្ញាធរមិនគួរចាប់ខ្លួនក្រុមស្ត្រីរងគ្រោះដោយសារដីធ្លីទាំងនោះទេ ហើយអាជ្ញាធរគួរតែស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។លោកយល់ថាទង្វើអាជ្ញាធរបែបរើសអើងប្រជាពលរដ្ឋ និងចាប់ខ្លួននេះ បង្ហាញពីការគុំកួនតាំងពីយូរហើយ។ លោកបញ្ជាក់ថា «បើសិនជាអាជ្ញាធរ មានវិធានការ ដើម្បីជួយរៀបចំធ្វើកិច្ចងារហ្នឹងឡើងដើម្បីរំដោះទឹកនេះ ខ្ញុំគិតថាធ្វើបាន ផ្ទុយទៅវិញអ្នកដែលត្រូវដោះស្រាយ មិនចេញមកដោះស្រាយឲ្យបានច្បាស់លាស់ ឲ្យមានភាពវិជ្ជមាន វាទៅជាអ្នកដែលចាប់ខ្លួននោះ ចាំតែចាប់តែម្តង ហើយក្រោមហេតុផងមើលទៅដូចជាមានការរើសអើង ឬក៏មានការគុំកួនជាមួយអ្នកភូមិបឹងកក់ជាដើម ព្រោះថាគេគុំយូរណាស់ហើយ គេចង់ចាប់»។អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការដែលសមត្ថកិច្ចចាប់ខ្លួនស្ត្រីទាំងនោះ ដោយសារពួកគេដឹកនាំគ្នាធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដែលបិទផ្លូវ សាធារណៈ ហើយបិទផ្លូវចេញចូលសាលារាធានីភ្នំពេញ។លោកថា «(សំណួរ អ្នកសារព័ត៌មាន៖ ឃើញថាគាត់បិទហ្នឹង ដោយសារគាត់តវ៉ា ឲ្យជួយអន្តរាគមន៍ករណីទឹកលិច) ការតវ៉ារឿងអីក៏ដោយ គឺវាមានការជជែកគ្នា វាមិនមែនមកធ្វើអំពើហិង្សា ឬបំបិទផ្លូវសាធារណៈ ធ្វើអំពើខុសច្បាប់ទេ។ ប្រសិនគាត់មានបញ្ហាតវ៉ាណាមួយ គាត់អាចមកជួបជាមួយហ្នឹងសាលារាជធានីភ្នំពេញ គាត់អាចចាត់តំណាងជួបជជែកគ្នា ពន្យល់គ្នា មិនមែនមកបិទផ្លូវសាធារណៈអ៊ីចឹងទេ មិនអាចចាប់គេធ្វើជាចំណាប់ខ្មាំងរបស់ខ្លួនបានទេ»។លោក ឡុង ឌីម៉ង់ ឲ្យដឹងទៀតថា លោកមិនកំណត់ថានឹងដោះលែងស្ត្រីទាំងនោះនៅពេលណាទេ ព្រោះលោកបានប្រគល់ទៅឲ្យសមត្ថកិច្ចហើយ។ប្រជាពលរដ្ឋឲ្យដឹងថា សកម្មជនដីធ្លីទាំង៧នាក់ដែលត្រូវបានចាប់ខ្លួននោះរួមមាន លោកយាយ ង៉ែត ឃុន អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី ណង ស្រេង ជាដើម។ ពួកគេត្រូវបានចាប់ដាក់រថយន្តដឹកទៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមានសកម្មជនដីធ្លីផ្សេងទៀត បាននាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងតំណាងមកវិញ និងរំដោះទឹកស្អុយដែលកំពុងជន់លិចភូមិ៕ដកស្រង់ចេញពីសម្លេងវិទ្យុប្រជាធិបតេយ្យ VOD ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។