• អាជ្ញាធរ​ចាប់​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ​ពីរ​អង្គ​ដែល​ចូលរួម​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​

    • Issue Date 12-Nov-2014

    ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ព្រះកាយ​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត ស្ទឹងមានជ័យ​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈ​ព្រះសង្ឃ​អង្គ​នោះ និមន្ត​ទៅ​ជួប​ពុទ្ធបរិស័ទ ដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះវិហារ​។​​តាម​ថេរ​ដីកា ព្រះ​តេជគុណ យ៉ា​ញ់ សឿង ឲ្យ​VOD​ដឹងថា ព្រះសង្ឃ​ទាំងពីរ​អង្គ​នោះ ត្រូវ​កម្លាំងចម្រុះ ខណ្ឌមានជ័យ ដាក់​កម្លាំង​ពួនស្ទាក់​ចាប់​ព្រះកាយ នៅពេល​និមន្ត​មកដល់​មុខ​វត្ត​សាមគ្គី​រង្សី នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។​​ព្រះ​តេជគុណ​បន្តថា ការចាប់​ព្រះកាយ​ព្រះសង្ឃ​ទាំងពីរ​ព្រះអង្គ​នោះ ចំ​ពេលដែល​ព្រះអង្គ និមន្ត​មក​ចូលរួម​ឃ្លាំមើល ការចេញ​តវ៉ា​ថ្មី​ជា​ទៀត របស់​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី មកពី​ខេត្តព្រះវិហារ ដែល​កំពុងស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ។​​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ក៏បាន​ចាប់​ឃុំ​ព្រះកាយ​ព្រះ​តេជគុណ សឺ​ន ហាយ គង់នៅ​វត្ត​ស្ទឹងមានជ័យ ផងដែរ នៅពេល​ព្រះសង្ឃ​អង្គ​នោះ និមន្ត​ចូលរួម​តវ៉ា​ទាមទារ​យុត្តិធម៌ រឿង​ចាប់ឃុំខ្លួន​ស្ត្រី នៅ​តំបន់​បឹងកក់ និង​ធ្លាប់​ដុត​ទង់ជាតិ​វៀតណាម ប្រឆាំងនឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរក្រោម​។​អធិការនគរបាល​ស្តីទី​ខណ្ឌមានជ័យ​លោក ជឹម ស៊ីថា បាន​ច្រានចោល​ការចាប់ខ្លួន​នេះ ដោយ​អះអាង​លោក​អត់​បានទទួល​ព័ត៌មាន​ពី​ការចាប់​ឃាត់​ព្រះកាយ​ព្រះសង្ឃ​ទាំង ពីរ​អង្គ​នោះទេ​។​​ចំណែក អភិបាលរង​ខណ្ឌមានជ័យ​លោក ហៀក ចាន់​លាង អះអាងថា​លោក​មិនបាន​នៅ​កន្លែងកើតហេតុ​នៃ​ការចាប់​ព្រះកាយ​ព្រះសង្ឃ​ទេ ប៉ុន្តែ​លោក​ថា តាម​ព័ត៌មាន​ពី​មន្ត្រីក្រោមឱវាទ ថា​បាន​រកឃើញ​ឧប្បករណ៍ មួយចំនួន​ដែល​អាច​បង្គ​ឲ្យ​មាន​ហិង្សា ដែល​សមត្ថកិច្ច​រកឃើញ​មុន ឃាត់​ព្រះកាយ​។​​ជម្លោះដីធ្លី​នៅ​ខេត្តព្រះវិហារ​ត្រូវ​អ្នក​ក្រុមអ្នកតវ៉ា អះអាងថា កាលពីដើមឆ្នាំ​២០១២ លោក សួស យ៉ា​រ៉ា ជា​ក្មួយ​លោក សុខ អាន និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ ឈូសឆាយ​ផ្ទះ​របស់​ពលរដ្ឋ​២៥៣​គ្រួសារ វត្ត​អារាម សាលារៀន នៅ​ភូមិ​ឫស្សី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ចំណែក​ការសុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ផង​គ្មាន​ការឆ្លើយតប​ជា​វិជ្ជមាន ។​​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​សមាគម​អាដហុក​លោក ចាន់ សុ​វេត ដែល​តាមដាន​ករណីនេះ អះអាងថា កា​ចោទប្រកាន់ របស់​អាជ្ញាធរ​គ្រាន់តែ​ជា​លេស ដើម្បី​គំរាមកំហែង​សេរី ភាព​បញ្ចេញមតិ ដែល​ខ្លួន​អសមត្ថភាព​មិនអាច​ដោះស្រាយបាន​។ លោក​យល់ថា វិធានការ​នេះ ជា​អំពើ​អនុ​ស្ស​ធម៌​និង​គួរ​ឲ្យ​ខ្មាសអៀន សម្រាប់​ប្រទេស​ដែល​អះអាងថា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​។​​យ៉ាងណាក៏ដោយ​អ្នក​តវ៉ា​ដែល​ឡើងមក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ បាន​លុបចោល​គម្រោង​ដើរ​ហែ​ក្បួន ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១២​ខែ វិច្ឆិកា​នេះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពេល​ឃើញ​ចាប់​ព្រះកាយ​ព្រះសង្ឃ និង​មាន​កម្លាំងចម្រុះ​ដាក់​ឡោមព័ទ្ធ​បរិវេណ​វត្ត​អារាម​។​​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD)ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។