• តុលាការ​សម្រេច​ឃុំខ្លួន​ឪពុក​និង​កូនស្រី​ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​នៅ​បឹងកក់​១

    • Issue Date 19-Nov-2014

    ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់​ជា​ឪពុក និង​កូន នៅក្នុង​សំណុំរឿង​ជម្លោះដីធ្លី​ក្នុង​សង្កាត់​បឹងកក់​១​។​​ពួកគេ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ម៉ោង ៨​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា បន្ទាប់ពី​ចៅក្រម​បញ្ចប់​ការសាកសួរ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការចាប់ខ្លួន​។​​លោក លី ស្រ៊ា​ខេង និង​កូនស្រី កញ្ញា លី សៀវ​ម៉ិ​ញ រង​នូវ​បទ​ចោទ​មួយចំនួន​ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន ឃុន សៀ​។​​ក្នុងចំណោម​បទ​ចោទ​ដែល​ចៅក្រម​ស៊ើបសួរ លោក លឹម លី​ប​ម៉េង ព្រះរាជអាជ្ញារង ស៊ីវ វ​ណ្ណី បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​នោះ​មាន​បទ​ចោទ​ធំៗ​ចំនួន​៣ គឺ​បទ​រារាំង​ម្ចាស់​អចលនទ្រព្យ គឺ​ក្រុមហ៊ុន ឃុន សៀ មិនអោយ​ធ្វើ​របង បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បទ​បរិហារកេរ្តិ៍​។​​កញ្ញា លី សៀវ​ម៉ិ​ញ និង​លោក លី ស្រ៊ា​ខេង ថ្លែង​នៅមុន​ពេល​ពួកគេ​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​នាំ​បញ្ចូល​ក្នុង​ឡាន ដើម្បី​នាំទៅ​ពន្ធនាគារ​ថា ពួកគេ​ត្រូវ​ចាប់ឃុំខ្លួន​ដោយ​អយុត្តិធម៌​៖ «...​ខ្ញុំ អត់​មាន​កំហុស ពួក​ខ្ញុំ​អត់​បាន​ខុស​ទេ​បង​។ អយុត្តិធម៌​ណាស់​។ (​រឿង​) ពួក​ខ្ញុំ​អយុត្តិធម៌​ណាស់​។ ពួក​ខ្ញុំ​អត់​ទទួលកំហុស​ទេ​...»​។​​គ្រួសារ លោក លី ស្រ៊ា​ខេង ដែលមាន​សមាជិក​បួន​នាក់ បានទទួល​ដីកា​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​មួយច្បាប់ កោះ​អោយចូល​ខ្លួន​ទៅតាម​បណ្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ​។ ដូច្នេះ​មកដល់ពេលនេះ ភរិយា និង​កូនប្រុស​ពៅ​របស់ លោក លី ស្រ៊ា​ខេង ទំនង​ថា​អាច​ត្រូវ​ចាប់ខ្លួន​ដែរ​។​​មន្ត្រី​ផ្នែក​ច្បាប់​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក ណន អូ​នី មានប្រសាសន៍​នៅពេល​ចេញពី​តុលាការ​ថា សំណុំ​រឿងនេះ​គួរ​ទុកពេល​បន្តិចទៀត​អោយ​ភាគី​ទាំងពីរ​ពិភាក្សាគ្នា បន្តទៀត​៖ «​គួរតែ​តុលាការ​ធ្វើការ​ពិនិត្យ និង​ពិចារណា​ពី​សំណុំរឿង​ហ្នឹង​ឡើងវិញ ហើយ​ដោះលែង​គាត់​មាន​សេរីភាព និង​អោយ​គាត់​ចរចា​ជាមួយ​ក្រុមហ៊ុន​ទៅ ព្រោះ​ក្រុមហ៊ុន​ក៏​ចង់​ចរចា​ដោះស្រាយ​បញ្ហា​ហ្នឹង​ដែរ​»​។​​លោក អូ​នី រំពឹងថា ភាគី​ក្រុមហ៊ុន ឃុន សៀ នឹង​ពិចារណា​ងាក​មក​ចរចា​ជាមួយ​គ្រួសារ​នេះ​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​។​​ក្រុមហ៊ុន ឃុន សៀ បានទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១០ ដែល​អាច​ក្លាយជា​ម្ចាស់​ដី​នៃ​តំបន់​អតីត​សាលាសង្កាត់​បឹងកក់​១ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ឆ្នាំ​២០១៣​។​​ក្រុមគ្រួសារ លោក លី ស្រ៊ា​ខេង ដែល​រស់នៅក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ធ្លាប់​រង​ការប្រមាថ​ស្ទើរ​ផុត​ជីវិត ដូចជា​ការបោះ​ពស់​ចូល​ផ្ទះ និង​បង្ក​អគ្គិភ័យ ជាដើម​។ ចំណែក​កូនស្រី គឺ​កញ្ញា លី សៀវ​ម៉ិ​ញ ធ្លាប់​ត្រូវ​ក្រុម​ជន​អន្ធពាល​កាប់​ជាច្រើន​កាំបិត​។ គ្រួសារ​នេះ​ជា​គ្រួសារ​ចុងក្រោយ​ក្នុង​សង្កាត់​បឹងកក់​១ ដែល​នៅ​ប្រកាន់​ជំហរ​ចង់​រស់នៅ​ទីនោះ​ជា​បន្តទៀត គឺ​ក្នុង​បរិវេណ​អតីត​សាលាសង្កាត់ ល្គឹកណា​ពួកគេ​ពុំបាន​ទទួល​សំណង​ដូច​តម្លៃ​លើ​ទីផ្សារ​។ ចំណែក​អ្នកភូមិ​ចំនួន ៦​គ្រួសារ​ផ្សេងទៀត បាន​ចាក​ចេញពី​ទីកន្លែង​ដែល​ពួកគេ​ធ្លាប់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨២ មក​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ។