-
កម្មកររោងចក្រនៅវិហារសួគ៌រងរបួស៥នាក់ដោយការបង្ក្រាបពីសន្តិសុខសេវិនអីនជី
- Issue Date 25-Nov-2014
កម្មកររោងចក្រកាត់ដេរអ៊ីនឌូចិនអាប់ភើរៀល (Indochine Apparel) ៥ នាក់រងរបួស ក្នុងនោះ២នាក់ របួសធ្ងន់ ដោយសារ ក្រុមសន្តិសុខ បង្ក្រាបបាតុកម្មរបស់កម្មករដែលទាមទារសុំដំឡើងលុយបាយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា។កម្មការិនី កើត ស្រស់ រងរបួសដៃធ្ងន់ និងកម្មការិនី ហួត គឹមអៀង របួសធ្ងន់ក្បាលជង្គង់ ឲ្យដឹងថា កម្មករកំពុងតវ៉ា ស្រាប់តែក្រុមសន្តិសុខក្រុមហ៊ុន សេវិនអិនជី (7NG ) ជិះឡាន និងម៉ូតូ ច្រើនគ្រឿងមកវាយតប់កម្មករ ហើយបោកឧបករណ៍ បំពងសំឡេងខូចខ្ទេចខ្ទី។ ពួកគាត់ការពារឧបករណ៍ ក៏ត្រូវក្រុមសន្តិសុខនោះ វាយនិងទម្លាក់អាគុយលើជង្គង់ មិនអាចដើររួច៖ «វាដាល់មុខខ្ញុំ ប៉ុន្តែអត់ត្រូវមុខទេ ត្រូវជង្គង់។ ត្រូវចំក្បាលជង្គង់អត់បែកទេ តែវាហើមដើរមិនរួច ដល់ពេលអីចឹងទៅ គេក៏ទម្លាក់អាគុយ៥០ មកលើជើង ចំជង្គង់ កន្លែងគេដាល់នឹងទៀត ដល់ពេលអីចឹង ធ្វើឲ្យខ្ញុំដើរអត់រួច»។តំណាងសម្ព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា លោក ឆឹម សុឃី ឲ្យដឹងថា ក្នុងការប្រើហិង្សានោះ មានកម្មកប្រុសស្រីរបួស៥នាក់ ក្នុងនោះកម្មការិនី២នាក់របួសធ្ងន់។ លោកថាសហជីពយើង នឹងដាក់ពាក្យប្ដឹងក្រុមហ៊ុនសេវិនអិនជី ពីសកម្មភាពបង្កហិង្សាលើកម្មករ ប៉ុន្តែថៅកែរោងចក្រសន្យាដោះស្រាយបញ្ហាហិង្សានេះ។កាលពីថ្ងៃ២០ខែវិច្ឆិកា កម្មកររោងចក្រកាត់ដេរ អិនឌូចិន អាប់ភើរៀល បានតវ៉ាសុំដំឡើងលុយបាយ និងសុំកុងត្រាការងារមានរយៈពេលស្មើគ្នា រវាងកម្មករស្រី និងកម្មករប្រុសជាដើម។ តែលោក សុខា ប្រធានរដ្ឋបាល រោងចក្រនោះបំភ្លឺថា ថៅកែមិនមានលទ្ធភាព ដំឡើងលុយឲ្យតាមការទាមទារ នោះទេ។កម្មករឲ្យដឹងថា ពួកគេជាង១ពាន់នាក់ តវ៉ាចាប់ពីថ្ងៃទី ២០ មកដល់ថ្ងៃទី ២៥ វិច្ឆិកា ទើបមានហិង្សា ដោយសាររោងចក្រនេះ បានជួលដីក្រុមហ៊ុនសេវិនអិនជី ធ្វើរោងចក្រ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី(RFA) ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។