• ជនជាតិដើម​ភាគតិច​មាន​បញ្ហាដីធ្លី​តវ៉ា​មុខ​មន្ទីរ​ដែនដី​ខេត្តព្រះវិហារ​

    • Issue Date 27-Nov-2014

    ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ​ឲ្យ​ដឹងថា ជនជាតិដើម​ភាគតិច​មាន​បញ្ហាដីធ្លី​ចំនួន​២៨​គ្រួសា​នៅ​ឃុំ​ព្រះ​មេ ស្រុក​ត្បែងមានជ័យ បាននាំគ្នា​មក​តវ៉ា​នៅមុខ​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យ​មន្ទីរ​បង្ហាញ​លេខ​ក្បាលដី​របស់​ពួកគាត់ និង​លេខ​វិញ្ញាបនបត្រ​បញ្ជាក់​អចល​នវ​ត្តុ ។​​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ម្នាក់​អ្នកស្រី រឿង ខាត់ បាន​ឲ្យ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ពួកគាត់​នាំគ្នា​មក​តវ៉ា​មន្ទីរ​ដែនដី​ខេត្ត ដោយ​អ្នកស្រី​អះអាងថា អ្នក​វាស់វែង​ដីឯកជន​ម្នាក់​បាន​វាស់ដី​ជាន់​ទៅ​លើដី​សមូហភាព​របស់​ពួកយើង ហើយ​ដី​នោះ​ក៏​ប៉ះពាល់​ជា​ក្រុមហ៊ុន​រុយ​ហ្វេ​ង និង​ក្រុមហ៊ុន​ឡាន​ហ្វេ​ង​ដែរ ។ អ្នកស្រី​បន្តថា ពួកគាត់​បានមក​តវ៉ា​មុខក្រសួង​ដែនដី ចំនួន​ពីរ​ថ្ងៃ​ហើយ ក្រោយមក​អាជ្ញាធរ​បាន​ឲ្យ​ពួកគាត់​ដាក់ពាក្យ​ស្នើសុំ ដើម្បី​ងាយស្រួល​ពិនិត្យមើល​ឲ្យ​ដឹងថា ក្បាលដី​របស់​ពួកគាត់​មាន​ប៉ុន្មាន ហើយ​នៅ​តំបន់​ណាខ្លះ ។អ្នកស្រី រឿង ខាត់ អំពាវនាវ ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់ ហើយ​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ទេ​ពួកគាត់​នឹង​នាំគ្នា​មក​តវ៉ា​បន្តទៀត ។​​អ្នកសម្របសម្រួល​អង្គ​ការ​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ប្រជា​សហគមន៍​ឃុំ​ព្រះ​មេ នាំមក​តវ៉ា​ដោយសារតែ​ខាង​មន្ទីរ​បានចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅ​ឲ្យ​អាជ្ញាធរ ស្រុក និង​អ្នកមានអំណាច​មួយចំនួន​នៅក្នុង​តំបន់​របស់គាត់ ធ្វើ​ឲ្យ​ដី​របស់​ពួកគាត់​ជាន់​ជាមួយ​ដី​ដែលមាន​ប្លង់​ស្រាប់ ។​​ប្រធាន​មន្ទីរ​ខេត្តព្រះវិហារ លោក គង់ សោភ័ណ មានប្រសាសន៍ប្រាប់ VOD យ៉ាងខ្លី ដោយ​បដិសេធថា​មិនមាន​ក្រុម​ប្រជាពលរដ្ឋ​ពី​ឃុំ​ខាងលើ​មក​តវ៉ា​នៅមុខ មន្ទីរ​ទេ ។ លោក​ថា មានតែ​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ​មកសុំ​មើល​លេខ​ក្បាលដី ហើយ​លោក​មិនបាន​អនុញ្ញាត​ឲ្យ​មើល​នោះទេ ដោយ​តម្រូវ​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ជាមុនសិន ។​ដកស្រង់ចេញពី វិទ្យុសម្លេង​ប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។