• សង្គមស៊ីវិលរិះគន់តុលាការខេត្តក្រចេះដោះលែងជនជាប់ចោទសម្លាប់អ្នកកាសែត

    • Issue Date 07-Dec-2014

    សង្គមស៊ីវិល បារម្ភពីសុវត្ថិភាពអ្នកសារព័ត៌មាន បន្ទាប់ពីតុលាការសម្រេចដោះលែងបុរសពីរនាក់ ដែលជាប់ចោទ ពីបទផ្សំ គំនិត សម្លា ប់អ្នកកាសែត លោកតាំង ទ្រីនៅខេត្តក្រចេះ។មន្ត្រីសង្គមស៊ីវិល បញ្ជាក់ថា ជនជាប់ចោទពីរនាក់ក្នុងចំណោមបីនាក់ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ តាំងពីល្ងាចថ្ងៃទី៣ ខែ ធ្នូ។ ក្រុមសង្គមស៊ីវិល សង្ស័យថា សំណុំរឿងនេះអាចមានបញ្ហាមិនប្រក្រតី ដ្បិតចៅក្រមនៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ។តុលាការខេត្តក្រចេះ កោះហៅសាក្សីចំនួន ៨នាក់ ឲ្យចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងបាញ់សម្លាប់ អ្នក កាសែត លោក តាំង ទ្រី នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខ។អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ កញ្ញា ហុង ជាវគុណ មានប្រសាសន៍ថា សាក្សីក្នុង សំណុំរឿងសម្លាប់អ្នកកាសែតនេះ មិនទាន់បានបំភ្លឺនៅមុខចៅក្រមស៊ើបសួរផង តុលាការខេត្តក្រចេះ បានសម្រេចដោះ លែងជនជាប់ ចោទពីរនាក់ក្នុងចំណោមបីនាក់ ឲ្យនៅក្រៅឃុំបាត់ទៅហើយ។កញ្ញាបន្តថា សមាគមអាដហុក មិនទាន់ដឹងថាមូលហេតុអ្វី ទើប តុលា ការដោះលែងជនជាប់ចោទបែបនេះទេ ហើយករណី នេះជា ករណីដែលសង្គមស៊ីវិល ត្រូវតាមដាន និងសិក្សាបន្តទៀត។ កញ្ញាបញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែចូលរួមឃ្លាំមើលករណីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកកាសែតដែលស្លាប់ទៅ និងលើកស្ទួយសេរីភាពបញ្ចេញមតិនៅកម្ពុជា។អ្នកយកព័ត៌មានកាសែត វាល ឥន្ទ្រីយ៍ លោក តាំង ទ្រី ត្រូវឃាតកបាញ់សម្លាប់កាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ តុលា ក្នុងពេល លោកចុះទៅយកព័ត៌មានពីបទល្មើសព្រៃឈើ។ បន្ទាប់ពីកើតហេតុភ្លាម នគរបាលបានចាប់ខ្លួនជនសង្ស័យបីនាក់ ដែលពាក់ ព័ន្ធ នឹង សំណុំរឿងនេះ។ ក្នុងនោះមានឈ្មោះ ឡា ណារ៉ុន ជាអតីតទាហាន និងជាអ្នកបាញ់ ត្រូវចៅក្រមចោទប្រកាន់ពីបទមនុស្សឃាត ឈ្មោះ ខិម ភក្ដី ជាមន្ត្រីកងរាជអាវុធហត្ថ និងជាម្ចាស់កាំភ្លើង ត្រូវចៅក្រមចោទប្រកាន់ពីបទធ្វេសប្រហែស និងផ្សំគំនិតអំពើឃាតកម្ម ឈ្មោះ ពិន ហ៊ាង ជាប៉ូលិស និងជាម្ចាស់រថយន្តដែលពួកគេជិះទៅបាញ់សម្លាប់ លោក តាំង ទ្រី ត្រូវចៅ ក្រមចោទប្រកាន់ ពីបទប្រើប្រាស់ អាវុធ ខុសច្បាប់ និងមិនប្ដឹងរាយការណ៍បទល្មើស។ លុះដល់ល្ងាចថ្ងៃទី៣ ខែធ្នូ ចៅក្រមបានសម្រេចដោះលែងជនជាប់ចោទពីរនាក់មានឈ្មោះ ខិម ភក្តី និងឈ្មោះ ពិន ហ៊ាង ឲ្យនៅក្រៅពន្ធនាគារតែម្តង។ប្រធានសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ និងជានិពន្ធនាយកកាសែតវាលឥន្ទ្រីយ៍ លោក សុខ សុវណ្ណ មានប្រសាសន៍ថា សុវត្ថិភាពអ្នកកាសែតនៅខេត្តភាគឦសានស្ថិតនៅក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ខណៈដែលឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ តែង គំរាមកំហែងដល់អ្នកកាសែតគ្រប់រូបភាព។លោកបន្តថា វិញ្ញាណក្ខន្ធសហការីរបស់លោក គឺលោក តាំង ទ្រី ច្បាស់ជាស្លាប់ទៅបិទភ្នែកមិនជិតឡើយ នៅពេលដែលដឹងថា ជន ជាប់ចោទអាចនៅក្រៅឃុំបានទាំងមិនទាន់បើកសវនាការនោះ។លោក តាំង ទ្រី ធ្លាប់ត្រូវបានឈ្មួញ ឈើប្ដឹងដាក់គុក ម្តងកាលពី ឆ្នាំ២០១២ ក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ នៅពេលចេញ ពីគុក វិញបានជិត ១ឆ្នាំ លោកត្រូវបានឃាតកបាញ់សម្លាប់ពេលចុះទៅយកព័ត៌មានពីបទល្មើសព្រៃឈើទៀត។ តាំងពីឆ្នាំ១៩៩៣ មក ដល់បច្ចុប្បន្ននេះ មានអ្នកកាសែតចំនួន ១៣នាក់ហើយ ដែលត្រូវបានសម្លាប់ តែឃាតក នៅ ក្រៅ សំណាញ់ច្បាប់នៅឡើយ។វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមដែលទទួលខុសត្រូវក្នុងសំណុំរឿងនេះ លោក កាន់ មារឌី បានទេ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ផ្សាយនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៤។