• តុលា​ការកោះហៅ​ព្រះសង្ឃ​ចូល​បំភ្លឺ ដោយ​មិនទាន់បាន​ផ្សឹក

    • Issue Date 17-Dec-2014

    ​ព្រះសង្ឃ​មួយអង្គ​ដែល​ចូលរួម​យ៉ាងសកម្ម​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូល បំភ្លឺ​ដោយ​មិនបាន​ផ្សឹក​ជាមុន ខណៈដែល​អ្នកជំនាញ​ផ្នែក​ពុទ្ធសាសនា​ចាត់ទុកថា នេះ​ជាការ​រំលោភ​លើ​ច្បាប់​សាសនា ។​​ព្រះ​តេជគុណ កែវ សុ​ម៉ាលី គង់នៅ​កុដិ​លេខ​៦ វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ ប្រាប់ VOD ថា​ព្រះអង្គ​នឹង​ចូល​បំភ្លឺ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ បើទោះជា​ព្រះអង្គ​យល់ថា ការកោះហៅ​នេះ​វា​ខុសច្បាប់​ព្រះពុទ្ធសាសនា​ក៏ដោយ ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​សម្រាប់​អាត្មា​យល់ឃើញថា វា​ជា​រឿង​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ សម្រាប់​តុលាការ​ខ្មែរ​យើង​ដែលជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​កោះហៅ​ព្រះសង្ឃ​ចូល​សវនាការ ដើម្បី​បកស្រាយ​បំភ្លឺ ព្រោះថា ទាក់ទង​នឹង​ស្ថាប័ន​របស់​រដ្ឋ​យើង យើង​ឃើញ​មាន​ស្ថាប័ន​សាសនា ព្រះមហាក្សត្រ និង​ស្ថាប័នរដ្ឋ ។ស្ថាប័ន​សាសនា វា​មាន​នីតិវិធី​របស់​សាសនា យើង​ធ្វើ ហើយ​បាន​ចាត់​ចូល​វិធានការ​រដ្ឋ ហើយ​ប្រសិន​តុលាការ​ខ្មែរ កោះហៅ​ព្រះសង្ឃ​ឲ្យ​ចូល​បំភ្លឺ​តុលាការ អ៊ីចឹង​វា​ខុសច្បាប់​ព្រះពុទ្ធសាសនា​បាត់​ហើយ​» ។​ព្រះ​តេជគុណ កែវ សុ​ម៉ាលី យល់ថា​ការកោះហៅ​នេះ​គ្រាន់តែ​ជាការ​ដាក់​គំនាប​ឲ្យ​កុំ​ឲ្យ​ព្រះអង្គ​ចូលរួម សកម្មភាព​តវ៉ា​នានា​ប៉ុណ្ណោះ តែ​ព្រះអង្គ​បញ្ជាក់ថា​មិនអាច​បំបាក់ស្មារតី​ព្រះអង្គ​បានឡើយ ។​​ព្រះគ្រូ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ តេជគុណ វង់ សុ​ភ័ស ធ្លាប់មាន​សង្ឃដីកា​ថា តាម​ព្រះពុទ្ធសាសនា ព្រះសង្ឃ​មិនត្រូវ​បាន​តុលាការ​កោះហៅ​ទេ ដោយសារ​ព្រះសង្ឃ​ជា​ភេទ​មួយ​ដែលមាន​អភ័យឯកសិទ្ធិ និង​ប្រជាពលរដ្ឋ​នាំគ្នា​គោរព ។ ព្រះ​តេជគុណ​យល់ថា​ការកោះហៅ​នេះ អាច​ប៉ះពាល់​ដល​តម្លៃ​ព្រះពុទ្ធសាសនា​ដែល​កម្ពុជា​យក​ព្រះពុទ្ធសាសនា​ជា សាសនា​របស់​រដ្ឋ ។ព្រះអង្គ​បន្តថា «​តាម​យោបល់​អាត្មា ឧបមា​ថា ប្រសិនបើ​បុគ្គល​ហ្នឹង​គាត់​ធ្វើ​ខុស​មែន នេះ​អាត្មា​ឧទាហរណ៍ បើ​ធ្វើ​ខុស​មែន​ក៏​គួរតែ​បញ្ជូន​ខ្លួន​បុគ្គល​នោះមក​ខាង​មន្ត្រី​សង្ឃ ខាង​វិន័យ​ធម៌ ខាង​ព្រះ​សង្ឃនាយក ឬក៏​ខាង​ធម្មការ​ហ្នឹង​ឲ្យ​លោក​ជំនុំជម្រះ​កាត់សេចក្តី​សិន មិនត្រូវ​ខាង​តុលាការ ខាង​ផ្លូវរដ្ឋ​ហ្នឹង​យក​ខ្លួន​លោក​ទាំង​ភេទ​ព្រះសង្ឃ​អ៊ីចឹង យកទៅដាក់​ទោស​ទេ​» ។​VOD មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​នៅឡើយ​ទេ ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​នេះ លោក សេង សុ​មុន្នី ប្រាប់ថា​ជាប់រវល់ ។​​សាលាដំបូង​ក៏​ធ្លាប់​កោះហៅ​តេជគុណ លួ​ន សុ​វ៉ាត ដែលជា​ម្ចាស់​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅ​ចូល​បំភ្លឺ ក្នុង​ភេទ​ជា​សង្ឃ​ដែរ ប៉ុន្តែ​បាន​បង្គាប់​ឲ្យ​ព្រះអង្គ​រង់ចាំ​ទទួល​បទ​ចោទ​ថ្មី​វិញ ដោយសារ​ខុស​បច្ចេកទេស​ព្រោះតែ​មិនបាន​បំបែកសំណុំរឿង ។​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ព្រះ​តេជគុណ កែវ សុ​ម៉ាលី ចូល​បំ​ឆ្លើយ​ភ្លឺ​ពីបទ​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​ទៅលើ​ព្រះសង្ឃ ឡុង ឆេង​ហ៊ី ប៉ុន្តែ​ព្រះសង្ឃ​កែវ សុ​ម៉ាលី អះអាងថា​ការចោទប្រកាន់​នេះ​គ្រាន់តែ​ជា​លេស​មួយ ដើម្បី​ឲ្យ​ព្រះអង្គ​បញ្ឈប់​សកម្មភាព​ចូលរួម​តវ៉ា​ជាមួយ​សកម្មជន​ដីធ្លី ដើម្បី​រក​យុត្តិធម៌ ៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។