-
អ្នកភូមិបឹងប្រាំបាត់ដំបងព្រមានឡើងតវ៉ាដល់ផ្ទះនាយករដ្ឋមន្ត្រី
- Issue Date 26-Dec-2014
អ្នកមានជម្លោះដីធ្លីជិត១០០នាក់ នៅស្រុកបវេល ខេត្ដបាត់ដំបង ប្រមូលផ្ដុំគ្នានៅក្នុងភូមិធ្វើពិធីបួងសួងបែបព្រះពុទ្ធសាសនា ដើម្បីបន់ស្រន់បារមីវត្ថុស័ក្ដិសិទ្ធិ ជួយបន្ទន់ចិត្ដរដ្ឋាភិបាល និងមន្ដ្រីពាក់ព័ន្ធឲ្យជួយដោះស្រាយជម្លោះដីធ្លីពួកគេឲ្យបានឆាប់ ។តំណាងពលរដ្ឋនៅឃុំបឹងប្រាំ ស្រុកបវេល លោក ឆាន់ មុន្នី ប្រាប់ VOD ថា ដីធ្លីពលរដ្ឋជាង១០០០ហិកតា ដែលអ្នកភូមិអាស្រ័យផលក្រោយសម័យធ្វើសមាហរណកម្ម ត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នា លួចលក់ឲ្យក្រុមឈ្មួញជាបន្ដបន្ទាប់ ហើយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ។លោកបន្ដថា កាលពីចុងខែវិច្ឆិកាកន្លងមកថ្មីនេះ លោក ឈាង វុន តំណាងរាស្ដ្រគណបក្សប្រជាជនបានបញ្ជាឲ្យអភិបាលខេត្ដធ្វើប័ណ្ណកម្ម សិទ្ធិឲ្យពលរដ្ឋ ប៉ុន្ដែមិនមានដំណោះស្រាយ ដូច្នេះទើបពួកគាត់ធ្វើពិធីបួងសួង ដើម្បីឲ្យបារមីវត្ថុស័ក្ដិសិទ្ធិ ជួយបន្ទន់ចិត្ដមន្ដ្រីពាក់ព័ន្ធជួយដោះស្រាយជម្លោះដីធ្លីពួកគេ ឲ្យបានឆាប់ ។លោក ឆាន់ មុន្នី ព្រមានថាបើសិនអាជ្ញាធរខេត្ដនៅតែមិនដោះស្រាយទៀតនោះ ពួកគេនឹងឡើងទៅតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ដ្រី ។តំណាងប្រជាពលរដ្ឋមួយរូបទៀត អ្នកស្រី នួន នឿន ឲ្យដឹងថាពិធីបន់ស្រន់នេះ ក៏មានចេតនាឲ្យពលរដ្ឋបង្ហាញពីទុក្ខលំបាកករណីបាត់បង់ដីធ្លីនេះ ផងដែរ ។ អ្នកស្រីសង្ឃឹមថា បន្ទាប់ពីពិធីបន់ស្រន់បានបញ្ចប់ អាជ្ញាធរនឹងបានយល់ និងអាចជួយដោះស្រាយជូនពួកគេ ។ អ្នកស្រីថា ពលរដ្ឋចង់ឲ្យអាជ្ញាធរចុះដោះស្រាយជម្លោះដ៏រ៉ាំរៃឲ្យបានឆាប់ តាមបញ្ជាតំណាងរាស្ដ្របក្សកាន់អំណាចលោក ឈាង វុន ។ករណីនេះ VOD មិនអាចទាក់ទងមេឃុំ បឹងប្រាំ លោក ឈា នី បានទេ ដោយលោកប្រាប់ថា ជាប់រវល់ ។អភិបាលខេត្ដបាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍ថាលោកបានចុះដោះស្រាយជាច្រើនលើកមកហើយ តាំងពីមុនពេលលោក ឈាង វុន បញ្ជាទៅទៀត ។ លោកបន្ថែមថាអាជ្ញាធរនឹងប្រឹងប្រែងចុះអនុវត្ដបន្ដទៀត បន្ទាប់ពីបញ្ចប់ការប្រមូលផល ។អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គកាលីកាដូ ប្រចាំខេត្ដបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការធ្វើពិធីបន់ស្រន់នេះ ជាជម្រើសមួយដែលល្អសម្រាប់អ្នកមានជម្លោះដីធ្លី ដែលអាចកាត់បន្ថយអំពើហឹង្សាផ្សេងៗ ហើយអាចជំរុញឲ្យអាជ្ញាធរយកចិត្ដទុកដាក់ដោះស្រាយផងដែរ ។ប៉ុន្មានខែកន្លងទៅថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បានស្បថនៅចំពោះមុខអ្នកតវ៉ា ដែលឡើងមកស្នាក់នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វាថា បើលោកដោះស្រាយបញ្ហាដីធ្លីនៅបឹងប្រាំមិនបានទេ ឲ្យលោកធ្លាក់នរកចុះ ។ ប៉ុន្តែតាំងពីពេលលោកបានសន្យាស្បថស្បែរនោះមក ជម្លោះដីធ្លីនៅបឹងប្រាំ នៅតែមិនទាន់បានដោះស្រាយនៅឡើយ ហើយប្រជាពលរដ្ឋនៅតែបន្តអំពាវនាវបន់ស្រន់រកដំណោះស្រាយដដែល ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។