• ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១០០​គ្រួសារ​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​ថ្មកំបោរ​លើដី​អ្នកភូមិ​

    • Issue Date 30-Dec-2014

    ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ​ជាង ១០០​គ្រួសារ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​សាលាខេត្ត​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត បញ្ឈប់​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី​.​ហ្វា​យ​.​អិ​ល (C.Y.L) ចេញពី​ដី​របស់​អ្នកភូមិ​នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ​។ អ្នកភូមិ​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​បាន​បោះបង្គោល​លើដី​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ហិកតារ ដោយ​ពុំមាន​ការអនុញ្ញាត​នោះទេ​។​​បន្ទាប់ពី​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង​មក មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ៦​នាក់ ចូលជួប​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​ខាងក្នុង​សាលាខេត្ត​។ ប៉ុន្តែ​ការចរចា​នោះ​ពុំ​ទទួលបាន​លទ្ធផល​នៅឡើយ​ទេ​។​​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អ្នកស្រី ណែម ឈុន រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃទី​២៩ ធ្នូ ថា ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ឈ្មោះ ស៊ី​.​ហ្វា​យ​.​អិ​ល បោះបង្គោល​លើ​ផ្ទៃដី​ប្រមាណ ៥០​ហិកតារ របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ចំណុច​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ អ្នកស្រី​បន្តថា ក្រុមហ៊ុន​នេះ​បោះបង្គោល​វាតទី​លើដី​របស់​អ្នកភូមិ​ក្នុង​បំណង​យក​ដី នៅ​តំបន់​ផលិត​ថ្មកំបោរ ធ្វើឡើង​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ប្រជាពលរដ្ឋ​នោះទេ​៖ «​ដល់ពេល បោះបង្គោល​មិន​ប្រាប់​ប្រជាពលរដ្ឋ​អ៊ីចឹង ក៏​នាំគ្នា​ទៅ​សួរ​មេភូមិ​គាត់​ថា យក​ដី​ហ្នឹង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធ្វើ​ថ្មកំបោរ តែ​ពួក​ខ្ញុំ​មិន​ព្រម​ឲ្យ​ធ្វើ​ទេ ព្រោះ​អី​ដី​នោះ​ជា​ដី​កសិកម្ម​ដែលជា​ឆ្នាំងបាយ​របស់​អ្នកភូមិ​។​ដូច្នេះ ហើយ​បានជា​ពួកយើងខ្ញុំ​នាំគ្នា​មក​តវ៉ា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចេញ​»​។​​វិទ្យុ​អាស៊ីសេរី ពុំ​អាចទាក់ទង​មន្ត្រី​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី​.​ហ្វា​យ​.​អិ​ល ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ធ្នូ​។ ប៉ុន្តែ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ លោក សុ​ត វ​ឌ្ឍ​នា មានប្រសាសន៍​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី​.​ហ្វា​យ​.​អិ​ល មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​និង​ថាមពល ធ្វើ​អាជីវកម្ម​ថ្មកំបោរ​ដោយ​ស្របច្បាប់​។ លោក​បន្តថា ក្រុមហ៊ុន​ពុំបាន​ទៅ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នោះទេ គឺ​គ្រាន់តែ​ទៅ​បោះបង្គោល​នៅលើ​ដី​នោះ​មួយរយៈ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ហើយ​ប្រសិន​ប៉ះពាល់​ដី​របស់​អ្នកភូមិ​ក្រុមហ៊ុន​នឹង​ពិភាក្សា​ជាមួយ ពួកគាត់​ពេល​ក្រោយ​៖ «​បើសិនជា​ការសិក្សា​ទៅ​ប៉ះ​ទៅលើ​ដី​កម្មសិទ្ធិ របស់​ប្រជាពលរដ្ឋ​ណា នោះ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​អាជីវកម្ម​កន្លែង​ហ្នឹង ហើយ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នោះ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ដែល​រុករក​ហើយ​តែ​ពុំមាន​ថ្មកំបោរ​ទេ គឺ​រក្សាទុក​ដី​នោះ​នៅ​ដដែល​»​។​​ទោះ​យ៉ាងនេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិនគួរ​អនុញ្ញាត​ឲ្យ​ក្រុម​ធ្វើ​អាជីវកម្ម​រុករក ថ្មកំបោរ​នៅ​តំបន់​ក្រុង​សិរីសោភ័ណ នោះទេ ពីព្រោះថា ការរុករក​នេះ​គឺ​ពុំបាន​ផ្ដល់​ផលចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​៖ «​សូម កុំ​ឲ្យ​ទឹកភ្នែក​ប្រជាពលរដ្ឋ​មាន​បន្តទៀត ទី​២ សូម​អំពាវនាវ​ឲ្យ​អ្នកមាន​លុយ​មានអំណាច​ទាំងអស់​សូម​បញ្ចប់​នៅ​ទង្វើ​ការ ស្រមើស្រមៃ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទឹកភ្នែក​នោះ សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ហ្នឹង​ទៀត​តទៅ ព្រោះថា កន្លងមក​សង្កេតឃើញ​ការវិនិយោគទុន​ផ្សេងៗ ច្រើនតែ​ក្រុមហ៊ុន​រំលោភ​លើដី​របស់​ប្រជាពលរដ្ឋ​ជានិច្ច​»​។​​តំណាង​ប្រជាពលរដ្ឋ បន្ទាប់ពី​ចូលជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ ដោយ​សមត្ថកិច្ច​ខេត្ត​សម្រួល​ឲ្យ​អ្នក​តវ៉ា​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​សន្យាថា នឹង​តាមដាន​លើ​ការងារ​នេះ​។ ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ប្រសិនបើ​អាជ្ញាធរ​មិន​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​លើដី​របស់ អ្នកភូមិ​ទេ ពួកគេ​នឹង​នាំគ្នា​មក​តវ៉ា​ជាថ្មីទៀត​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ។