• អ្នកភូមិ​នៅ​ព្រះវិហារ​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​ចិន​រឿង​ទំនាស់​ដី​

    • Issue Date 31-Dec-2014

    ជនជាតិភាគតិច​កួយ ៣​ភូមិ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ផ្ដើម​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេ​ង រយៈពេល ៣​ថ្ងៃ​មកហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​យក​គ្រឿងចក្រ​ទៅ​ឈូស​ពង្រីក​ផ្ទៃដី​សម្បទាន សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់​ដល់​ដីស្រែ​ចំការ​។​​តាំងតែ​ពី​ល្ងាច​ថ្ងៃទី​២៩ រហូតមកដល់​ម៉ោងជាង ៣​រសៀល ថ្ងៃទី​៣០ ខែធ្នូ ក្រុម​ជនជាតិភាគតិច​បាន​លើកគ្នា​ហ៊ុមព័ទ្ធ​ចាប់​មនុស្ស ២​នាក់ ព្រមទាំង​គ្រឿងចក្រ ២​គ្រឿង ដែល​ចូលទៅ​ឈូសឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន​នោះ​។​​ក្រុម​ជនជាតិភាគតិច​កួយ​ជាង ២៥០​នាក់ មកពី​សហគមន៍​ស្រែ​ព្រាង សហគមន៍​ប្រមេរ និង​បុស​ធំ បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​យ៉ាង​តឹងតែង​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេ​ង ជាមួយ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ មន្ត្រី​មន្ទីរ​កសិកម្ម និង​ប៉ូលិស​ខ្លះ កាលពី​វេលា​ម៉ោងជាង ៣​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែធ្នូ​។​​ការប៉ះទង្គិច​ពាក្យសម្ដី​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកភូមិ​ប្រមូល​ផ្ដុំគ្នា​ប្រឆាំងនឹង ក្រុមហ៊ុន​ចិន មិនឱ្យ​យក​គ្រឿងចក្រ​ឈូសឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ចំណុច អូរ​ស្ប៉​ង ហើយ​ព្រួត​គ្នា​ចាប់ខ្លួន​អ្នកបើកបរ ២​នាក់ ព្រមទាំង​គ្រឿងចក្រ​ចំនួន ២​គ្រឿង​ផង ក៏ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​នាំគ្នា​ទៅ​ស្ទាក់​រារាំង​នៅ​កណ្ដាល​ព្រៃ ដោយ​មិន​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​​ស្ត្រី​សមាជិក​ជនជាតិភាគតិច​ម្នាក់ នៅ​ភូមិ​ប្រមេរ ក្នុងចំណោម​សមាជិក​ជាង ២៥០​នាក់​ផ្សេងទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មានប្រសាសន៍​កាលពីរ​សៀ​ល​ថ្ងៃ​អង្គារ ទី​៣០ ខែធ្នូ ថា ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេ​ង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ដីស្រែ​ចម្ការ​ពួកគាត់​រយៈពេល ៣​ថ្ងៃ​មកហើយ​។ ពួកគាត់​និង​អ្នកភូមិ​ជាង ២៥០​នាក់ បាន​លើកគ្នា​ទៅ​ដេកចាំ​ការពារ​ដីស្រែ​ចម្ការ​នៅក្នុង​ព្រៃ ព្រមទាំង​សុំឱ្យ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ និង​ខេត្តព្រះវិហារ ជួយ​ដោះស្រាយ​និង​បញ្ឈប់​កុំឱ្យ​ឈូសឆាយ​តទៅទៀត​។​​ស្ត្រី​ដដែល​បញ្ជាក់ថា នៅពេលដែល​អ្នកភូមិ​លើកគ្នា​ជំទាស់​ជាមួយ​ក្រុមហ៊ុន​ចិន គឺ​គេ​ឃើញ​អាជ្ញាធរ​ស្រុក មន្ត្រី​កសិកម្ម​ជាដើម មាន​វត្ត​មាននៅ​ទីនោះ ក៏ប៉ុន្តែ​មិន​ធ្វើការ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ផលប្រយោជន៍​ទេ​។ សមាជិក​សហគមន៍​ជនជាតិភាគតិច​ដដែល​បញ្ជាក់ទៀតថា ដោយសារតែ​មិនមាន​អាជ្ញាធរ​ណា​ចេញមុខ​ដោះស្រាយ គឺ​ពួកគេ​បង្ខំចិត្ត​ចាប់ខ្លួន​អ្នកបើកបរ ២​នាក់ និង​គ្រឿងចក្រ ២​គ្រឿង បញ្ជូនទៅឱ្យ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវ​៖ «​អ៊ីចឹង​ពួក​ខ្ញុំ​ទាំងអស់គ្នា ហ្នឹង​យក​គ្រឿងចក្រ​មក​ភូមិ មក​រង់ចាំ​ចៅហ្វាយខេត្ត ឬក៏​មន្ត្រី​រដ្ឋាភិបាល​មក​ដោះស្រាយ​ឱ្យ ប៉ុន្តែ​តាំងពី​យប់មិញ​រហូតមក​ដល់​ម៉ោងជាង ១២ ថ្ងៃទី​៣០ (​ធ្នូ​) អត់​ឃើញ​មាន​អ្នកណា​មក​ដោះស្រាយ​ផង​»​។​​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ បានចាត់ទុក​សកម្មភាព​សហគមន៍​ជនជាតិភាគតិច​កួយ ដែល​ចាប់ខ្លួន​មនុស្ស ២​នាក់ និង​គ្រឿងចក្រ ២​គ្រឿង នោះ​ថា គឺជា​អំពើ​ខុសច្បាប់​។​​អភិបាលស្រុក​ត្បែងមានជ័យ លោក អ៊ុង វុ​ឌ្ឍី មានប្រសាសន៍ថា អាជ្ញាធរ​បាន​រូតរះ​ចុះទៅ​ជួប​អ្នកភូមិ​ដល់​កន្លែងកើតហេតុ​តាំងពី​យប់ ថ្ងៃទី​២៩ ខែធ្នូ មកម្ល៉េះ ព្រមទាំង​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន មិនឱ្យ​ឈូសឆាយ​ពង្រីក​ដី​សម្បទាន​ទៀត​ទេ ប៉ុន្តែ​អ្នកភូមិ​នៅតែ​មិន​ទទួលយក​ការដោះស្រាយ​របស់​អាជ្ញាធ​រ​។​​លោក អ៊ុង វុ​ឌ្ឍី បញ្ជាក់ថា ក្នុងពេលដែល​រូបលោក និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​ចុះ​ដោះស្រាយ​នោះ ពិនិត្យឃើញថា ក្រុមហ៊ុន​ចិន មិនបាន​ឈូសឆាយដី​ធ្វើឱ្យប៉ះពាល់​ធំដុំ​ដល់​ប្រជាពលរដ្ឋ​ទេ ហើយ​បើ​ប៉ះពាល់​ក៏​អាជ្ញាធរ​ដោះស្រាយ​ទុក​ជូន​គាត់​វិញ តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែរ ក៏ប៉ុន្តែ​អ្នកភូមិ​នៅតែ​ជំទាស់ ធ្វើឱ្យ​អាជ្ញាធរ​គ្មាន​លទ្ធភាព​សម្របសម្រួល​៖ «​ប៉ុន្តែ​ជំហរ​របស់គាត់ គឺ​ចង់​ដេញ​ក្រុមហ៊ុន​ចេញ​តែម្ដង អាហ្នឹង​យើង​មិនអាច​ទទួលយកបាន ហើយ​យើង​ក៏​មិនមាន​ធ្វើឱ្យប៉ះពាល់​ធំដុំ​ទេ គាត់​ស្រែកជេរ ចង្អុលមុខ​អាជ្ញាធរ​យ៉ាងម៉េច​ក៏ដោយ ក៏​យើង​មិនដែល​មានការ​តបត​ទេ​»​។​​រយៈពេល ២​ឆ្នាំ​មកហើយ ក្រុម​សហគមន៍​ជនជាតិភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កើតមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ចំនួន ២ គឺ​ឡាន​ហ្វេ​ង និង រួយ​ហ្វេ​ង ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ​លើ​ការដោះស្រាយ​រឿងនេះ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះ រវាង​ជនជាតិភាគតិច​ជាមួយ​ក្រុមហ៊ុន​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​ថា​ប្រសិនបើ​អាជ្ញាធរ​លែងដៃ​ចោល​ទុកឱ្យ​អ្នកភូមិ និង​ក្រុមហ៊ុន​ចិន ប្រឈមមុខ​ដាក់គ្នា​ដូច្នេះ វា​អាច​នឹង​កើតមាន​អំពើហិង្សា​ពេលណា​មួយ​។​​លោក ឡោ ចាន់ បាន​ហៅ​ការព្រងើយកន្តើយ​របស់​អាជ្ញាធរ​ក្នុង​រឿង​មិន​ដោះស្រាយ​ទំនាស់ ដីធ្លី​ជនជាតិភាគតិច​នោះ ថា​គឺជា​អំពើ​រើសអើង​ទៅលើ​សិទ្ធិ​និង​សេរីភាព​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ។