• ជនជាតិដើម​ភាគតិច​ព្នង​នៅ​មណ្ឌលគិរី​ប្រើ​ហិង្សា​ចាប់​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន

    • Issue Date 02-Jan-2015

    ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ព្នង​នៅ​ភូមិ​ចក់​ចារ ឈានដល់​អំពើហិង្សា​ហើយ​។ ប្រជាពលរដ្ឋ​ជាង ៧០​នាក់​បាន​បង្ខំ​រឹបអូស​គ្រឿងចក្រ​ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក​១ (Binh Phouek) ទុកជា​ចំណាប់ខ្មាំង​ខណៈ​ក្រុមហ៊ុន​នៅតែ​បន្ត​ឈូសឆាយ​ព្រៃ​។​​មិនមាន​នរណា​ក​ម្នាក់​រងរបួស ឬ​គ្រោះថ្នាក់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ភូមិ ចក់​ចារ និង​សមត្ថកិច្ច​ប៉ូលិស​ប្រដាប់អាវុធ​មាន​គ្នា ៤​នាក់ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក ១ នៅ​ថ្ងៃទី​១ ខែមករា​។​​អ្នក​តវ៉ា​ឲ្យ​ដឹងថា គ្រឿងចក្រ​ឈូស​ដី​មួយគ្រឿង និង​រថយន្ត​មួយគ្រឿង ត្រូវបាន​អ្នកភូមិ​រឹបអូស​ជា​ចំណាប់ខ្មាំង បើទោះបី​ក្រុមប៉ូលិស​ព្យាយាម​តបត​ជាមួយ​អ្នក​តវ៉ា​ការពារ​មិន​ឲ្យ​អ្នក ភូមិ​ដណ្ដើម​គ្រឿងចក្រ​យ៉ាងណាក្តី​។​​អ្នក​តវ៉ា​មួយរូប​ឈ្មោះ ប្រប់ ជីប រៀបរាប់ថា អ្នកភូមិ​អស់​ការអត់ធ្មត់​ដោយសារតែ​ក្រុមហ៊ុន​នៅតែ​បញ្ជា​គ្រឿងចក្រ ឈូសឆាយ​ព្រៃ​យក​ដី​ដែល​ពលរដ្ឋ​តវ៉ា​។លោក​កត់សំគាល់ថា សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ព្យាយាម​តបត​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​មិនមាន​ការប៉ះទង្គិច​គ្នា​អ្វី​ធំដុំ​ឡើយ​៖ «​ពួក​ខ្ញុំ​ឃាត់​គ្រឿងចក្រ​រួចហើយ​បាន​សមត្ថកិច្ច​មកដល់​។ សមត្ថកិច្ច​ទាត់​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ​គេច​ទាន់​»​។​​សេចក្ដីរាយការណ៍​រប​ស់​អ្នក​តវ៉ា​ឲ្យ​ដឹងថា រហូតមក​ទល់នឹង​ម៉ោង ១២​ថ្ងៃត្រង់ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ចំនួន ៤​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា លោក សាក់ សារា​ក់ បាន​ចុះទៅ​សម្របសម្រួល​ឲ្យ​ក្រុមអ្នកតវ៉ា​ប្រគល់​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន វិញ ប៉ុន្តែ​អ្នក​តវ៉ា​បាន​យល់ព្រម​ប្រគល់​រថយន្ត ចំណែក​គ្រឿងចក្រ​ពួក​អ្នក​តវ៉ា​មិន​ប្រគល់​វិញ​ទេ​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក​១ សុំ​ការបញ្ជាក់​ជុំវិញ​ការ​រឹបអូស​គ្រឿងចក្រ​នេះ​បានទេ នៅ​ថ្ងៃទី​១ ខែមករា​។​​ក្រសួងកសិកម្ម​កាលពី​ឆ្នាំ​២០១០ បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៥​ពាន់​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក ១ នៅ​ស្រុក​កែវ​សីមា សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​។ បន្ទាប់មក​ក្រុមហ៊ុន​បាន​ឈូសឆាយ​បង្ក​ផលប៉ះពាល់​ដីស្រែ​ចម្ការ​វិលជុំ អ្នកភូមិ​ជាង ៣០០​ហិកតារ​ទើប​អ្នកភូមិ​ងើប​តវ៉ា​។​​ទាក់ទិន​ការប្រើ​អំពើហិង្សា​នេះ អភិបាលស្រុក​កែវ​សីមា លោក ស៊ិន វណ្ណ​វុ​ឌ្ឍ សំដែង​ការសោកស្ដាយ​ចំពោះ​ទង្វើ​ពលរដ្ឋ ដែល​លោក​អះអាងថា ជា​អំពើ​ខុសច្បាប់​។ លោក​ថ្លែងថា សមត្ថកិច្ច​អស់​លទ្ធភាព​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ហើយ ដូច្នេះ​ករណីនេះ​អាស្រ័យ​លើ​ភាគី​ក្រុមហ៊ុន​នឹងធ្វើ​ការសម្រេចចិត្ត​បែប ណា​៖ «​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គិត​អ៊ីចឹង​ទេ យើង​សម្របសម្រួល​អស់​លទ្ធភាព​ហើយ មានតែ​តុលាការ​ទេ​ដែលជា​អ្នក​កាត់​។ បានផ្តល់​ជាគោលការណ៍​ហើយ​ដោះស្រាយ​ទំនាស់​ជាមួយ​ពលរដ្ឋ​ហើយ​។ មួយចំនួន​តូច​ទេ​ដែល​គាត់​មិន​យល់ព្រម​»​។​​របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្តរតនគិរី ឲ្យ​ដឹងថា ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ប៊ិ​ញ ភឿ​ក ១ អាជ្ញាធរខេត្ត​និង​ស្រុក​បាន​ព្យាយាម​ដោះស្រាយ ៣​លើក​ក្នុង​នៅ​ខែធ្នូ និង​១​លើក​នៅ​ដើមខែ​មករា នេះ ក៏ប៉ុន្តែ​មិនបាន​លទ្ធផល​។​​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍​បញ្ជាក់ថា ដំណោះស្រាយ​របស់​អាជ្ញាធ​រ​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច​ព្នង​ដែល​រងគ្រោះ​បាត់បង់​ដីធ្លី​។ លោក​អំពាវនាវ​ឲ្យ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ឲ្យ​អនុវត្ត​ការណែនាំ​រូបមន្ត​ស្បែក​ខ្លា​របស់​រាជរដ្ឋាភិបាល ពោលគឺ​កាត់ចេញ​ដី​មាន​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​វិញ​៖ «​អ្វីដែល​គេ​ដោះស្រាយ​ឲ្យ​ហ្នឹង គឺ​គេ​ប្រគល់​ឲ្យ​គាត់ ៣៧៥​ហិកតារ ប៉ុន្តែ​សុទ្ធតែ​ដី​ក្រួស​ដី​ព្រិច​»​។​​រហូតមក​ទល់នឹងរ​សៀ​ល​ម៉ោង ៤​ថ្ងៃ​ដដែល ក្រុមអ្នកតវ៉ា​អះអាងថា នឹង​ប្រគល់​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​វិញ ប្រសិន​ក្រុមហ៊ុន​សន្យាថា បញ្ឈប់​ការឈូសឆាយដី​។អ្នក​តវ៉ា​សម្រេច​ដេក​យាម​គ្រឿងចក្រ​នៅ​កន្លែង​តវ៉ា​រួមជាមួយ​សមត្ថកិច្ច ប៉ូលិស​រហូត​មាន​ដំណោះស្រាយ​សមស្រប​។​​ព័ត៌មាន​ចុងក្រោយ​នៅ​ម៉ោង ៥​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល​នេះ ឲ្យ​ដឹងថា ពលរដ្ឋ ៤០​នាក់ ប្រមូលផ្តុំ​គ្នា​ដេកចាំ​គ្រឿងចក្រ​ដែល​រឹបអូស​ក្នុងនោះ មាន​ប៉ូលិស​មូលដ្ឋាន​ពីរ​នាក់​នៅ​ការពារ​នៅ​តំបន់​នោះដែរ​។ ចំណែក​ក្រុមហ៊ុន និង​អាជ្ញាធរ​មិនឃើញ​ចុះមក​ដោះស្រាយ​អ្វី​ឡើយ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ។