• អ្នកភូមិ​បឹង​ឈូក​៤​នាក់​ត្រូវ​តុលា​ការហៅ​មក​សាកសួរ​ជា​លើក​ទី​៣

    • Issue Date 06-Jan-2015

    អ្នកភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​មក​សាកសួរ​ជុំវិញ​បទ​ចោទថា ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនទ្រព្យ​ដោយ​សុចរិត​ជា​លើក​ទី​៣​។ មន្ត្រី​សិទ្ធិមនុស្ស​ថា ករណីនេះ​ចម្លែក​។​​សវនាការ​សាកសួរ​អ្នកភូមិ​បឹង​ឈូក ៤​នាក់ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក ចាប់តាំងពី​ម៉ោង ៨ រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៥ មករា​។​​អ្នកភូមិ​បឹង​ឈូក មួយរូប ដែល​ចូលរួម​សវនាការ​សួរដេញដោល​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ គឺ​លោក កុល សោភា ថ្លែងថា អស់​រយៈពេល​មួយ​ព្រឹក ក្រុម​ចៅក្រម​មិនទាន់​សម្រេចសេចក្ដី​ថា​យ៉ាងណា​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ពួកលោក​នៅតែ​ជា​ជនជាប់ចោទ​ដដែល​។​​លោក​មាន​មន្ទិល​ខ្លាំង​ក្នុងករណីនេះ ព្រោះ​ខាង​លោក​មិនដែល​ជួប​ភាគី​ម្ខាង​ទៀត​សោះ​៖ «​ខ្ញុំ​នៅតែ​ឆ្ងល់ ព្រោះ​អី​ខ្ញុំ​ឡើង​សវនាការ​បី​ដង​ហើយ អត់​ដែល​ឃើញ​ម្ចាស់​ដើមបណ្ដឹង​ម្ចាស់​ដី​នោះ​យ៉ាងម៉េច​ទាល់តែសោះ​។ យើង​មក​តែ​ភាគី​ម្ខាង ហើយ​ការចោទប្រកាន់​គឺ​ដដែលៗ​។ ខ្ញុំ​យល់ថា ម្ចាស់​ដី​ហ្នឹង​ហាក់ដូចជា​សិប្ប​និមិត្ត​។ អ៊ីចឹង​បានន័យថា គាត់​ក្លែងក្លាយ គាត់​មិនមាន​កម្មសិទ្ធិ​ជា​ម្ចាស់​ដី​ហ្នឹង​ផ្ទាល់ ព្រោះ​អី​បើសិនជា​គាត់​ម្ចាស់​ដី​ហ្នឹង​ផ្ទាល់​មែន ខ្ញុំ​គិតថា នរណា​ក៏​ដូច​នរណា​ដែរ បើ​ខ្លួនឯង​ជា​ម្ចាស់​កម្មសិទ្ធិ​ហ្នឹង​ច្បាស់​ជា​នឹង​ចេញមុខ​ហើយ ព្រោះ​អី ៣​ដង​ហើយ គាត់​អត់​ចេញមុខ​។ នៅ​ពី​ក្រោយខ្នង​គេ​មាន​លុយ​មានអំណាច​ចង់បាន​កន្លែង​ហ្នឹង គេ​ធ្វើ​ដោយ​រំលោភ​លើ​យើង​ជា​អ្នកក្រីក្រ ដែល​អសមត្ថភាព​មិន​អាច​តតាំង​ជាមួយ​គេ​បាន​»​។​​លោក​ឱ្យដឹងថា ពួកលោក​ជាប់ចោទ​ក្នុង​អំពើហិង្សា​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១២ មក​។ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ម្ដងទៀត ដោយ​មិនបាន​បញ្ជាក់​ពេលវេលា​ពិតប្រាកដ​នៅឡើយ​ទេ​។​​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ដែល​តាមដាន​សវនាកា​រ​នេះ គឺ​លោក អំ សំអាត មានប្រសាសន៍ថា ការលើក​ពេល​សម្រេចសេចក្ដី​នេះ​ក៏​ជាការ​ប្រសើរ ព្រោះ​ករណី​ចោទប្រកាន់​អ្នកភូមិ​បឹង​ឈូក នៅមាន​មន្ទិល​ច្រើន​៖ «​យើង មើល​ទៅលើ​លិខិត​ខាង​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​គេ​ថា​ដី​ហ្នឹង​ជា​ដីស្រែ ប៉ុន្តែ​វា​ខុស ព្រោះ​ដី​គាត់​នៅ​ហ្នឹង គឺ​ដី​បឹង​។ បឹង​សឹងតែ​លិច​ក្បាល​ទៅទៀត ហើយ​អ្នក​ផ្ទេរកម្មសិទ្ធិ​ទៅឱ្យ​លោក ឡៅ តុង​ងី សុទ្ធតែជា​ដីស្រែ​បង្កបង្កើនផល ហើយ​សួរថា ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ ៩៥ មក ក្នុង​បឹង​លើ​បឹង​បច្ចុប្បន្ន​ទៅដល់​ក៏​នៅ​ជា​បឹង​ដែរ​។ វា​មិនមែនជា​ដីស្រែ​ដូច​ការអះអាង​ទេ​។ អ៊ីចឹង​ដោយសារតែ​យើង​ឃើញ​ភាពមិនប្រក្រតី​ច្រើន ហើយ​សង្ស័យ​ច្រើន​ដូច្នេះហើយ បានជា​លោក​ព្រះរាជអាជ្ញា​សុំ​ទៅ​ចៅក្រម​ជំនុំជម្រះ​ពន្យារពេល​សវនាការ ដើម្បី​កោះហៅ​តំណាង​របស់​ម្ចាស់​ដី ម្ចាស់​ដី ឬ​អ្នកពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ ដែល​ចេញ​ឯកសារ​ទាំងអស់​ហ្នឹង​មក​សាកសួរ​បន្ថែមទៀត នៅក្នុង​សវនាការ​លើក​ក្រោយ​»​។​​លោក​ថ្លែងបន្តថា ការចោទប្រកាន់​អ្នកភូមិ​បឹង​ឈូក​ទាំងនេះ ក៏​មិន​ស៊ីសង្វាក់​គ្នា​ទៅនឹង​បញ្ហា​ពិត​ទេ​៖ «​ពីព្រោះ ការចោទប្រកាន់ និង​ការឆ្លើយបំភ្លឺ​របស់​តំណាង​សហគមន៍​ទាំង​បួន​នាក់​នេះ វា​អត់​ពាក់ព័ន្ធ​គ្នា​សោះ​។ ចោទប្រកាន់​គាត់​ពី​ការប្រើប្រាស់​អំពើហិង្សា គាត់​អត់​ដែល​ស្គាល់​ម្ចាស់​ដី​ហ្នឹង​ថា ជា​អ្នកណា​ផង ហើយក៏​មិនដែល​ឃើញ​ម្ចាស់​ដី​ហ្នឹង​ទៅ​តតាំង​ជាមួយ​គាត់​ផង​។ តើ​គាត់​ទៅប្រើ​ហិង្សា​ជាមួយ​អ្នកណា​? នេះ​ជាការ​ចោទប្រកាន់​មួយ​ផ្ទុយស្រឡះ​ពី​ការពិត​។ ការសាកសួរ​ទៅ គឺ​អត់​មានអី​ទាំងអស់​។ផ្ទុយទៅវិញ គាត់​អះអាងថា មានតែ​អាជ្ញាធរ​ទៅ​រុះរើ​ផ្ទះ​របស់គាត់ ៦​ខ្នង​។ បំផ្លាញ​ផ្ទះ​គាត់ ៦ ខ្នង នៅ​ឆ្នាំ ២០០៩​។ ក្រោយមក​មិនមាន​ហេតុការណ៍​អី​កើតឡើង​ទៀត​ទេ ហើយ​សំខាន់បំផុត អ្នក​ដែល​ប្ដឹង​គាត់​ប្រើ​អំពើហិង្សា​លើ​ខ្លួន ដូចជា​លោក​ម្ចាស់​ដី ឡៅ តុង​ងី គាត់​អត់​ដែល​ស្គាល់ ហើយ​មិនដែល​ឃើញ​មុខ​ទៀត​។ អ៊ីចឹង​គាត់​ទៅប្រើ​អំពើហិង្សា​យ៉ាងម៉េច​កើត​ទៅ​?»​។​​តំណាង​អ្នកភូមិ​បឹង​ឈូក​ម្នាក់ ដែលថា រស់នៅ​ទីនោះ​ជាង ១០​ឆ្នាំ​មកហើយ គឺ​លោកស្រី ខៀវ ចិន្ដា ហៅ​ករណី​ចោទប្រកាន់​នេះ​ថា ជាការ​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​គាបសង្កត់​ពួកគាត់​កុំឱ្យ ហ៊ាន​ចេញមុខ​ទាមទារ​សិទ្ធិ​លំនៅឋាន​។​​អ្នកភូមិ​បឹង​ឈូក​អះអាងថា ពួកគាត់​ចំនួន ៣៥​គ្រួសារ រស់នៅ និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​សព្វថ្ងៃនេះ ចាប់តាំងពី​ឆ្នាំ​១៩៩៥ មិនដែល​ឃើញ​មាន​នរណាម្នាក់​មក​អះអាងថា​ជា​ដី​របស់ខ្លួន​ទេ ស្រាប់តែ​នៅ​ឆ្នាំ​២០១២ ពួកគាត់ ៤​រូប ត្រូវ​តុលា​ការហៅ​មក​សាកសួរ​អំពី​ការចោទប្រកាន់ថា ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនទ្រព្យ​ដោយ​សុចរិត ដែល​គាត់​ថា មានតែ​ឈ្មោះថា ឡៅ តុង​ងី​។ ពួកគាត់​ថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​តុលា​ការហៅ​មក​សាកសួរ​។​​អ្នកភូមិ​បឹង​ឈូក ៤​រូប ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ហៅ​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​៥ មករា គឺមាន​ឈ្មោះ កុល សុភា កាង ណា​រ៉េ​ន ខៀវ ចិន្ដា និង ប៊ូ ម៉េង​៕​