-
ពលរដ្ឋនៅព្រះវិហារប្ដឹងនាយដែនជម្រកសត្វព្រៃបឹងពែររឿងបំផ្លាញរោងការពារព្រៃឈើ
- Issue Date 12-Jan-2015
ក្រុមប្រជាពលរដ្ឋជាច្រើននាក់ នៅភូមិអូរពោធិ៍ ឃុំរមណី នៃស្រុករវៀង ខេត្តព្រះវិហារ នាំគ្នាឡោមព័ទ្ធនិងតាមចាប់ខ្លួនក្រុមអ្នកកាប់ឈើខុសច្បាប់ ក្នុងតំបន់ការពាររបស់ពួកគេពេញ ១ថ្ងៃអាទិត្យ ទី១១ ខែមករា។នៅក្នុងពេលដែលប្រជាពលរដ្ឋរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើនេះ ពួកគេក៏ដាក់ពាក្យបណ្ដឹងទៅតុលាការចោទប្រកាន់មន្ត្រីដែនជម្រក សត្វព្រៃទីនោះ ពីបទបំផ្លាញទ្រព្យសម្បត្តិសហគមន៍ផងដែរ។តំណាងសហគមន៍ប្រជាពលរដ្ឋបឹងទន្លេម្រេច នៃស្រុករវៀង ខេត្តព្រះវិហារ កំពុងទាមទារសំណងជំងឺជាទឹកប្រាក់ចំនួន ៤១លានរៀល ពីនាយដែនជម្រកសត្វព្រៃបឹងពែរ ប្រចាំតំបន់នោះ។ ការទាមទារសំណងទឹកប្រាក់តាមរយៈការប្ដឹងទៅតុលាការ បានធ្វើឡើងបន្ទាប់ពីសហគមន៍ចោទប្រកាន់ថា នាយដែនជម្រកសត្វព្រៃរបស់ក្រសួងបរិស្ថាន និងបក្សពួកមួយចំនួនទៀត បានទៅកាប់បំផ្លាញទីស្នាក់ការការពារព្រៃឈើរបស់ប្រជាពលរដ្ឋ ព្រមទាំងបើកដៃឱ្យមានបទល្មើសព្រៃឈើដោយមិនបង្ក្រាប។តំណាងសហគមន៍ម្នាក់ក្នុងចំណោម ៣រូបផ្សេងទៀត គឺលោក ហួន គាណូ។ លោកអះអាងថា សហគមន៍បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តព្រះវិហារ ប្រឆាំងនឹងមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃរួចហើយកាលពី ៣ថ្ងៃមុន។ លោកចោទប្រកាន់នាយដែនជម្រកសត្វព្រៃបឹងពែរ ឈ្មោះ ហ៊ុយ សុគន្ធ និងបក្សពួកមួយចំនួនទៀត ថាបានធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិសហគមន៍ដែលការពារ ព្រៃឈើ៖ «មិនសុខចិត្តទេ ព្រោះសហគមន៍ខំសាងសង់សម្រាប់ការពារទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែមន្ត្រីបរិស្ថានទៅបំផ្លិចបំផ្លាញ។ ខ្ញុំទាមទារសំណងជំងឺចិត្ត ៤១លានរៀលថ្លៃខូចខាត»។ពាក្យបណ្ដឹងរបស់សហគមន៍ទន្លេម្រេច ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅពួកគេបាននាំគ្នាធ្វើទីស្នាក់ការមួយដើម្បីនៅប្រចាំការពារ និងទប់ស្កាត់បទល្មើសព្រៃឈើ និងជនចំណាកស្រុកដែលមករុករានយកដីនៅក្នុងតំបន់សហគមន៍ ក៏ប៉ុន្តែនៅថ្ងៃទី៧ ខែមករា ស្រាប់តែនាយកដែនជម្រកសត្វព្រៃបឹងពែរ ប្រចាំតំបន់នោះ បាននាំកម្លាំងជាច្រើននាក់ប្រដាប់ដោយម៉ាស៊ីនផង ទៅបង្ខំឱ្យសហគមន៍រុះរើទីស្នាក់ការចេញ។ នៅពេលដែលសហគមន៍មិនព្រមរុះរើ កម្លាំងរបស់មន្ត្រីបរិស្ថានក៏យករណារយន្តកាត់បំផ្លាញចោលតែម្ដង។ នាយដែនជម្រកសត្វព្រៃបឹងពែរ លោក ហ៊ុយ សុគន្ធ បានច្រានចោលការចោទប្រកាន់របស់សហគមន៍នោះ ព្រមទាំងចាត់ទុកថា ក្រុមអ្នកដែលប្ដឹងរូបលោកមិនមែនជាសហគមន៍ស្របច្បាប់ទេ។លោក ហ៊ុយ សុគន្ធ បញ្ជាក់ថា កន្លែងដែលមនុស្ស១ក្រុមប្រមូលផ្ដុំគ្នាសង់ទីស្នាក់ការនោះ គឺជាដីដែលសហគមន៍ស្របច្បាប់មួយទៀតបានស្នើសុំអាជ្ញាធរបម្រុងទុក សង់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដូច្នេះហើយបានជាកម្លាំងរបស់លោកចុះរុះរើចោល។លោក ហ៊ុយ សុគន្ធ ឱ្យដឹងទៀតថា លោកបានធ្វើអ្វីៗទៅតាមច្បាប់ ដូចនេះលោកមិនព្រួយបារម្ភចំពោះការប្ដឹងប្រឆាំងនឹងរូបលោកពេលនេះ ឡើយ៖ «គាត់ហ្នឹងមិនមែនជាសហគមន៍ស្របច្បាប់ទេ ប្រធានសហគមន៍ក៏គេអត់យល់ព្រមឱ្យគាត់ធ្វើអនាធិបតេយ្យអ៊ីចឹងទេ។ ខ្ញុំអត់ព្រួយបារម្ភទេ ព្រោះខ្ញុំអនុវត្តច្បាប់ ធ្វើអ្វីធ្វើទៅតាមច្បាប់»។ចំណែកសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) វិញ បានគាំទ្រនិងលើកទឹកចិត្តឱ្យសហគមន៍ប្រជាពលរដ្ឋដោះស្រាយជាមួយ មន្ត្រីបរិស្ថានតាមផ្លូវច្បាប់ក្នុងរឿងនេះ។អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ថាការប្ដឹងផ្ដល់របស់ប្រជាសហគមន៍នោះ គឺត្រឹមត្រូវទៅតាមនីតិវិធី ហើយក៏ជាការប្រើសិទ្ធិស្របច្បាប់ដែលមានចែងដែរ។ លោក ឡោ ចាន់ បញ្ជាក់ថា តាមការស៊ើបអង្កេតរបស់លោកកន្លងទៅរកឃើញថា នាយកដែនជម្រកសត្វព្រៃបឹងពែរ ប្រចាំតំបន់អូរពោធិ៍ នៃឃុំរមណី ស្រុករវៀង គឺពិតជាបានប្រើអំណាចបំពាន និងបំផ្លាញទីស្នាក់ការរបស់ប្រជាសហគមន៍នោះមែន។លោក ឡៅ ចាន់៖ «យើងឃើញថា នាយដែនជម្រកសត្វព្រៃបឹងពែរ រួមនិងបក្សពួកមួយចំនួនទៀតគាត់បានយកត្រង់ស៊ីន័រ ទៅអារផ្ដួលរំលំទីស្នាក់ការរបស់សហគមន៍ឡើងខូចខ្ទេចខ្ទីអស់។ បើសិនជាមានការសាងសង់លើដីសហគមន៍ ទោះបីខុសត្រូវអី ក៏អាជ្ញាធរមិនគួរយកត្រង់ស៊ីន័រ ទៅបំផ្លិចបំផ្លាញដូច្នេះទេ»។មន្ត្រីតុលាការខេត្តព្រះវិហារ មានគម្រោងនឹងចាត់ការតាមផ្លូវច្បាប់ ជុំវិញបណ្ដឹងរបស់សហគមន៍ដែលប្រឆាំងនឹងមន្ត្រីបរិស្ថានដែនជម្រក សត្វព្រៃនោះ។ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក លី លន់ ឱ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងរបស់សហគមន៍បឹងទន្លេម្រេចនោះ ហើយកាលពីថ្ងៃទី៨ ខែមករា។លោកព្រះរាជអាជ្ញាបញ្ជាក់ថា តុលាការនឹងកោះហៅទាំងដើមបណ្ដឹង និងចុងចោទមកសាកសួរ និងធ្វើការអង្កេតជាបឋមដើម្បីរកឱ្យឃើញថា តើខាងណាខុសខាងណាត្រូវ។ទោះយ៉ាងណា លោកព្រះរាជអាជ្ញាបញ្ជាក់ថា បញ្ហាដែលសហគមន៍ប្ដឹងទាមទារសំណងជាប្រាក់ជាង ៤០លានរៀល ពីនាយកដែនជម្រកសត្វព្រៃបឹងពែរនោះ ប្រសិនតុលាការរកឃើញកំហុសគឺចៅក្រមជំនុំជម្រះអាចនឹងបង្គាប់ឱ្យសង៖ «នេះវាជាសិទ្ធិអ្នកដើមបណ្ដឹងទេ គាត់ប្ដឹងទារប៉ុន្មានទារទៅ ប៉ុន្តែការសម្រេចវានៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំជម្រះស្រេច អ្នកឱ្យ»។ទោះយ៉ាងណា ប្រជាសហគមន៍បឹងទន្លេម្រេច មិនមានសង្ឃឹមថា ពួកគេអាចទទួលបានយុត្តិធម៌ពីតុលាការក្នុងរឿងប្ដឹងប្រឆាំង នាយដែនជម្រកសត្វព្រៃនេះទេ ដោយសារគេអះអាងថា កន្លងទៅគេធ្លាប់ដាក់ពាក្យប្ដឹងប្រឆាំងក្រុមហ៊ុន ទ្រី ភាព ក្នុងរឿងទំនាស់ដីធ្លីម្ដងមកហើយ ក៏ប៉ុន្តែរហូតមកបច្ចុប្បន្ន សហគមន៍ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ។