• សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

    • Issue Date 15-Jan-2015

    សិទ្ធិ​ទទួល​ព័ត៌មាន គឺ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​មួយ​ក្នុងចំណោម​សិទ្ធិ​ជាច្រើន​ទៀត​។ សិទ្ធ​នេះ​រួមបញ្ចូល​ទាំង​សេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការ ជ្រៀតជ្រែក និង​សេរីភាព​ក្នុងការ​ស្វែងរក ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា ដោយ​គ្មាន​ព្រំដែន ទោះ​តាមរយៈ​មធ្យោបាយ​សម្ដែង​មតិ ឬ​មធ្យោបាយ​ណាមួយ​ក៏ដោយ​។​​ដើម្បី​ធានាថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​សាធារណៈ ចាំបាច់​ត្រូវមាន​ច្បាប់​កំណត់​ជា​មូលដ្ឋាន ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ឆាប់​ចេញ​ជា​រូបរាង​។​​ពលរដ្ឋ​សហគមន៍ តំណាងរាស្ត្រ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​សង្គម​ស៊ីវិល សុំ​ឲ្យ​រដ្ឋាភិបាល​ឆាប់​បញ្ចេញ​សេចក្តីព្រាងច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឲ្យ​បាន​លឿន​។​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែងថា ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​គ្រួសារ និង​ចំណូល​ជាតិ គឺ​រដ្ឋាភិបាល​តែងតែ​លាក់លៀម ទោះបី​ព័ត៌មាន​នោះ​មិនមាន​ប៉ះពាល់​សន្តិសុខ​ជាតិ​ក៏ដោយ​៖ «​ការដែល មន្ត្រី​យើង​មួយចំនួន​គាត់​អាច​ទទួល​មាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់ គាត់​អាច​រក្សា​ការសម្ងាត់​នៃ​ការដែល​គាត់​ធ្វើ​សេចក្តីសម្រេច​មួយចំនួន ដូចជា​កិច្ចសន្យា គឺ​ធ្វើ​ឲ្យ​ព័ត៌មាន​ហ្នឹង​ស្ថិតនៅ​មិនមាន​ការដឹងឮ ម្ល៉ោះហើយ​គាត់​អាច​ប្រព្រឹត្ត​អំពើ​ណាមួយ ដែលជា​ផលប្រយោជន៍​។ ទី​៣ គឺអាច​និយាយថា អត់​មាន​យន្តការ​បង្ខំ​គាត់ ម្ល៉ោះហើយ គឺថា​ត្រូវតែ​ធ្វើ​ឲ្យ​ទៅជា​ច្បាប់ ហើយ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវតែ​គោរព​ច្បាប់​ហ្នឹង ហើយ​ត្រូវ​ផ្តល់​រាល់​ព័ត៌មាន​ជា​សាធារណៈ​ដល់​អ្នក​ដែល​គេ​ចង់បាន​»​។​​ចំណែក​តំណាង​បណ្ដាញ​សហគមន៍​កសាង​សន្តិភាព លោក សេង សុខ​ហេង ថ្លែងថា សហគមន៍​នៅ​ជនបទ​កម្រ​ទទួលបាន​ព័ត៌មាន​ពិត​ពី​រដ្ឋាភិបាល​ណាស់​។ លោក​សុំ​ឲ្យ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ចេញ​ឲ្យ​ប្រើប្រាស់​បាន​ឆាប់​។​​បំភ្លឺ​តប​ការទាមទារ​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង ថ្លែងថា សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កំពុងតែ​ប្រមូល​មតិ​មហាជន​តាមរយៈ​សិក្ខាសាលា ដើម្បី​កែលំអ​ច្បាប់​នោះ​ឲ្យ​ល្អ​ម៉ត់ចត់ ហើយ​អាច​នឹង​បញ្ចប់​ការប្រមូល​មតិ និង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៧៖ «​គឺ​យើង​ប្រមូល​ពី​ការស្នើ ចង់បាន​របស់​ប្រជាពលរដ្ឋ ថា​តើ​គេ​ចង់បាន​អី​ខ្លះ ដែល​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ច្បាប់​ស្ដីពី​ទទួលបាន​ព័ត៌មាន​»​។​​បន្ថែម​លើ​នោះ ប្រធាន​គម្រោង​នៃ​ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន ក្រសួងមហាផ្ទៃ លោក ប៊ុត ជិ ថ្លែងថា ព័ត៌មាន​ជាច្រើន​ក្រសួងមហាផ្ទៃ បាន​ផ្សព្វផ្សាយ​ពី​តម្លៃ​សេវា​នានា​។ ប៉ុន្តែ​ពលរដ្ឋ​មិនសូវ​អាន​ទេ នៅពេល​មន្ត្រី​បានធ្វើ​អ្វីមួយ​ឲ្យ​គាត់ គឺ​ពលរដ្ឋ​តែង​ជូនសគុណ​។ ហេតុនេះ ដើម្បី​បង្វែរ​ការដឹងគុណ​ពី​បុគ្គល ឲ្យ​ក្លាយទៅជា​ការដឹងគុណ​ស​មូ​ហ​ភាព ក្រសួងមហាផ្ទៃ កំពុង​ពិចារណា​ដាក់​ធុង​មួយ ដើម្បី​ពួកគាត់​បោះ​សគុណ​នោះ​ចូលទៅក្នុង​ធុង​៖ «​ពេលដែល​យើង​ធ្វើ អភិបាលកិច្ច​ល្អ គឺ​យើង​ចង់ឃើញ​ប្រជាពលរដ្ឋ​យើង​ទទួលបាន​សមធម៌​រវាង​គ្នា និង​គ្នា​ស្មើគ្នា សិទ្ធិ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដូចគ្នា​ស្មើគ្នា​។ អ៊ីចឹង​ដើម្បី​ឲ្យ​គាត់​ទទួល​មានឱកាស​សមធម៌​ជាមួយគ្នា ទាល់តែ​គាត់​ទទួលបាន​ព័ត៌មាន​ដូចគ្នា​»​។​​ពាក់ព័ន្ធ​ការជំរុញ​ឲ្យ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ ទទួល​ព័ត៌មាន នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ហៅ​កាត់​ថា អេ​ភី​អាយ (API) លោក ណែ​ប ស៊ីន​ថៃ ថ្លែងថា ការប្រជុំ​ថ្នាក់ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅពេលនេះ គឺ​ចែករំលែក​ដល់​គ្រប់ភាគី​នូវ​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី ដែល​បានធ្វើ​កម្រិត​ជាតិ តំបន់ និង​ពិភពលោក ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ការបើកចំហ​ព័ត៌មាន ព្រមទាំង​ប្រើប្រាស់​នូវ​របកគំហើញ​ជា​ជំនួយ​បន្ថែម​ទៅលើ​ដំណើរការ​តាក់ តែង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​៖ «​យើង​ដឹង​ហើយ​ថា​ព័ត៌មាន​មាន សារសំខាន់ កាលណា​ប្រជាពលរដ្ឋ​មនុស្ស​គ្រប់រូប​ទទួល​មាន​ព័ត៌មាន​ច្បាស់លាស់​ជាក់ លាក់ យើង​នឹង​ងាយស្រួល​ធ្វើការ​សម្រេចចិត្ត ហើយ​ច្បាប់​នេះ​វា​ធានាបាន​នូវ​ការលើកកម្ពស់​នូវ​ទំនុកចិត្ត​រវាង ប្រជាជន និង​ស្ថាប័ន​សាធារណៈ ព្រោះ​លែងមាន​ការលាក់លៀម​អី​ទៀតហើយ គឺថា​ព័ត៌មាន​ត្រូវតែ​បើកចំហ​ទៅតាម​ការកំណត់​នៅក្នុង​ច្បាប់ បើសិនជា​ច្បាប់​និយាយថា ប្រភេទ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​សាធារណៈ រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​បើកចំហ កាលណា​តែ​បើកចំហ​ច្រើន​កាលណា ប្រជាជន​ទុកចិត្ត​រដ្ឋាភិបាល​»​។​​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន មាន ១៤​ជំពូក និង ៨១​មាត្រា ដែល​សិក្ខាសាលា​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នឹង​ពិភាក្សា​បន្តទៅ​ថ្ងៃទី​១៩ ខែធ្នូ ទៀត​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ។