• ប្រជាពលរដ្ឋ​តវ៉ា​ឃាត់​គ្រឿងចក្រ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​នៅ​ខេត្តកំពង់ឆ្នាំង​

    • Issue Date 19-Jan-2015

    ​តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ភូមិ​តាំង​ធ្នឹម ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាង ១០​នាក់ បាន​តវ៉ា​និង​ឃាត់​គ្រឿងចក្រ ១​គ្រឿង ដែល​ឈូសឆាយ​ធ្វើ​ប្រឡាយទឹក​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់ នៅ​ថ្ងៃទី​១៨ ខែមករា​។ ប៉ុន្តែ​អភិបាលស្រុក​អះអាងថា បញ្ហា​នេះ​អាជ្ញាធរ​បាន​សម្របសម្រួល និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដក​គ្រឿងចក្រ​ផ្អាក​ឈូសឆាយ រង់ចាំ​ការដោះស្រាយ​ហើយ​។​​ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទូទាត់​សំណង​ផលប៉ះពាល់​ជាមុនសិន មុននឹង​អនុវត្ត​គម្រោង​ស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​ប្រវែង​ជិត ២០​គីឡូម៉ែត្រ កាត់​តាម​ឃុំ​ចំនួន​៨ នៃ​ស្រុក​បរិបូរណ៍ តែ​អាជ្ញាធរ​មិនទាន់​ផ្ដល់​សំណង ឬ​ដំណឹង​ជាក់លាក់​ណាមួយ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​តែម្ដង​។​​ក្រុមហ៊ុន ស៊ី​ណូ​ហាយ​ត្រូ (Sinohydro) ដែល​ទទួលបាន​គម្រោង​ស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​នេះ បានដាក់​គ្រឿងចក្រ​ឈូស​ព្រៃ និង​គូស​គំនូស​មាត់​ប្រឡាយ ឋិត​នៅ​ភូមិ​តាំង​ធ្នឹម នៃ​ឃុំ​ពេជ្រ​ចង្វា ប៉ុន្តែ​អ្នកភូមិ​ទៅ​ឃាត់​មិន​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ឈូសឆាយ​ភ្លាមៗ តែ​ហេតុការណ៍​នោះ​មិន​ឈានដល់​ការប្រើ​អំពើហិង្សា​នោះទេ​។​​ប្រជាពលរដ្ឋ​ម្នាក់​លោក ហង្ស ផា មានប្រសាសន៍ថា រូបលោក​និង​អ្នកភូមិ​តាំង​ធ្នឹម ជាង ១០​នាក់​ផ្សេងទៀត លើកគ្នា​ទៅ​រារាំង​គ្រឿងចក្រ​មួយគ្រឿង​ប្រភេទ​ប៊ុល​ដូ​ហ្សឺ (Bulldozer) នៅពេលដែល​ឈូស​ឆ្លង​ចូលដល់​ដី​ក្បាល​ស្រែ​របស់លោក​ប្រហែល ១០​ម៉ែត្រ​។ លោក​ថា ក្រុម​ពលរដ្ឋ​នឹង​រារាំង​ដាច់ខាត​នូវ​ការ​ឈូសឆាយ ព្រោះ​បើ​ឈូស​ទៅមុខទៀត នឹង​ប៉ះពាល់​ដល់​ដីធ្លី​អ្នកភូមិ​ជាច្រើន​គ្រួសារ​ទៀត ដែល​មិនទាន់​ទទួល​សំណង​អ្វី​សោះ​៖ «​គ្រាន់តែ​សំណូមពរ​ថា ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ជួយ​ដឹង​ជួយ​ឃើញច្បាស់​លាស់​ថា គេ (​ក្រុមហ៊ុន​និង​អាជ្ញាធរ​) ធ្វើ​បំពាន ឬ​សុំ​ប្រជាពលរដ្ឋ​ធ្វើ​ប្រឡាយ​»​។​​ឆ្លើយតប​បញ្ហា​នេះ​អភិបាល នៃ​គណៈ​អភិបាលស្រុក​បរិបូរណ៍ លោក ឃួន សៅ​រុំ ថ្លែង​បញ្ជាក់ថា បញ្ហា​កើតឡើង​ដោយសារ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឈូស​សំអាត​ព្រៃ និង​ត្រាស់​សេ​ក្បាល​ទំនប់​លើដី​របស់​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​ដែល​គាំទ្រ គម្រោង ប៉ុន្តែ​ការ​ឈូស​នោះបាន​ជ្រុល​ដល់​ដី​អ្នកភូមិ​ផ្សេងទៀត​ដែល​មិនទាន់ ឯកភាព​ចំពោះ​គម្រោង​ស្ថាបនា​ប្រព័ន្ធ​ស្រោចស្រព​កសិកម្ម​នេះ​។​​លោក​ថា គម្រោង​នេះ គឺជា​កា​ចាត់ចែង​របស់​រដ្ឋាភិបាល ឬ​អន្តរក្រសួង ចំណែក​អាជ្ញាធរ​មូលដ្ឋាន​មិនដឹង​ស៊ីជម្រៅ​នោះទេ គឺ​រង់ចាំតែ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​។ លោក​បង្ហើប​ថា បច្ចុប្បន្ន​ការសិក្សា​ពី​ផលប៉ះពាល់​បាន​ចំនួន ៣​ឃុំ​ហើយ ក្នុងចំណោម​ឃុំ​ចំនួន​៨ ដែល​ត្រូវ​សិក្សា​អំពី​ផលប៉ះពាល់​របស់​គម្រោង​នេះ​៖ «​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ចាប់ផ្ដើម​ត្រាស់​សេ (​គូស​គំនូស​) បើក​មាត់​ប្រឡាយ​តែ​ប៉ះ​ដី​ពលរដ្ឋ ហើយ​ឥឡូវ​ផ្អាក​ហើយ​»​។​​វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី​ណូ​ហាយ​ដ្រូ និង​មន្ដ្រី​ក្រសួង​ធនធានទឹក ដើម្បី​បំភ្លឺ​តប​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១៨ ខែមករា​។ ប៉ុន្តែ​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ា​ន់ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​របស់​អន្តរក្រសួង និង​អាជ្ញាធរ​មិនទាន់​អាច​កំណត់​តម្លៃ នៃ​សំណង ឬ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ពលរដ្ឋ​បាន​នៅឡើយ​ទេ ពីព្រោះ​ក្រុមការងារ​អន្តរក្រសួង​កំពុង​សិក្សា​ពី​ផលប៉ះពាល់​មិនទាន់ ចប់សព្វគ្រប់​។បច្ចុប្បន្ន​មាន​ឃុំ​ចំនួន​បី បាន​សិក្សា​រួចរាល់ គឺ​ឃុំ​ពេជ្រ​ចង្វា ប៉ះពាល់​ចំនួន ១២២​គ្រួសារ នៅ​ឃុំ​អញ្ចាញ​រូង ចំនួន ១៦៩​គ្រួសារ និង​ឃុំ​ពពេល​ចំនួន ២២០​គ្រួសារ ហើយ​ក្រុមការងារ​កំពុង​សិក្សា​នៅ​ឃុំ​ពន្លៃ​បន្តទៀត​។​​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារ​ម្យ ថ្លែងថា ប្រសិនបើ​អាជ្ញាធរ ឬ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប៉ះពាល់​លើដី​ធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ ដោយ​មិនបាន​ផ្ដល់​សំណង​សមរម្យ​ជាមុន ព្រមទាំង​ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​គម្រោង​នោះ គឺជា​ការ​បំពារបំពាន​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ តាម​គំនិត​លោក​អាជ្ញាធរ ឬ​ក្រុមហ៊ុន គប្បី​ផ្ដល់​សំណង​ជាមុន និង​ផ្ដល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់ ហើយ​ផ្អាក​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលរដ្ឋ ឬ​សហគមន៍​ទាំងមូល ជាជាង​អភិវឌ្ឍន៍​លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ​ដែល​មន្ត្រី​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ​តែងតែ​រិះគន់​នោះទេ​។​​លោក សៀ ភារ​ម្យ​៖ «​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ពឹងពាក់​មេធាវី អន្តរជាតិ ដើម្បី​ប្ដឹងផ្ដល់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទាក់ទង​នឹង​ការបញ្ចេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ឬ​ការ​រឹបអូស​យក​ដីធ្លី ហើយ​បើ​ក្រុមហ៊ុន​នៅតែ​បន្ត​យ៉ាង​ដូច្នេះ​ទៀត ខ្ញុំ​គិតថា ប្រហែល​ក្រុមហ៊ុន​ចង់​ជំរុញ​ឲ្យ​តុលាការអន្តរជាតិ​កាត់ទោស​រដ្ឋាភិបាល បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​»​។​​យោងតាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួលបាន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៤ បង្ហាញថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​អា​ចាង នៅ​ស្រុក​បរិបូរណ៍ មាន​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​ជិត ២០​គីឡូម៉ែត្រ (១៩.៥០០​ម៉ែត្រ​) និង​ប្រឡាយ​រង​ចំនួន ១០​ខ្សែ ហើយ​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​ជាង ១​ម៉ឺន​ហិកតារ (១០.៣០០​ហិកតារ​) នៅ​ឃុំ​ចំនួន ១០ ក្នុងស្រុក​បរិបូរណ៍ និង​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បញ្ជាក់ថា ប្រឡាយ​មេនេះ​មាន​ទំហំ​ទទឹង ២៦​ម៉ែត្រ និង​ជម្រៅ​ប្រហែល ៥​ម៉ែត្រ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤៣​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​ប្រទេស​ចិន ហើយ​ត្រូវ​ប្រើ​រយៈពេល​បី​ឆ្នាំ និង​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ ។