-
សកម្មជនសិទ្ធិមនុស្សប្ដេជ្ញាបន្តការងាររបស់ខ្លួនទោះបីជាមានការគំរាមកំហែងអាយុជីវិត
- Issue Date 20-Jan-2015
សកម្មជនសិទ្ធិមនុស្សរបស់អង្គការអាដហុកខេត្តរតនគិរី អះអាងថា លោកនៅតែបន្តការងារការពារសិទ្ធិមនុស្សរបស់លោកនៅក្នុងខេត្តរតនគិរី ដដែល ទោះបីជាមានការគំរាមកំហែងដល់អាយុជីវិតរូបលោក និងក្រុមគ្រួសារក្តី នាពេលថ្មីៗនេះក៏ដោយ ។អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី លោក ឆាយ ធី បានអះអាងថាកាលពីពេលថ្មីៗនេះ រូបលោក និងក្រុមគ្រួសារត្រូវបានគេគំរាមសម្លាប់ តាមរយៈទូរស័ព្ទ និងបណ្ដាញសង្គម ដោយសារតែលោកធ្វើអន្តរាគមន៍រឿងជនភៀសខ្លួនម៉ុងតាញ៉ាចាប់ពី ខែវិច្ឆិកាមក ។លោក ឆាយ ធី បានប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា បន្ទាប់ពីមានការគំរាមកំហែងដល់អាយុជីវិតលោក និងក្រុមគ្រួសារ លោកបានដាក់របាយការណ៍ទៅកាន់សមាគមការពារសិទ្ធិមនុស្សអាដហុករាជធានី ភ្នំពេញ និងទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ លោកបន្តថា អង្គការសហប្រជាជាតិ និងសមាគមអាដហុក បានស្នើឲ្យរូបលោក និងក្រុមគ្រួសារឡើងមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ តែលោកសម្រេចចិត្តមិនមកភ្នំពេញទេ គឺបន្តនៅធ្វើការងាររបស់លោកនៅក្នុងខេត្តរតនគិរីដដែល ។កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Lum Phatsrok (ស្រុកលំផាត់ ក្នុងខេត្តរតនគិរី) បានសរសេរពាក្យអសុរោះ និងជូនពរឆ្នាំថ្មីទៅដល់លោកឆាយ ធី ដូចជាឲ្យកូនលោក ឆាយ ធី គថ្លង់ និងក្រុមគ្រួសារស្លាប់ដោយសាររថយន្តបុកជាដើម ។លោក ឆាយ ធី មិនអាចបញ្ជាក់បានថាម្ចាស់ទំព័រហ្វេសប៊ុកមួយនេះជាអ្នកណានោះទេ តែពាក្យពេចន៍ដែលសរសេរលើទំព័រហ្វេសប៊ុកមួយនេះ គឺមានន័យប្រហាក់ប្រហែលគ្នាទៅនឹងមន្ត្រីជាន់ខ្ពស់ខេត្តមួយរូបដែល ធ្លាប់ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយរូបលោក ។ទំព័រហ្វេសប៊ុកនេះត្រូវបានលោក ឆាយ ធី ឲ្យដឹងថា បានចងមិត្តជាមួយមន្ត្រីធំៗនៅក្នុងខេត្ត ហើយបានចងមិត្តជាមួយមន្ត្រីថ្នាក់ជាតិមួយចំនួនទៀតផង ។ លោកបន្តថា «ធ្វើការគំរាមយើងតាំងពីចុងខែ១១ ដើមខែ១២ ហើយក្នុងAccount (គណនេយ្យ) ហ្វេសប៊ុកហ្នឹងមានឈ្មោះថា លំផាត់ស្រុក (Lum Phatsrok)សរសេរជាភាសាអង់គ្លេស ដែលលំផាត់ស្រុកហ្នឹងយើងឃើញការគំរាម ការមើលងាយ រហូតដល់ប្រមាថដល់អាយុជីវិតទៀត កន្លងមក ។ ចុងក្រោយនេះរហូតដល់ប្រមាថឡានបុកស្លាប់អញ្ចឹង» ។ទាក់ទៅនឹងទំព័រហ្វេសប៊ុកដែលប្រើឈ្មោះ Lum Phatsrok ត្រូវបានអភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន យល់ថាប្រហែល ជាមានប្រជាពលរដ្ឋណានៅក្នុងស្រុកយកឈ្មោះនេះមកប្រើ ។ លោកថា ក្នុងស្រុកលំផាត់មានប្រជាពលរដ្ឋដែលមានចំណេះដឹងអាចប្រើប្រាស់ហ្វេ សប៊ុកប្រហែល៥ទៅ៧ពាន់នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង២ម៉ឺននាក់ ។ អភិបាលស្រុករូបនេះចាត់ទុកការគំរាមកំហែងអាយុជីវិលោក ឆាយ ធី នេះថាជារឿងខុសច្បាប់ ហើយលោកកំពុងស្រាវជ្រាវអំពីករណីនេះ ។ លោកថា «ខ្ញុំនឹងព្យាយាមក្នុងការស្រាវជ្រាវ ខ្ញុំស្អប់ខ្ពើមណាស់ចំពោះជនណាមួយដែលវាយប្រហារគេ...ចំណុចខ្លះ គ្នាអត់ដឹង កុំថាឡើយលោក ធី ហ្នឹង សូម្បី (មន្ត្រី)មួយចំនួនក្នុងសាលាស្រុកនេះ ក៏ត្រូវគេចេះតែវាយប្រហារអញ្ចេះ អញ្ចុះ ធាតុពិតការវាយប្រហារនេះមិនមែនជាការពិតសោះ» ។ទាក់ទងទៅនឹងការគំរាមនេះ ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់របស់សមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា សមាគមអាដហុកបានទទួលដំណឹងនេះហើយ និងកំពុងតាមដានទៅលើករណីនេះ តែមិនទាន់មានចាត់វិធានការតាមផ្លូវច្បាប់ណាមួយនៅឡើយទេ ។លោកថា «ខ្ញុំអត់ទាន់មានវិធានការអីទេ ប៉ុន្តែខ្ញុំបានទាក់ទងទៅគាត់ ហើយឲ្យគាត់ធ្វើរបាយការណ៍មកឲ្យខ្ញុំ ហើយខ្ញុំមិនទាន់បានទទួលអីទៀតទេ ។ ចាំមើលបន្តិចទៀតមើលខ្ញុំនឹងទាក់ទងទៅគាត់ទៀត ព្រោះគាត់និយាយមកវាទាក់ទងទៅនឹងរឿងហ្វេសប៊ុក...រឿងតាមហ្វេ សប៊ុកវាពិបាកយកជាការ» ។លោក នី ចរិយា ឲ្យដឹងទៀតថា សមាគអាដហុកបានត្រៀមកន្លែងសម្រាប់លោក ឆាយ ធី និងក្រុមគ្រួសារនៅភ្នំពេញ ប៉ុន្តែការសម្រេចចិត្តយ៉ាងណា គឺលោក ឆាយ ធី ជាអ្នកសម្រេចចិត្តដោយខ្លូនលោកផ្ទាល់ ។តាមប្រភពពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ឲ្យដឹងថា ការិយាល័យមួយនេះបានទទួលរបាយការណ៍របស់លោកឆាយ ធី រួចហើយ និងកំពុងធ្វើការឃ្លាំមើល និងបន្តទំនាក់ទំនងជាមួយលោក ឆាយ ធី ដើម្បីធ្វើការវាយតម្លៃអំពីការគំរាមកំហែងនេះ ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេះផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ០១៥ ។