-
សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកាប្រឆាំងសកម្មជន១១នាក់ ទៅថ្ងៃទី២៦ខែមករា
- Issue Date 23-Jan-2015
សាលាឧទ្ធរណ៍សម្រេចលើក ពេលប្រកាសសាលដីកាប្រឆាំងនឹងស្ត្រីសកម្មជនដីធ្លី និងព្រះសង្ឃ១១នាក់/អង្គ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ទៅថ្ងៃទី២៦ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីសវនាការហើយនៅថ្ងៃព្រហស្បតិ៍នេះ។នៅរសៀលថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍បានបើកសវនាការ ដើម្បីជំនុំជម្រះលើករណីបណ្ដឹងឧទ្ធរណ៍របស់ស្ត្រីសកម្មជនដីធ្លី១០ នាក់ និងព្រះសង្ឃ១អង្គ ដែលបានប្ដឹងទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យពួកគេឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ ដោយចោទថាតវ៉ាបិទផ្លូវធ្វើឲ្យកកស្ទះចរាចរណ៍សាធារណៈ។មន្ត្រីអង្គការលីកាដូ លោក អំ សំអាត ដែលបានតាមដានសវនាការ មានប្រសាសន៍ថាចៅក្រមសាលាឧទ្ធរណ៍បានលើកឡើងថា សាលដីកាប្រឆាំងនឹងស្ត្រីសកម្មជនដីធ្លី៧នាក់ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមករា។ លោកបន្តថាតុលាការបានបន្តបើកសវនាការលើមនុស្ស៤នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួនពេលតវ៉ាខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីកន្លងទៅ។ បន្ទាប់ពីសវនាការ ចៅក្រមក៏បានសម្រេចថានឹងប្រកាសសាលដីកានៅថ្ងៃទី២៦ខែមករា ឆ្នាំ២០១៥ដូចគ្នា។គួររំឭកដែរថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ។ ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗនៅថ្ងៃ បន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល។នៅរសៀលថ្ងៃ ព្រហស្បតិ៍នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សូប៊ែឌី តំណាងទូត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួន ក៏បានចូលរួមសង្កេតមើលសវនាការនេះផងដែរ។ ចំណែកសកម្មជនដីធ្លី និងព្រះសង្ឃប្រមាណ២០០អង្គ/នាក់ បានរង់ចាំនៅខាងមុខសាលាឧទ្ធរណ៍។គួរបញ្ជាក់ថា នៅថ្ងៃនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិបានជំរុញម្តងទៀតឲ្យតុលាការពិចារណាដោះលែង សកម្មជន១៩នាក់ ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន ក្នុងពន្ធនាគារព្រៃសនោះ ដោយអះអាងថា វិធានការចាប់ខ្លួននោះជារឿងនយោបាយ។ អ្នកទាំង១៩នាក់នោះ មាន១១នាក់ដែលត្រូវបានតុលាការបើកសវនាការនៅថ្ងៃនេះ ពាក់ព័ន្ធនឹងបណ្តឹងឧទ្ធរណ៍របស់ពួក៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ។