• ពលរដ្ឋ​៣១​គ្រួសារ​នៅ​ក្រចេះ​អះអាងថា​ស៊ូស្លាប់​មិន​ចាកចេញ​ពី​ដី​មាន​ជម្លោះ​

    • Issue Date 27-Jan-2015

    អាជ្ញាធរ​ខេត្តក្រចេះ ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ពីរ​ក្រុម ដោយ​ឲ្យ​ពលរដ្ឋ​មួយក្រុម​ចាកចេញ​ពី​ដី​មាន​ជម្លោះ​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ដែល​អាជ្ញាធរ​គ្រោង​បញ្ជូន​ចេញ បដិសេធ​ដំណោះស្រាយ​នេះ និង​ថា​ស៊ូស្លាប់​លើដី​របស់ខ្លួន​។​​ប្រតិកម្ម​ភ្លាមៗ​នឹង​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្តក្រចេះ ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ដែល​អាជ្ញាធរ​គ្រោង​បញ្ជូន​ពួកគេ​ចេញទៅ​ទីតាំង​ថ្មី មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ទេ​។ ទោះ​មានការ​បដិសេធ​យ៉ាងនេះ​ក៏ដោយ អាជ្ញាធរខេត្ត​អះអាងថា ពួកគេ​គ្មាន​ជម្រើស​អ្វីដែល​ល្អ​ជាង​នេះឡើយ​។​​តំណាង​ពលរដ្ឋ ៣១​គ្រួសារ លោកស្រី យស សា​អែម ឲ្យ​ដឹងថា ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​របស់​អាជ្ញាធរ ខេត្តក្រចេះ ទេ​។ លោកស្រី យស សា​អែម បន្តទៀតថា ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ចូលមក​រស់នៅ​ក្រោយ​ក្រុម​លោកស្រី ប៉ុន្តែ​ក្រុមការងារ​ខេត្ត​បែរជា​សម្រេច​ឲ្យ​ក្រុម​លោកស្រី​ចាកចេញ​ទៅ វិញ​៖ «​ពួក​ខ្ញុំ​មិនមែនជា​មនុស្ស​ទេ​អី បានជា​យក​ក្រុម ៧២​គ្រួសារ​ដាក់​ពីលើ ហើយ​ពេលនេះ​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ទៀត​»​។​​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣១​គ្រួសារ និង​ពលរដ្ឋ ៧២​គ្រួសារ នៅ​ភូមិ​ប្រឡាយ​ត្រៀក ឃុំ​ដី​រី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ លើដី​មាន​ជម្លោះ​ទំហំ ១៦៨​ហិកតារ​។ ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​អះអាងថា ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ដែល​មក​រស់នៅ​ថ្មី​លើដី​មាន​ជម្លោះ គឺ​តាម​ការចាត់​តាំងរបស់​ក្រុម​អាជ្ញាធរ​ខេត្តក្រចេះ​។ ជារឿយៗ អ្នក​ទាំងពីរ​ក្រុម​នេះ​តែងមាន​ជម្លោះ​នឹង​គ្នា​។​​អភិបាលរង​ខេត្តក្រចេះ ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី​ស្រុក​ឆ្លូង លោក ខាន់ ចំណាន មានប្រសាសន៍ថា ទំហំ​ដី​ដែល​ពលរដ្ឋ​កំពុងមាន​ជម្លោះ មិន​គ្រប់គ្រាន់​ឲ្យ​ពលរដ្ឋ​ទាំងពីរ​ក្រុម​រស់នៅ​បានទេ ដូច្នេះ​មានតែ​បញ្ជូន​ពលរដ្ឋ​ក្រុម ៣១​គ្រួសារ​ចេញទៅ​ទីតាំង​ថ្មី ព្រោះ​ពួកគេ​មក​រស់នៅ​លើដី​មាន​ជម្លោះ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ លោក​ថា នេះ​ជា​ជម្រើស​មួយ​ល្អ ដែល​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំងពីរ​ក្រុម​មាន​ជម្លោះ​គ្នា​ទៀត​៖ «​ការពិត​ដែល​ក្រុម​យើងខ្ញុំ​ចុះ​សិក្សា គឺ​មិនមាន​ផលប៉ះពាល់​ទេ បានជា​យើង​លើក​ទៅ​។ យើង​មិន​ចង់​មាន​បញ្ហា​ទេ​»​។​​លោក​អភិបាលរង​ខេត្ត​បន្តទៀតថា នៅ​ថ្ងៃទី​២៨ ខែមករា ក្រុមការងារ​ចម្រុះ​ខេត្ត នឹង​ចុះទៅ​ចង្អុលបង្ហាញ​ប្រាប់​ដល់​ពលរដ្ឋ ៧២​គ្រួសារ ពី​ទីតាំង​ដី​របស់​ពួកគេ​។ ប៉ុន្តែ​ចំពោះ​ករណី​ពលរដ្ឋ ៣១​គ្រួសារ​ដែល​ជម្លៀស​ចេញពី​ដី​មាន​ជម្លោះ លោក​មិនទាន់​ឲ្យ​ដឹងថា​ត្រូវធ្វើ​នៅពេលណា​នៅឡើយ​ទេ​។​​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ហេង ភារៈ ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត​ផ្តល់​ដំណោះស្រាយ​ណាមួយ​ដែល​ពលរដ្ឋ​ទាំងពីរ ភាគី​ព្រម​ទទួលយក និង​មិនមែនជា​ការបណ្ដេញចេញ​។ បើតាម​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ ពលរដ្ឋ ៣១​គ្រួសារ​គួរ​ទទួលបាន​សិទ្ធិ​រស់នៅ​លើដី​សព្វថ្ងៃ​៖ «​ក្នុងនាម​ជា​សង្គម​ស៊ីវិល ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​ទាហាន​»​។​​កាលពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមករា គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ពាក្យបណ្ដឹង ចុះទៅ​អង្កេត​ករណី​ជម្លោះដីធ្លី​ខេត្តក្រចេះ និង​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ផ្តល់​ដំណោះស្រាយ​ណា​ដែល​មិន​បង្ខំ ឬ​ប្រើ​វិធានការ​រដ្ឋបាល​ឡើយ​។ ពលរដ្ឋ ៣១​គ្រួសារ ពួកគេ​មានផ្ទះ មាន​ដំណាំ​ពេញ​ដី​ទៅហើយ ដូច្នេះ​ពួកគេ​មិន​ចេញ​ទៅណា​ទេ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ។