-
ពលរដ្ឋ៤នាក់ចូលបំភ្លឺនៅតុលាការខេត្តពោធិ៍សាត់រឿងប្ដឹង
- Issue Date 28-Jan-2015
អភិបាលរងខេត្តមន្ត្រីសិទ្ធិមនុស្ស និងតំណាងប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្នើឲ្យតុលាការពន្លឿននីតិវិធី និងរកយុត្តិធម៌ជូនពលរដ្ឋដែលត្រូវអាជ្ញាធរកម្ទេចផ្ទះ និងផលដំណាំអ្នកភូមិសង្គមថ្មី ចំនួន ១២គ្រួសារ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤។ ការស្នើនេះ គឺបន្ទាប់ពីតំណាងអយ្យការខេត្តពោធិ៍សាត់ កោះហៅតំណាងពលរដ្ឋ ៥គ្រួសារដើម្បីសាកសួរ។ពាក្យបណ្ដឹងរបស់ពលរដ្ឋចំនួន ៥គ្រួសារ ក្នុងចំណោម ១២គ្រួសារ ដែលប្ដឹង លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានព្រះរាជអាជ្ញា លោក តន់ សីហតេជៈ លើកមកពិនិត្យ និងសាកសួរបឋមលើពលរដ្ឋចំនួន ៤នាក់ក្នុងនាមដើមបណ្ដឹង នៅថ្ងៃទី២៧ ខែមករា។ ប៉ុន្តែក្រុមពលរដ្ឋហាក់មិនសូវមានជំនឿលើចំណាត់ការនេះឡើយ ព្រោះកន្លងទៅអ្នករងគ្រោះក្នុងរឿងដីធ្លីតែងតែរងនូវភាព អយុត្តិធម៌។ពលរដ្ឋម្នាក់ក្នុងចំណោម ៤នាក់ ដែលបានបំភ្លឺនៅតុលាការលើសំណុំរឿងរបស់ខ្លួន គឺលោក ប៊ី ង៉ុយ មានប្រសាសន៍ថា រូបលោក និងពលរដ្ឋផ្សេងទៀតមានបង្កាន់ដៃ ឬលិខិតកាន់កាប់ដីទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។ លោករំឭកថា ផ្ទះ និងដំណាំរបស់លោកត្រូវគេឈូសបំផ្លាញ ដើម្បីយកដីទៅឲ្យក្រុមហ៊ុន នៅគ្រាដែលលោកដេកពេទ្យព្យាបាលរបួសជើងជាន់មីនពេលដើរល្បាត ព្រំដែន៖ «មកដេកនៅពោធិ៍សាត់ ត្រឡប់ទៅវិញអស់ផ្ទះរលីងអ៊ីចឹង! ខ្ញុំអស់ជំនឿលើខ្លួនឯងផង រាជរដ្ឋាភិបាលផង តាមមើលទៅបម្រើជាតិ បម្រើយូរៗទៅឡើងអស់ដីអស់ផ្ទះបាត់ហើយ»។កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធរខេត្តពោធិ៍សាត់ បានដាក់កម្លាំងចម្រុះចុះរុះរើខ្ទម និងផ្ទះពលរដ្ឋភូមិសង្គមថ្មី នៃឃុំថ្មដា ចំនួន ១២ខ្នង។ ក្រោយមក គឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ មានពលរដ្ឋចំនួន ៥គ្រួសារ បានដាក់ពាក្យប្ដឹង លោក ខូយ រីដា ដែលប្រជាពលរដ្ឋអះអាងថាជាអ្នកដឹកនាំកម្លាំងចម្រុះកម្ទេចផ្ទះរបស់ ពួកគាត់ ដើម្បីយកដីទៅឲ្យក្រុមហ៊ុន អឹម.ឌី.អេស (MDS)។ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តពោធិ៍សាត់ លោក ខូយ រីដា ថ្លែងស្វាគមន៍ចំពោះការប្ដឹងរបស់ពលរដ្ឋ ដោយលោកប្រាប់ថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មិនថាអាជ្ញាធរ ឬពលរដ្ឋសាមញ្ញនោះទេ។ លោកថា ប្រសិនបើតុលាការរកឃើញថា ពួកគាត់រស់នៅស្របច្បាប់មិនទៅរុករានដីព្រៃ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ប៉ុន្តែចំពោះករណីនេះអាជ្ញាធរបានសិក្សាយ៉ាងច្បាស់មុននឹងអនុវត្ត៖ «អាជ្ញាធរ របស់យើងបានជជែកគ្នាហើយ សូម្បីសង្គមស៊ីវិលដែលចូលរួមសហការ គឺយើងចុះធ្វើរបស់គាត់ (ប្រជាពលរដ្ឋទាំង ១២គ្រួសារ) យើងនឹងដោះស្រាយជូនគាត់។ តែគាត់មិនអាចចង់បានដីកន្លែងណាទៅកន្លែងណានោះបានទេ ព្រោះដីព្រៃរបស់រដ្ឋ»។មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក យី សុខសាន្ដ ថ្លែងថា ការដោះស្រាយបញ្ហាដោយប្ដឹងទៅតុលាការ គឺជាឆន្ទៈ ឬជាជំហានមួយដែលពលរដ្ឋហ៊ានតតាំងជាមួយអ្នកមានលុយ ឬមានអំណាច ដើម្បីប្រឆាំងអំពើអយុត្តិធម៌ក្នុងសង្គម បើទោះបីជាតុលាការបច្ចុប្បន្នមិនឯករាជ្យ។ លោកថា ចៅក្រម ឬព្រះរាជអាជ្ញា គឺជាមនុស្សសំខាន់ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។ជម្លោះដីធ្លីរបស់ពលរដ្ឋឃុំថ្មដា និងឃុំអន្លង់រាប ស្រុកវាលវែង ចាប់ផ្ដើមកក្រើកឡើងខ្លាំងនៅឆ្នាំ២០១០ គឺពេលដែលក្រុមហ៊ុន អឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងដាំដំណាំកសិឧស្សាហកម្ម។ ទាក់ទងរឿងដីធ្លីនេះ អាជ្ញាធរបានប្ដឹងបុរសពីរនាក់ទៅតុលាការ និងចាប់ស្ត្រីម្នាក់ឃុំខ្លួនមួយរយៈ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (RFA) ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ។