• ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ប្រតិកម្ម​នឹង​សំណង​ប៉ះពាល់​ពី​គម្រោង​សង់​ប្រព័ន្ធធារាសាស្ត្រ​អា​ចាង​

    • Issue Date 29-Jan-2015

    តំណាង​សហគមន៍ និង​អ្នកភូមិ​នៃ​ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​តម្លៃ​ដី​ប៉ះពាល់​ពី​គម្រោង​ស្ថាបនា​ប្រព័ន្ធ ធារាសាស្ត្រ​អា​ចាង​។ ការជំរុញ​នេះ បន្ទាប់ពី​ក្រុមការងារ​អន្តរក្រសួង ប្រកាស​អំពី​សំណង​ផលប៉ះពាល់ និង​មាន​អ្នកភូមិ​ប្រមាណ ៨០​នាក់ លើកគ្នា​ទៅ​សួរ​រឿងនេះ​បន្ថែមទៀត​។​​តំណាង​សហគមន៍ និង​ក្រុម​អ្នកភូមិ បាន​ជួប​សួរនាំ​ក្រុមការងារ​អន្តរក្រសួង​ដែល​ចុះ​វាយតម្លៃ​ផលប៉ះពាល់ នៃ​គម្រោង​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​នេះ និង​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​សំណង​ជា​ប្រាក់ ៥០​សេន​ដុល្លារ ស្មើនឹង​ប្រហែល ២​ពាន់​រៀល​សម្រាប់​ដីស្រែ ១​ម៉ែត្រការ៉េ​។ ក្រុម​ពលរដ្ឋ​អះអាងថា ត្បិត​ដី​ដែល​ប៉ះពាល់​ផ្ដល់​សំណង​ខុសគ្នា​ទៅតាម​សណ្ឋាន​ដី តែ​តម្លៃ​ដី​ក្នុង ១​ម៉ែត្រការ៉េ​គួរ​លើស ៥០​សេន​ដុល្លារ​។​​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ពេជ្រ​ចង្វា ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹងថា រូបលោក និង​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​មិនអាច​ទទួលយក​សំណង​ដែល​ផ្ដល់​ដោយ រដ្ឋាភិបាល ឬ​អន្តរក្រសួង​ឡើយ ព្រោះ​តម្លៃ​ដី​ដែល​ប្រកាស​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ នៅ​វត្ត​ត្រពាំង​ប្រាសាទ ឋិត​នៅ​ឃុំ​ពេជ្រ​ចង្វា នោះ គឺ​ថោក​ពេក​សម្រាប់​ដី​របស់​អ្នកភូមិ​ដែល​ខ្លះ​កំពុង​បង្កបង្កើនផល​។ លោក​ថា ពលរដ្ឋ​មកពី​ភូមិ​ផ្សេងៗ​នៃ​ឃុំ​ពេជ្រ​ចង្វា នាំគ្នា​ទៅ​សួរនាំ​ក្រុមការងារ​អន្តរក្រសួង​នៅ​វត្ត​ត្រពាំង​ប្រាសាទ រឿង​ផ្ដល់​សំណង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ឡើយ​៖ «​ទៅក្នុង​គោលបំណង​ទាមទារ​រឿង​តម្លៃ ដោយសារ​មិន​ពេញចិត្ដ​សម្រាប់​រូបគេ និង​រូបខ្ញុំ​អ៊ីចឹង​ណា​! គេ​ឆ្លើយថា គេ​មិនអាច​ដំឡើង​តម្លៃ​បាន​ទៀត​ទេ ព្រោះ​តម្លៃ​នេះ​ខាង​ថ្នាក់លើ​មក​កំណត់​ឲ្យ​បណ្ដឹង​ខាង​ក្រុមការងារ និយាយ​»​។​​ប្រភពព័ត៌មាន​ពី​សហគមន៍​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​បានកំណត់​តម្លៃ និង​ប្រកាសថា តម្លៃ​ដី​លំនៅឋាន​ជាប់​ផ្លូវ​ក្រួស​ក្រហម​តម្លៃ ៣​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ ដីស្រែ​ជាប់​ផ្លូវ​ក្រួស​ក្រហម​តម្លៃ ១​ដុល្លារ ដី​ភូមិ ឬ​ដី​លំនៅឋាន​តម្លៃ ១​ដុល្លារ ៥០​សេន ដីស្រែ​ពុំមាន​ផ្លូវធំ​ចេញចូល​តម្លៃ ៥០​សេន និង​ដីព្រៃ​មិនទាន់​កាប់ឆ្ការ​រួច​តម្លៃ​ក្នុង ១​ម៉ែត្រការ៉េ ២០​សេន ហើយ​តម្លៃ​នេះ​មិនអាច​កែប្រែ​បានឡើយ​។​​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បរិបូរណ៍ លោក ឃួន សៅ​រុំ ថ្លែង​បញ្ជាក់ថា អាជ្ញាធរ​គ្រាន់តែ​ជា​អ្នកសម្របសម្រួល ចំណែក​ការកំណត់​តម្លៃ​ដី​ដែល​ប៉ះពាល់​នោះ គឺ​ខាង​រដ្ឋាភិបាល ឬ​អន្តរក្រសួង​ជា​អ្នកកំណត់​។ យ៉ាងណា​លោក​ថា តម្លៃ​នេះ​សមរម្យ​ហើយ​សម្រាប់​ដី​នៅ​តំបន់​នោះ ហើយ​មាន​ពលរដ្ឋ​ភាគតិច​ប៉ុណ្ណោះ​ដែល​ប្រតិកម្ម ឬ​មិន​ពេញចិត្ត​ចំពោះ​សំណង​ដែល​គ្រោង​នឹង​ផ្ដល់​នេះ​៖ «​ខ្ញុំ​បាន​ចូល រួច​ដែរ​តើ (​កាលពី​ប្រកាស​តម្លៃ​ដី​របស់​អន្តរក្រសួង​) និយាយ​រួម​មានតែ​ពីរ ឬ​បីនាក់​ទេ​ដែល​គាត់​តវ៉ា​ថា តម្លៃថោក ហើយ​ក្រុមការងារ​ក៏បាន​ពន្យល់​ហេតុផល​ហ្នឹង​ទៅវិញ​ទៅណា​»​។​​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​អ្នកទទួលបន្ទុក​សម្រប​សម្រួល​លើ​ការងារ​នេះ គឺ​លោក អ៊ុន សំអុល និង​មន្ត្រី​ក្រសួង​ធនធានទឹក ផ្សេងទៀត ដើម្បី​បំភ្លឺ​តប​បញ្ហា​នេះ​ទេ​។​​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​អា​ចាង នៅ​ស្រុក​បរិបូរណ៍ មាន​ប្រឡាយ​មេ​មួយ​ខ្សែ​ប្រវែង​ជិត ២០​គីឡូម៉ែត្រ (១៩.៥០០​ម៉ែត្រ​) និង​ប្រឡាយ​រង​ចំនួន ១០​ខ្សែ ដែល​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​ជាង ១​ម៉ឺន​ហិកតារ (១០.៣០០​ហិកតារ​) នៅ​ឃុំ​ចំនួន​១០ ក្នុងស្រុក​បរិបូរណ៍ និង​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជា​ក់ថា ប្រឡាយ​មេនេះ​មាន​ទំហំ​ទទឹង ២៦​ម៉ែត្រ និង​ជម្រៅ​ប្រហែល ៥​ម៉ែត្រ ស្ថាបនា​ដោយ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ (Sinohydro) ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤៣​លាន​ដុល្លារ ជា​ជំនួយ​របស់​ប្រទេស​ចិន ហើយ​ត្រូវ​ប្រើ​រយៈពេល​បី​ឆ្នាំ និង​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី(RFA) ចេញផ្សាយថ្ងៃទី២៩​ ខែមករា ឆ្នាំ២០១៥ ។