• ពលរដ្ឋ​ខេត្តពោធិ៍សាត់​ព្រមាន​ទប់ស្កាត់​ការចិញ្ចឹម​ត្រី​ឆ្ដោរ​និង​ឆក់​ត្រី​ក្នុង​បឹង​គុជ​នប់​ដោយ​ខ្លួនឯង​

    • Issue Date 03-Mar-2015

    ​តំណាង និង​ពលរដ្ឋ​រស់នៅ​ឃុំ​មួយចំនួន​នៃ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ព្រមាន​ចុះ​ដកហូត​ម៉ាស៊ីនបូមទឹក និង​ទប់ស្កាត់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ឆក់​ត្រី​ក្នុង​បឹង​គុជ​នប់ ដោយ​ខ្លួនឯង ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​មិន​ដោះស្រាយ​។ ក្រុម​ពលរដ្ឋ​បញ្ជាក់ថា សកម្មភាព​ចិញ្ចឹម​ត្រី​ទាំងនេះ​បាន​ធ្វើឲ្យ​ទឹកបឹង​គុ​ជនប់ រី​ង និង​ប៉ះពាល់​ដល់​ពលរដ្ឋ​មិន​អាច​ប្រើ​ទឹក​ជាច្រើន​ភូមិ​។​​តំណាង​ពលរដ្ឋ​មកពី​ឃុំ​អន្លង់ត្នោត ឃុំ​ឈើ​តុំ និង​ឃុំ​ក្បាល​ត្រាច បាន​រកឃើញ​ម៉ាស៊ីនបូមទឹក​ចំនួន ៩​គ្រឿង កំពុង​បញ្ឈរ​ចាំ​បូមទឹក​បឹង​គុជ​នប់ និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ចំនួន​ពីរ ហើយ​ស្រះ​ចិញ្ចឹម​ត្រី​ប្រា និង​ត្រី​ទី​ឡា​ព្យា ចំនួន ១០​ស្រះ​។ ពួក​គាត់​ថា អាជ្ញាធរ​ឃុំ និង​ស្រុក តែងតែ​ឆ្លើយ​ខុស​ការ​ពិត​អំពី​បញ្ហា​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ជា​មួយ​អ្នកសារព័ត៌មាន ហើយ​មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទេ​។​​ប្រជាពលរដ្ឋ​មកពី​ឃុំ​ក្បាល​ត្រាច អ្នកស្រី ឡោ​ន ស៊ី​វី មានប្រសាសន៍​នៅ​ថ្ងៃទី​៣ ខែ​មីនា ថា តំណាង និង​ប្រជាពលរដ្ឋ​កំពុង​ពិភាក្សា​រៀបចំ​វិធានការ​ទប់ស្កាត់​បទល្មើស​ឆក់​ក្នុង​បឹង និង​ដកហូត​ម៉ាស៊ីនបូមទឹក​តាម​ទំនប់ នៃ​បឹង​គុជ​នប់ ទៅ​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ជល​ផល​ស្រុក​។ អ្នកស្រី​បន្ត​ថា បឹង​គុជ​នប់ មាន​ប្រភពទឹក​ចេញពី​អូរ​ជាច្រើន ហើយ​ទំនប់​ក៏​មិន​បាក់​ធ្លាយ​ទឹក​ទៅ​ណា​ក្រៅពី​បូម​បញ្ចូល​ស្រះ​ដែរ​៖ «​យើង​ចាំ​មើល​អាជ្ញាធរ​ប្រសិនបើ​អត់​ទប់ស្កាត់​អី​ទៅលើ​បញ្ហា​បូមទឹក​ដាក់​ស្រះ​អី​ហ្នឹង​ទេ ពួក​ខ្ញុំ​នឹង​ទៅ​ទប់ស្កាត់​ផ្ទាល់​ទៅ​ចាប់​ម៉ាស៊ីន​កន្លែង​បូមទឹក ទៅ​ដាក់​ឲ្យ​កន្លែង​ជលផល​តែម្ដង ចាំ​មើល​គាត់​ថា​ម៉េច​ទៀត ព្រោះ​អី​ព័ត៌មាន​ទាំងអស់​ហ្នឹង​មិនមែន​គាត់ (​អាជ្ញាធរ​មូលដ្ឋាន​) ឆ្នាំមុនៗ​អ៊ីចឹង​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ គាត់​បាន​តែ​ចុះមក​យក​លុយ​ទេ​»​។​​ទាក់ទង​បញ្ហា​នេះ ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី អ្នកស្រី អ៊ឹង ស្រី​ណាក់ បញ្ជាក់ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ចោទ​ប្ដី​របស់​គាត់​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ថា​បាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុសច្បាប់ តែ​ជាក់ស្ដែង គ្រួសារ​គាត់​មាន​ស្រះ​ជួល​ឲ្យគេ និង​ចិញ្ចឹម​ត្រី​ខ្លួនឯង​សរុប​ចំនួន ១០​ស្រះ ហើយ​ត្រី​ដែល​ចិញ្ចឹម​នោះ គឺជា​ប្រភេទ​ត្រី​ប្រា និង​ត្រី​ទី​ឡា​ព្យា ដែល​ការចិញ្ចឹម​នេះ​មិន​ត្រូវការ​ទឹក​ផ្លាស់ប្ដូរ​ច្រើន​ដង​ទេ​។អ្នកស្រី​ថា បច្ចុប្បន្ន​អ្នក​ជួល​ស្រះ​របស់គាត់ ចិញ្ចឹម​ត្រី​មាន​ម៉ាស៊ីនបូមទឹក​ចាស់​មួយគ្រឿង កំពុង​បញ្ឈរ​ចោល​នៅ​បឹង​គុជ​នប់ មែន ព្រោះ​ម្ចាស់​ឈឺ កំពុង​សម្រាក​ព្យាបាល​នៅ​វៀតណាម​៖ «​គាត់ (​ប្ដី​) ធ្វើ​មន្ត្រី ប៉ុន្តែ​គាត់​មិន​ដែល​ទៅ​ស្រះ​វា​ក់វិន (​ជាប់ទាក់ទង​) ជាមួយ​ខ្ញុំ​ទេ​។ដី​ហ្នឹង​ពេល​ខ្ញុំ​ទិញ ហើយ​ខ្ញុំ​ជីក​ស្រះ​យូរហើយ សហគមន៍​នៅ​នោះ​ក៏​ដឹង​ដែរ ព្រោះ​អី​ប្អូន​ខ្ញុំ​នៅ​ស្វាយ អត់​មាន​ការងារ​ធ្វើ បានជា​ខ្ញុំ​ជួល​ស្រះ​ដាច់​ឲ្យ​វា​ទៅ រួច​ហើយ​វា​ចិញ្ចឹម​តែ​ត្រី​ហ្នឹង (​ត្រី​ទី​ឡា​ព្យា និង​ត្រី​ប្រា​) វា​អត់​មានលទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទេ​»​។​​ចំណែក​មេឃុំ​ក្បាល​ត្រាច លោក ដួង សារិន ថ្លែងថា បទល្មើស​ឆក់​នៅ​បឹង​គុជ​នប់ អាច​នឹង​កើតមាន​ខ្លះ​មែន ដោយសារ​ប្រជា​ការពារ​ភូមិ​មិនសូវ​ទៅដល់​។ លោក​ថា អាជ្ញាធរ​ឃុំ និង​សហគមន៍ នឹង​មាន​វិធានការ​គ្រប់គ្រង​ទឹក​នៅ​រដូវវស្សា​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​តម្កល់​ទឹក​ឲ្យបាន​ប្រើប្រាស់​រហូត​ដល់​រដូវ​ប្រាំង​ឡើងវិញ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​មាន​អ្នកប្រើប្រាស់​ទឹក​ច្រើនពេក​។​​ពលរដ្ឋ​ឲ្យដឹងថា បឹង​គុជ​នប់ មាន​ទំហំ​ប្រហែល ១០​ហិកតារ ជម្រៅ ៤​ម៉ែត្រ​។ បឹង​នេះ​មាន​ពលរដ្ឋ​ជាច្រើន​ភូមិ នៃ​ឃុំ​ក្បាល​ត្រាច ប្រើប្រាស់​។ ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ទប់ស្កាត់​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់​ទឹក​បឹង​គុជ​នប់​៕​ដងស្រង់ចេញពីវិទ្យុ អាស៊ីសេរី ចេញផ្សាយនៅថ្ងៃទី ២០១៥-០៤-០៣ ។