-
តុលាការខេត្តកោះកុងកោះហៅសកម្មជនការពារធនធានធម្មជាតិនៅតំបន់អារ៉ែងសាកសួរ
- Issue Date 04-Mar-2015
តុលាការខេត្តកោះកុង ចេញដីកាកោះហៅតំណាងសហគមន៍ម្នាក់ដែលតែងតែចូលរួមយ៉ាងសកម្មការពារធនធានធម្មជាតិនៅតំបន់អារ៉ែង បន្ទាប់ពីលោក អាឡិច ត្រូវបានអាជ្ញាធរ បណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ។ តាមដីកាកោះរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុងលោក ប៊ូ ប៊ុនហាង ដែលVODទទួលបាននៅថ្ងៃអាទិត្យនេះឲ្យដឹងថា តុលាការខេត្តកោះកុងបានចេញដីកាកោះហៅតំណាងសហគមន៍ការពារធនធានធម្មជាតិនៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ឲ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង២.៣០នាទី ដើម្បីសាកសួរតាមបណ្តឹងរបស់រដ្ឋបាលព្រៃឈើនៅតំបន់នោះ ។ VOD មិនអាចទាក់ទងលោក វ៉ែន វ៉ន ដើម្បីសួរពីការយល់ឃើញរបស់លោកចំពោះដីកាកោះនេះបានទេ ដោយហៅទូរសព្ទមិនចូល ។ មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សអង្គការលីកាដូលោក អ៊ិន គង់ជិត យល់ថា ដីកាកោះរបស់តុលាការដែលធ្វើតាមបណ្តឹងរបស់រដ្ឋបាលព្រៃឈើ គឺជារឿងគំនុំ ព្រោះមុនអាជ្ញាធរបណ្តេញលោក អាឡិចចេញពីកម្ពុជា គឺលោក វ៉ែន វ៉ន ជាមុខសញ្ញាទីពីរដែលតែងតែចេញមុខយ៉ាងសកម្មការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ។ លោកថា តុលាការមិនចាត់ការលើក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ និងដឹកឈើជារៀងរាល់ថ្ងៃចេញពីតំបន់នោះ បែរជាមកចាត់ការលើអ្នកការពារធនធានធម្មជាតិទៅវិញ ។ លោក អ៊ិន គង់ជិត បញ្ជាក់ថា អង្គការលីកាដូ និងអង្គការមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បានត្រៀមមេធាវីការពារក្តីឲ្យលោក វ៉ែន វ៉ន រួចហើយ ។ មន្ត្រីសង្គមស៊ីវិលឲ្យដឹងថា លោក វ៉ែន វ៉ន ជាតំណាងសហគមន៍ការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ហើយលោកធ្លាប់ចូលរួមយ៉ាងសកម្មជាមួយជនជាតិអេស្ប៉ាញលោក អាឡិច ដើម្បីការពារធនធាន ធម្មជាតិនៅតំបន់អារ៉ែង ដែលក្រុមហ៊ុនចិនឈ្មោះ ស៊ីណូហាយត្រូ ចុះទៅអភិវឌ្ឍន៍ និងគ្រោងសង់ទំបន់វារីអគ្គិសនីតំបន់នោះតែអ្នកការពារធនធានធម្មជាតិ សិក្សាឃើញថា បើមានការសង់ទំបន់អគ្គិសនីនឹងធ្វើប៉ះពាល់ដល់ធនធានធម្មជាតិនៅតំបន់នោះ ៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៥ ។