• អង្គការសិទ្ធិមនុស្ស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​សកម្មជន​ដីធ្លី​១២​នាក់​

    • Issue Date 12-Mar-2015

    អង្គការ​ការពារ​សិទ្ធិមនុស្ស ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​១២​នាក់ ដើម្បី​បង្ហាញ​ទៅដល់​អ្នក​ជាប់ឃុំ​ទាំងនោះ​ថា ពួកគេ​មិនមាន​ភាព​ឯក​កា និង​លើកទឹកចិត្ត​សកម្មជន​ផ្សេងទៀត​ឲ្យ​ហ៊ាន​ការពារ​ដី​របស់ខ្លួន ។​​ការប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​៦ ខែមីនា​នេះ ។ ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ចំនួន​១១​អង្គ​/​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ខណៈដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ ។ ចំណែក​កញ្ញា លី ស៊ីវ​មិញ ត្រូវបាន​ចាប់ខ្លួន​ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន​សៀ បន្ទាប់ពី​ក្រុមគ្រួសារ​ពួកគេ​មិន​ព្រម​ចាក​ចេញពី​ទីតាំង​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់​១ ។ ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ថ្លែង​ក្នុង​សន្និសីទ​នេះ​ថា យុទ្ធនាការ​នេះ​ដើម្បី​បង្ហាញថា ស្ត្រី​ដែលជា​សកម្មជន​ការពារ​ដីធ្លី​គួរ​ទទួលបាន​កិច្ចការពារ​ពី​រដ្ឋាភិបាល ជាជាង​ការ​ចាប់ចង និង​មានការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ ។ លោកស្រី​បន្តថា ការចាប់​ស្រី្ត​ដាក់ពន្ធនាគារ​នេះ វា​អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​មូលដ្ឋាន ក្រុមគ្រួសារ ជាពិសេស​ប៉ះពាល់​ដល់​កុមារ​ដែល​គ្មាន​ម្តាយ​ទំនុកបំរុង ។ លោកស្រី​ថ្លែងថា «​ថ្ងៃនេះ​ខ្ញុំ​គ្រាន់តែ​ចង់​ឆ្លៀតឱកាស​ថា សហគមន៍​បើទោះបី​គាត់​បច្ចុប្បន្ន គាត់​ជាប់​នៅ​ពន្ធនាគារ​ក្តី គឺ​សង្គម​ស៊ីវិល​យើង​តែងតែ​យកចិត្តទុកដាក់ ហើយ​យើង​តែងតែ​ព្យាយាម​គិត​នូវ​យុទ្ធសាស្ត្រ នានា ថា​តើ​យើង​អាច​ធ្វ​យ៉ាងម៉េច​ដើម្បី​អាចជួយ​ដល់​ពួកគាត់ ហើយ​ដើម្បី​ធ្វើ​យ៉ាងម៉េច ដែល​គាត់​ប្រឈម​នៅក្នុង​ពន្ធនាគារ​នេះ គឺ​គាត់​មិន​ឯកា​»​។​​លោកស្រី ចក់ សុភាព បន្ថែមថា យុទ្ធនាការ​នេះ​ក៏​ដើម្បី​ផ្ញើ​សារ​ដល់​អ្នក​ជាប់ឃុំ​ទាំងនោះ​ថា ពួកគេ​មិនមាន​ភាព​ឯកា​នោះទេ ហើយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នឹង​ទាមទារ​សិទ្ធិ​ជូន​ស្ត្រី​ទាំងនោះ ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សង្គម​ស៊ីវិល​នៅតែ​គាំទ្រ និង​លើកទឹកចិត្ត​ទៅដល់​ស្ត្រី និង​បណ្តា​សហគមន៍​ទាំងអស់ ដែល​ក្រោកឈរ​ដើម្បី​ការពារ​សិទ្ធិសេរីភាព​របស់ខ្លួន ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល បន្ថែម​ការយកចិត្តទុកដាក់​ក្នុងការ​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស ក៏ដូចជា​ស្រី្ត​ដែល​ពួកគេ​ចេញ​តស៊ូ​មតិ ។ ​កុមារី សៀង ស្រី​ភ័ស្តុ អាយុ​១២​ឆ្នាំ ជា​កូនស្រី​របស់​អ្នក​ជាប់ឃុំ អ្នកស្រី ភួង សុភាព ដែល​មានកូន​ក្នុងបន្ទុក​៧​នាក់ រៀបរាប់ថា ខណៈ​ម្តាយ​របស់ខ្លួន​ស្ថិតនៅ​ពន្ធនាការ ក្នុង​ក្រុមគ្រួសារ​ពួកគេ​គ្មាន​អ្នកផ្គត់ផ្គង់​អាហារ និង​ថែទាំ​កូនចៅ ។ កុមារី​រូបនោះ​សង្ឃឹមថា​រដ្ឋាភិបាល នឹង​ពិរ​ចារណា​ឡើងវិញ​ដោះលែង​ម្តាយ​របស់ខ្លួន និង​សកម្មជន​ដីធ្លី​ផ្សេងទៀត «​ពួក​ខ្ញុំ​អត់​ម្តាយ​ពិបាក​ណាស់ ប្អូន​ខ្ញុំ​នៅផ្ទះ​ឈឺ ព្រោះ​អី​អត់​មាន​ម៉ាក់​នៅផ្ទះ​ហើយ​បង​ខ្ញុំ​ទៅធ្វើ​ការបាត់​អ៊ីចឹង អត់​មាន​អ្នកណា​នៅ​មើល​ប្អូន​ទេ ហើយ​ខ្ញុំ​ទៅ​រៀន​បាត់​ទៀត ដល់​ម៉ោង​១២​ទើប​ខ្ញុំ​បាន​ដាំបាយហូប​បង ព្រោះតែ​ម្តាយ​ខ្ញុំ​អត់​នៅ ។ កាល​មុន​ម្តាយ​ខ្ញុំ​នៅ ខ្ញុំ​ម៉ោង​១១​ហូបបាយ ហើយ​ប្អូន​ខ្ញុំ​ខ្យល់​ទៀត ថវិការ​ខ្វះខាត ខ្ញុំ​ទៅ​រៀន​ខ្វះខាត​ច្រើនណាស់​» ។​ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ​ ចេញផ្សាយថ្ងៃទី​ ០៦ ខែមីនា​​​ ឆ្នាំ២០១៥ ។