• ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកការពារ​សិទ្ធិ​ដីធ្លី​១២​នាក់​មុន​ថ្ងៃ​សិទ្ធិនារី​

    • Issue Date 17-Mar-2015

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ស្ថាប័ន បានចេញ​សេចក្ដី​ការណ៍​រួម​នៅ​ថ្ងៃទី​៦ មីនា អំពាវ​ដល់​ស្ថាប័ន​តុលាការ ដោះលែង​អ្នកការពារ​សិទ្ធិ​ដីធ្លី​ចំនួន​១២​នាក់​ជាបន្ទាន់ មុខ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនាឆ្នាំ​២០១៥​។​​ក្នុងចំណោម​អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង​១២​នាក់ មាន​១១​នាក់​ជា​ស្ត្រី​បឹងកក់ រួមមាន​លោកស្រី ទេព វ​ន្នី ង៉ែត ឃុន សុង ស្រី​លាភ គង់ ចន្ថា ផាន់ ឈុន​រ៉េត បូ ឆវី នង ស្រេង ហេង ពេជ្រ អ៊ឹម ស្រី​ទូច ភួង សុភាព កញ្ញា លី ស៊ីវ​មិញ និង​ព្រះតេជព្រះគុណ សឺ​ន ហាយ​។​​អ្នក​ជាប់ឃុំ​១១​នាក់​ក្នុងចំណោម​១២​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មុន​ក្រោយ​គ្នា​មួយថ្ងៃ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅពេលដែល​ពួកគេ តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ទឹក​លិច​ផ្ទះសម្បែង​របស់​ពួកគាត់ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន យកមក​សវនាការ​នៅ​តុលាការក្រុង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចៅក្រម​សាលាដំបូង​រាជធានី ប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​។​​ចំណែក​កញ្ញា លី ស៊ីវ​មិញ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ឪពុក គឺ​លោក លី ស្រ៊ា​ខេង ក្នុង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ នៅពេល​ពួកគេ​មិន​ព្រម​ចេញពី​ដី​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់​១ កាលពី​ថ្ងៃទី ១៨ វិច្ឆិកា ២០១៤​។​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់ថា អ្នក​ជាប់ឃុំ​ទាំង​១២​នាក់​នោះ ពុំ​ទទួលបាន​ការការពារ​ដោយ​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ និង​ការប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដែល​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា អនុសញ្ញា​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​ឡើយ​។​​ លើសពីនេះទៅទៀត​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ក្រើនរំលឹក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​អ្នក​ទាំង​១២​នាក់​នោះ​ជាបន្ទាន់ នៅមុន​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំនេះ ដើម្បី​បង្កើន​ភាពជឿជាក់​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដោយ​ទទួលស្គាល់​សារសំខាន់ និង​ភាពស្របច្បាប់​នៃ​អ្នកការពារ​សិទ្ធិមនុស្ស ជាពិសេស​អ្នកការពារ​សិទ្ធិមនុស្ស ដែលជា​ស្ត្រី​ក្នុងការ​លើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ក៏ដូចជា​ការប្ដេជ្ញាចិត្ត​ថ្មី​របស់​រដ្ឋាភិបាល ដើម្បី​គោរព​សិទ្ធិមនុស្ស ចំពោះមុខ​សហគមន៍​អន្តរជាតិ មុន​ពេលដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៤ ត្រួតពិនិត្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៧ និង​១៨ មីនា​ខាងមុខ​៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៦ ខែ មីនា​ ឆ្នាំ២០១៥ ។