• CCHR​ថា តុលាការ​ផ្តន្ទាទោស​មេធា​វី​និង​តំណាង រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជាការ​រំលោភ​សិទ្ធិពលរ​ដ្ឋ​

    • Issue Date 17-Mar-2015

    លោក ចាន់ ចេង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​(​ឆ្វេង​) លោក ជូ​ង ជូ​ងី ជា​មេធាវី​(​ស្តាំ​) អង្គការ​ឃ្លាំមើល​ការ​រំរ​លោភ​សិទ្ធិមនុស្ស ហៅ​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ដែល​បាន​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភ​កាតព្វកិច្ច​របស់ រាជរដ្ឋាភិបាល​ក្នុង​ការធានា​សិទ្ធិ ទទួលបាន​ការជុំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌ ។​​ ការ​ប្រតិ​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្តកណ្តាល កាលពី​ម្សិលមិញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ពីបទ ផ្តល់​មធ្យោបាយ​ឲ្យ​អ្នកទោស​លួច​រត់ ។​​ សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃទី ១៣ មីនា បាន​រៀបរាប់​ហេតុការណ៍​ថា សាលក្រម​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តកណ្តាល គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង លោក ជូ​ង ជូ​ងី ដែល​ជួយ​លោក មាស ប៉េង ជា​ជំទប់​ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​កាលពី​ខែកញ្ញា​ឆ្នាំ ២០១១ ។​​សេចក្តីប្រកាស​បន្តថា​លោក ជូ​ង ជូ​ងី អះអាងថា​លោក មាស ប៉េង ត្រូវបាន​សម្រេច​បញ្ជូន​ទៅ​ពន្ធនាគារ ដោយ​ចៅ​ក្រុម​ស៊ើបសួរ​ខកខាន​ក្នុង​ការចេញ​ដីការ​ឃុំខ្លួន ។ ពេលនោះ​លោក ជូ​ង ជូ​ងី អះអាងថា ការឃុំខ្លួន​លោក មាស ប៉េង គឺ​ខុសច្បាប់ ហើយ​ទាមទារ​ឲ្យ​មានការ​ដោះលែង​វិញ និង​ចាក​ចេញពី​ពន្ធនាគារ ខណៈដែល​នគរបាល​និង​មន្ត្រី​ពន្ធនាគារ​ពុំមាន​ដីការ​ឃុំខ្លួន​មក​បង្ហាញ ។ ​ ជា​លទ្ធផល​លោក ជូ​ង ជូ​ងី ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្តល់​មធ្យោបាយ​លួច​រត់ ដូចគ្នា​នឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ចាន់ ចេង ដែល​បាន​យក​រថយន្ត​ទៅ​ដឹក​លោក មាស ប៉េង ចេញពី ពន្ធនាគារ​។​​ទាក់ទង​នឹង​សាលា​ក្រម​នេះ លោក​មេធាវី ជូ​ង ជូ​ងី ថ្លែងថា លោក​មិន​សុខចិត្ត​ចំពោះ​សាលក្រម​នោះទេ ហើយ​ថា​នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ ។ លោក​ថា « វា អត់​ត្រូវ ពីព្រោះ​សម្រាប់​ខ្ញុំ​ជា​មេធាវី​ដែល​ខ្ញុំ​ការពារ​លោក មាស ប៉េង ក្នុង​រឿង​មុន ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​នៅក្នុង​រឿងនេះ គឺ​វា​អត់​មាន​បទល្មើស​ដូច​ការចោទប្រកាន់​ទេ​» ។​​សេចក្តីប្រកាស​ដដែល យល់ថា ការផ្តន្ទាទោស​នេះ ជាការ​រំលោភ​កាតព្វកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការធានា​សិទ្ធិ​ទទួលបាន ការជុំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ៕​ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិតេយ្យ ចេញផ្សាយថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៥ ។