• សហគមន៍​បុរី​កីឡា​ដែល​បណ្តេញចេញ​គំរាម​តវ៉ា​ទ្រង់ទ្រាយ​ធំ​បើ​សំណង​មិន​យុត្តិធម៌

    • Issue Date 23-Mar-2015

    តំណាង​សហគមន៍​បុរី​កីឡា ព្រមាន​ពី​ការផ្ទុះ​ការតវ៉ា​តាម​ដឹង​ផ្លូវ​ក្នុងរ​រាជធានី​ភ្នំពេញ​ម្តងទៀត ប្រឆាំងនឹង​ការបណ្តេញចេញ បើ​កិច្ច​អន្តរាគមន៍​ផ្តល់​ដំណោះស្រាយ​របស់​អាជ្ញាធរ​គ្មាន​តម្លាភាព​សម្រាប់​អ្នក​ដែល​បាន​បណ្តេញចេញ ។​​តំណាង​អ្នក​តវ៉ា​អ្នកស្រី ឆាយ គឹម​ហ៊​ន ឲ្យ​VOD​ដឹង ពេល​ចូលរួម​តវ៉ា ជាមួយ​សហគមន៍​បឹងកក់​មុខ ស្ថានទូត​អាមេរិក នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ខែមីនា​នេះ​ថា សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ប្រកាស​ឈ្មោះ​អ្នកទទួលបាន​សំណង​នៅ​សហគមន៍​បុរី​កីឡា​ដែល​បាន​បណ្តេញចេញ កាលពី​ជាង​៣​ឆ្នាំមុន ។​​ប៉ុន្តែ​ស្រី្ត​រូបនោះ​អះអាងថា ដំណោះស្រាយ​នោះ មន្ត្រី​ជំនាញ ហាក់​ផ្តល់​ប្រយោជន៍​ច្រើន​ឲ្យ​ទៅ ភាគី​ក្រុមហ៊ុន​ដែល​បាន​បណ្តេញ​អ្នកភូមិ​ចេញទៅ​វិញ​ធ្វើ​ឲ្យ​អ្នករងគ្រោះ​ពិតប្រាកដ ភាគច្រើន​នៅតែ​មិនអាច​ទទួលយកបាន ។ ​អ្នកស្រី ឆាយ គឹម​ហ៊​ន គំរាមថា បើ​អាជ្ញាធរ​រួមទាំង​ភាគី​ពាក់ព័ន្ធ ដែល​ចូលរួម​រក​ដំណោះស្រាយ​មិន​ពិចារណា ពី​ការជំទាស់​របស់​អ្នកភូមិ​ទេ នោះ​អ្នករងគ្រោះ​នឹង​បណ្តធ្វើ​យុទ្ធនាការ ជំរុញ​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ​ដោះស្រាយ​ករណីនេះ ។​​បើតាម​ពលរដ្ឋ​អះអាងថា អ្នក​ដែល​បាន​បណ្តេញចេញ​នៅ​សហគមន៍​បុរី​កីឡា​១៥៤​គ្រួសារ​ទទួលបាន​សំណង​៣​ប្រភេទ​ផ្សេងគ្នា គឺ​ប្រ​ភេ​ទី​១​ពលរដ្ឋ​២៦​គ្រួសារ​ទទួលបាន​ផ្ទះ​នៅ​បុរី​កីឡា ៨៩​គ្រួ​សារបាន​ផ្ទះ​នៅ​សហគមន៍​អណ្តូង ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​៣៩​គ្រួសារ​ទៀត ទទួលបាន ដំណោះស្រាយ​គោលនយោបាយ​ជា​ចំនួន​ទឹកប្រាក់ ។​​ប៉ុន្តែ​អ្នកមាន​ឈ្មោះ​ទទួលយក​ផ្ទះ​នៅ​សហគមន៍​អណ្តូង អះអាងថា ពួកគេ​នឹងមិន​ទទួលយក​ទេ​ដោយ​ផ្ទះ​នោះ​មាន​ទំហំ​តែ​៤​គុណ​៥ កម្ពស់​តែ​២,៥​ម៉ែត្រ ប្រក​ស័​ង្ស៊ី ដែល​ពួកគេ​យល់ថា មិនមែនជា​ផ្ទះ ជា​ប្រភេទ​បន្ទប់​ជួល មាន​ទំហំ​តូច ហើយ​ក្តៅ ដែល​អ្នកមាន​សមាជិក​គ្រួសារ​ច្រើន​មិនអាច​រស់នៅ​បាន ។​​យ៉ាងណា​ក៍ដោយ សាលា​រាជធានី​ភ្នំពេញ ទុកពេល​ឲ្យ​៤០​ថ្ងៃ ចាប់ពី​ថ្ងៃ​បិទ​ប្រកាស សម្រាប់​ឲ្យ​សហគមន៍ ដែល​បាន​បណ្តេញចេញ កាលពី​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១២​នេះ បង្ហាញ​ឯកសារ​ផ្សេងៗ​ដើម្បី​តវ៉ា​ជំទាស់ ៕​ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្យាយថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៥ ។