-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្កើនចំណេះដឹងផ្នែកច្បាប់ដល់សហគមន៍ក្រីក្រ
- Issue Date 27-Mar-2015
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានចាក់បញ្ចាំង ភាពយន្តឯកសារខ្លីមួយឲ្យតំណាងសហគមន៍អ្នកមានជម្លោះដីធ្លីទស្សនា ដែលអង្គការនោះយល់ថា ដើម្បីលើកកម្ពស់ការយល់ដឹងពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ខណៈតុលាការរងការរិះគន់ថាមានទំនោរទៅរកបក្សកាន់អំណាច។ការចាក់បញ្ចាំងនេះ ធ្វើឡើងនៅស្នាក់ការ(CCHR)ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជិត ១០០នាក់ មកពីតំណាងអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍អ្នកមានជម្លោះដីធ្លីខ្លះ នៅតំបឹងកក់ និងបុរីកីឡាជាដើម។អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការរបស់(CCHR) លោក សួន ប៊ុនធឿន ថ្លែងថា ការជំនុំជម្រះក្តីក្នុងតុលាការបច្ចុប្បន្ននេះ ពេលខ្លះជនសង្ស័យ ឬជនជាប់ចោទ គ្មានមេធាវីការពារ និងពេលខ្លះទៀត គ្មានវត្តមានជនជាប់ចោទក្នុងសវនាការ។លោក សួន ប៊ុនធឿន ឲ្យដឹងទៀតថា តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតខ្លីនេះ អ្នកទស្សនានឹងយល់ដឹងពីសិទ្ធិ និងអាចជំរុញឲ្យពួកគេចេះប្រើប្រាស់សិទ្ធិនេះ ហើយអាចជាចរន្តជំរុញឲ្យចៅក្រមកាត់ក្តីដោយឯករាជ្យ។ខ្សែភាពយន្តខ្នាតខ្លីនោះ បានបង្ហាញពីដំណើររឿងក្មេងប្រុសម្នាក់ រងការចោទប្រកាន់ទាំងអយុត្តិធម៌ ដោយចោទពីបទលួចសម្ភារៈ។ ហើយផ្នែកខ្លះទៀតនៃភាពយន្តនោះ បង្ហាញពីបទសម្ភាសជាមួយ សកម្មជនរងគ្រោះមួយចំនួន ដែលរងការរំលោភបំពានដោយតុលាការ មេធាវី និងមន្ត្រីរដ្ឋាភិបាល។ជាងនេះទៅទៀតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថា បើទោះបីជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ មានការធានាការពារពីច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ ដែលកម្ពុជាជាភាគីហត្ថលេខីក៏ដោយ ក៏ជនជាប់ចោទនៅកម្ពុជាកម្រទទួលបានសវនាការប្រកបដោយយុត្តិធម៌ដែរ។មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងក្នុងសេចក្តីថ្លែងការណ៍នោះថា តុលាការកម្ពុជាបច្ចុប្បន្នត្រូវបានគេមើលឃើញថា មានកង្វះឯករាជ្យភាព និងដំណើរការនីតិវិធីក្រោមការជ្រៀតជ្រែកពីអ្នក នយោបាយ ។យ៉ាងនេះក្តីប្រមុខរាជរដ្ឋាភិបាល ធ្លាប់អះអាងជារឿយៗថា ខ្លួនមិនមានឥទ្ធិពលណាមួយត្រួតត្រាទៅលើប្រព័ន្ធយុត្តិធម៌ទេ៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ ។