-
តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺមុនចូលឆ្នាំខ្មែរ
- Issue Date 31-Mar-2015
តុលាការបានចេញដីកាកោះហៅ លោក កឹម សុខា ដែលជាអនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយក្នុងដីកានោះ មិនឃើញបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ។ប៉ុន្តែចំណាត់ការនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ព្រមានចាត់ការតាមប្រព័ន្ធតុលាការទៅលើអនុប្រធានគណបក្សប្រឆាំងរូបនេះ ដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។លោក ចាន់ ចេន ជាមេធាវីការពារក្តីលោក កឹម សុខា ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា កាលពីម្សិលមិញ លោកបានទទួលដីកាកោះហៅពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លី សុផាន់ណា ដែលកោះហៅលោក កឹម សុខា ជា អនុប្រធានទី១រដ្ឋសភាដែលមានអភ័យឯកសិទ្ធិតំណាងរាស្ត្រនោះ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥ខាងមុខនេះ ដើម្បីសាកសួរបន្ថែម។បើទោះជាដីកានោះ មិនបានបញ្ជាក់ពីមូលហេតុក្តីតែមេធាវី បញ្ជាក់ថាការកោះហៅនេះ ទាក់ទងទៅនឹងបាតុកម្ម កាលពីឆ្នាំ២០១៤នៅលើផ្លូវវ៉េងស្រេង បើទោះជាលោក កឹម សុខា បានចូលបំភ្លឺរួចរាល់ហើយក៏ដោយ។លោក ចាន់ ចេន ឲ្យដឹងទៀតថា បើគិតតាមផ្លូវច្បាប់ការកោះហៅកូនក្តីរបស់លោកគឺត្រូវតែដាក់លិខិតស្នើត្រឹមត្រូវតាមរយៈក្រសួងយុត្តិធម៌ ហើយឆ្លងកាត់រដ្ឋសភាជាមុនសិន មិនមែនគ្រាន់តែកោះហៅដោយមិនបញ្ជាក់មូលហេតុបែបនេះទេ ព្រោះកូនក្តីលោកមានអភ័យឯកសិទ្ធិ។ VODមិនទាន់អាចទាក់ទងព្រះរាជអាជ្ញារង លី សុផាន់ណា ដើម្បីសុំការឆ្លើយតបបន្ថែមលើដីកាកោះហៅបាននោះទេ ។អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ការកោះហៅនេះគឺជារឿងនយោបាយដែលគណបក្សកាន់អំណាចតែងយកប្រព័ន្ធតុលាការមកគំរាមកំហែងគណបក្សប្រឆាំង។ លោកបន្តថា លោក កឹម សុខា មានសិទ្ធិគ្រប់គ្រាន់សម្រេចចិត្តថាចូលឬមិនចូលបំភ្លឺ ព្រោះលោកមានអភ័យឯកសិទ្ធិ។របាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សរកឃើញថាមានបាតុករយ៉ាងតិច៧នាក់បានស្លាប់ ដោយសារគ្រាប់កាំភ្លើងរបស់ក្រុមសមត្ថកិច្ច ដែលបាញ់បង្ក្រាបនៅគ្រាបាតុកម្មទាមទារប្រាក់ឈ្នួល ក្លាយជាអំពើហិង្សា នៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។អ្នកវិភាគ និយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមទម្លាក់ការទទួលខុសត្រូវលើបញ្ហានេះ ទៅលើមេដឹកនាំកណបក្សប្រឆាំង ហើយចោទថា លោក កឹម សុខា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោត ២០១៣។ ប៉ុន្តែលោក កឹម សុខា បដិសេធថា លោកមិនបានថ្លែងថា ផ្តួលរំលំនោះទេ គឺគ្រាន់តែ និយាយថាផ្លាស់ប្តូរក្នុងន័យអហិង្សា និងដោយសន្តិវិធី តាមរយៈការបោះឆ្នោតដោយយុត្តិធម៌៕ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៥ ។