-
សកម្មជនដីធ្លីបដិសេធការចោទរបស់លោក ហ៊ុន សែន ដែលថាតវ៉ាដើម្បីពានរង្វាន់
- Issue Date 31-Mar-2015
សកម្មជនដីធ្លីតំបន់បឹងកក់ចេញតវ៉ាជាថ្មីទៀត នៅថ្ងៃចន្ទនេះ ដោយបដិសេធការចោទរបស់ លោក ហ៊ុន សែន ដែលបានចោទប្រកាន់លើពួកគេថា តវ៉ាកន្លងមកដើម្បីបានពានរង្វាន់ ឬតវ៉ាដើម្បីយកជំនួយជាដើមនោះ ។ស្ត្រីសកម្មជនដីធ្លីដែលនៅសេសសល់ពីការចាប់ដាក់ពន្ធនាគារ បានធ្វើសន្និសីទសារព័ត៌មាន នៅទីនៅមុខសាលារាជធានីភ្នំពេញ ដើម្បីបដិសេធនឹងការចោទប្រកាន់របស់នាយករដ្ឋមន្ត្រី ។ តំណាងពលរដ្ឋបឹងកក់ អ្នកស្រី បូវ សោភា ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ស្រុកខ្មែរគឺជាឋានសួគ៏សម្រាប់អ្នកធ្វើបាតុកម្ម អ្នកតវ៉ាមុខដដែលៗ និងអ្នកតវ៉ាដើម្បីយកពានជាដើម ។ ប៉ុន្តែអ្នកស្រី សោភា អះអាងថា ប្រជាសហគមន៍តវ៉ាគឺដើម្បីក្រពះ និងជម្រកដែលមន្ត្រីរបស់លោក ហ៊ុន សែន ធ្វើឲ្យបាត់បង់ ។ សកម្មជនដីធ្លីរូបនេះ បានហៅការថ្លែងរបស់លោក ហ៊ុន សែន ថាជាការមិនទទួលខុសត្រូវលើសុខទុក្ខពលរដ្ឋ ក្នុងនាមលោកជាថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ។អ្នកស្រីបញ្ជាក់ថា «និយាយរួមទៅ ពាក្យអស់ហ្នឹងខ្ញុំចង់តែសើចទេ វាជាពាក្យចំអកឡកឡាយ ផ្ទះប្រជាពលរដ្ឋដដែល មិនទាន់ដោះស្រាយឲ្យប្រជាពលរដ្ឋ ខ្ញុំបាននិយាយពីដើមហើយថា ប្រជាពលរដ្ឋមិនដែរចង់ដើរយំស្រែកតាមផ្លូវទេ តែមានដំណោះស្រាយគឺគាត់ឈប់ហើយ ។ ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួនដែលគាត់កំពុងតែបានដំណោះស្រាយដីធ្លីហើយ គាត់មានអីត្រូវតវ៉ាទៀត បើគាត់មានដំណោះស្រាយហើយ គាត់ត្រូវការរស់នៅជួបជុំគ្រួសារ ប្រកបរបររកស៊ីចិញ្ចឹមជីវិតរបស់គាត់» ។អ្នកស្រី បូវ សោភា អះអាងថា ការធ្វើបាតុកម្ម ឬតវ៉ារបស់ប្រជាសហគមន៍ដីធ្លីមូលហេតុចម្បង គឺមកពីពួកគេ គ្មានផ្ទះសម្បែងរស់នៅ និងផ្ទះរបស់ពួកគេត្រូវលោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនសម្បទានដីធ្លី ឈូសឆាយ ដោយគ្មានផ្តល់សំណងតាមតម្លៃទីផ្សារ និងតាមគោលការណ៍ច្បាប់ ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត VODមិនទាន់អាចសុំការបកស្រាយបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល ។អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា លោកមានការសោកស្តាយចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដែលថា សកម្មជនដីធ្លីតវ៉ាដើម្បីបានពានរង្វាន់ ។ លោកបន្តថា ក្នុងឋានៈជាថ្នាក់ដឹកនាំកំពូល ត្រូវតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយបើមិនមានលទ្ធភាពដោះស្រាយទេ មិនគួរប្រើសំដីចំអកបែបនេះឡើយ ។ លោកថា «ខ្ញុំមានការសោកស្តាយ ការចោទប្រកាន់ពួកគាត់ ការបាតុកម្ម ឬការជាប់គុកដើម្បីពានរង្វាន់ ប៉ុន្តែការពិតទៅ យើងមើលឲ្យច្បាប់ទៅ ថាបើមិនមានករណីដីធ្លីរបស់ពួកគាត់ ក៏ពួកគាត់ក៏មិនអាចធ្វើការតវ៉ា ដើម្បីទាមទារឲ្យមានដំណោះស្រាយដែរ» ។បើតាមអ្នកស្រី បូវ សោភា គឺសហគមន៍បានដាក់ញត្តិពី៣០ទៅ៥០ដង ទៅស្ទើរគ្រប់ក្រសួង និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី សុំឲ្យដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរៃនេះតែរហូតមកដល់ពេលនេះ នៅតែគ្មានដោះស្រាយ ៕ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៥ ។