• សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ភ្នំពេញ​ស្នើ​ស្ថានទូត​អាមេរិក​អន្តរាគមន៍​ជួយ​ដោះស្រាយ​

    • Issue Date 31-Mar-2015

    សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ភ្នំពេញ​ប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក និង ស្ថាប័ន​អន្តរជាតិ​មួយចំនួន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​រដ្ឋាភិបាល​ព​ន្លឿ​នរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកនេះ ឲ្យ​បាន​ឆាប់​។​​អ្នករងគ្រោះ​ដីធ្លី​ទាំងនោះ​រួមមាន អតីត​សហគមន៍​បឹងកក់​ដែល​ទទួលយក​សំណង​ខ្លះ អតីត​បឹងកក់​ដែល​មិនទាន់​ទទួលយក​សំណង និង​សហគមន៍​SOS ។ ស្ថានទូត និង​ស្ថាប័ន​ដែល​បានដាក់​ញត្តិ​រួមមាន ស្ថាន​ទូ​អាមេរិក សហគមន៍ អឺរ៉ុប និង​ធនាគារពិភពលោក (World Bank) ។​​តំណាង​អតីត​សហគមន៍​បឹងកក់ អ្នកស្រី សៀ ណា​រ៉េត មានប្រសាសន៍ថា បើទោះជា​គ្រួសារ​រងគ្រោះ​មួយចំនួន​ធ្លាប់​ចរចា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ឡើយ ។ អ្នកស្រី​បន្តថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ឃ្លាំមើល និង​បញ្ជាក់​ជំហរ​របស់ខ្លួន​ចំពោះ​ការរំលោភ​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន​នៅ​បឹងកក់ ។ អ្នកស្រី​បន្តទៀតថា ចំណែក​ធនាគារពិភពលោក​ត្រូវតែ​តាមដាន​ឃ្លាំមើល​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល មុននឹង​ផ្តល់ជំនួយ​ដល់​ការសាងសង់​នានា ។​​យ៉ាងណាក៏ដោយ​មន្ត្រី​ស្ថានទូត​អាមេរិក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ថ្លែងថា នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី ពាក់ព័ន្ធ ។ ចំណែក​មន្ត្រី​កម្មវិធី​របស់​សហភាព​អឺរ៉ុប លោក សង់ វ៉ាន់​ស៊ី​ង ដែល​ចេញមក​ទទួល​ញត្តិ​នេះ​សន្យាថា នឹង​យក​ញត្តិ​របស់​ពលរដ្ឋ​ដាក់ជូន​ថ្នាក់លើ ។​​ក្នុងពេល​ដាក់​ញត្តិ​នេះ ក៏មាន​សន្តិសុខ​ខណ្ឌដូនពេញ និង​កង​ម្លាំ​ង​ប្រដាប់អាវុធ​ប្រមាណ​៥០​នាក់ ចូលរួម​ឃ្លាំមើល សកម្មភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ ។ ​ប្រជាពលរដ្ឋ​អះអាងថា កាលពី​ឆ្នាំ​២០១០ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អី​ន របស់លោក ឡៅ ម៉េង​ឃិន បាន​ដឹកនាំ​កម្លាំង​ចុះ​បូម​ខ្សាច់​ពន្លិច​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ពួកគាត់​ចំនួន​១៣​គ្រួសារ ដោយ​មិន​ផ្តល់​សំណង​សមរម្យ ៕ ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៥ ។​