• លោក កឹម សុខា មិនទាន់​សម្រេច​ថា​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​នៅឡើយ​

    • Issue Date 01-Apr-2015

    ​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​មិនទាន់​សម្រេច​ថា​យ៉ាងណា​នៅឡើយ បន្ទាប់ពី​ទទួលបាន​ដីកាកោះ​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​លោក​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី​៨ ខែមេសា ខាងមុខ​។​​មេធាវី​ការពារ​ក្ដី ហៅ​ដីកាកោះ​នោះ​ថា​ខុស​នីតិវិធី​។ ចំណែក​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល លើកឡើងថា ករណីនេះ​ជា​រឿង​នយោបាយ ដែល​គួរតែ​បិទ​បញ្ចប់​នៅពេល​ចរចា​នយោបាយ​បាន​ស្រុះស្រួល​។​​មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា លើកឡើងថា ការកោះហៅ​កូនក្ដី​របស់លោក​ដែលជា​តំណាងរាស្ត្រ​កំពុងមាន​អភ័យឯកសិទ្ធិ និង​ជា​អនុប្រធានរដ្ឋសភា គឺជា​ការរំលោភ​អំណាច​រវាង​នីតិប្បញ្ញត្តិ និង តុលាការ​។​​លោក​មេធាវី ចាន់ ចេ​ន ដែល​ការពារ​ក្តី​នេះ​មានប្រសាសន៍ថា ករណីនេះ​លោក​នៅ​មិនទាន់បាន​ជួបពិភាក្សា​នឹង​កូនក្តី ថា​ត្រូវ​ចូលទៅ​ឆ្លើយបំភ្លឺ​តាម​ដីកាកោះ​នេះ​នៅឡើយ​៖ «​ដីកា​ដែល​ផ្ញើ​ទៅ​គាត់ បើ​គិត​តាម​បែបបទ​រដ្ឋបាល​គួរតែ​ទៅតាម​រយៈ​ក្រសួងយុត្តិធម៌ ទៅ​ស្ថាប័ន​រដ្ឋសភា​។ តុលា​ការគួរ​ធ្វើតាម​បែបបទ​ហ្នឹង​ប្រសើរ​ជាង​។ គាត់​មាន​អភ័យឯកសិទ្ធិ ហើយ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ ទោះជា​កូនក្តី​ខ្ញុំ​គាត់​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ ក៏​ខ្ញុំ​គិតថា គឺជា​ការរំលោភ​អំណាច វា​ប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ ចឹ​ង​តុលាការ​ដូច​មិនមាន​សិទ្ធិ​ណា​សាកសួរ​ទេ​តាម​ខ្ញុំ​យល់​»​។​​ចំណែក លោក កឹម សុខា ក៏​នៅ​មិនទាន់​ឆ្លើយ​យ៉ាងណាដែរ នៅពេល​ចោទ​សួរថា តើ​លោក​នឹង​ចូលទៅ​បំភ្លឺ​តាម​ដីកាកោះ ឬ​យ៉ាងណា​? ដោយ​លោក​ទុក​ភារៈ​នេះ​ឲ្យ​មេធាវី​លោក​ធ្វើការ​។​​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​អំពើហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាលពីដើមឆ្នាំ​២០១៤​។​​សំណុំ​រឿងនេះ លោក កឹម សុខា ធ្លាប់បាន​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​ម្ដង​ហើយ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ កាលនោះ​ចៅក្រម​បាន​ចំណាយពេល​ពេញ​មួយ​ព្រឹក​សាកសួរ​។ ពេលនោះ លោក សម រង្ស៊ី ក៏ត្រូវ​ចៅក្រម​សាកសួរ​ដែរ​។ ការសាកសួរ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេលនោះ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម នៅក្រោយ​ការតវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ដែល​ត្រូវ អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​។​​នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ករណីនេះ​ជា​រឿង​នយោបាយ ដែល​គួរ​បន្ត​ដោះស្រាយ​តាម​ការចរចា ហើយ​ម្យ៉ាង លោក កឹម សុខា ជា​តំណាងរាស្ត្រ​ដែលមាន អភ័យឯកសិទ្ធិ​ការពារ​៖ «​គួរតែ​ខិតខំ​ពង្រឹង​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ហ្នឹង​ទៅ ហើយ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​យក​គោលការណ៍​រួម​ឲ្យ​បាន​ច្រើន​។ ទោះបី​ករណី​ហ្នឹង​ជា​រឿង​ចាស់​ក៏ដោយ មិនអាច​ចេះតែ​កោះហៅ​ដែរ​។ វា​អត់​មានអី​តុលាការ​ចេះតែ​កោះហៅ ព្រោះ​មាន​អភ័យឯកសិទ្ធិ​ណាមួយ​វា​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ថា​អំណាច​ដាច់ពីគ្នា ម្ល៉ោះហើយ​សមាជិក​នៃ​អំណាច​ទាំងបី​ហ្នឹង​មិនអាច​ចេះតែ​ប្រើ​អំណាច​រំលោភ​លើ​គ្នា​បានទេ​»​។​​ដីកា​កោះហៅ លោក កឹម សុខា នេះ​ធ្វើឡើង​ក្រោយពី លោក ហ៊ុន សែន ព្រមាន​ថា លោក កឹម សុខា នឹង​មិនអាច​រួចខ្លួន​ឡើយ មិន​ថា​មាន​ឋានៈ​ណា​ឡើយ រឿងក្ដី​របស់លោក​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​៕​ដកស្រង់់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០១៥ ។​