• លោក​ហ៊ុនសែន​ព្រមាន​ប្រើ គ​.​ជ​.​ប ចាស់​បើ​សង្គ្រោះ​ជាតិ​មិន​ទទួល​ហង្ស​ពុទ្ធា​

    • Issue Date 02-Apr-2015

    នៅពេលដែល​បេក្ខភាព​ប្រធាន​អង្គការ​សង្គម​ស៊ីវិល គឺជា​បញ្ហា​ចម្រូងចម្រាស​សម្រាប់​តំណែង​សមាជិក​ទី ៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​ព្រមាន​កាល​ពី​ម្សិលមិញ​ថា គ​.​ជ​.​ប ចាស់ នឹង​អាច​ត្រូវដាក់​ឲ្យ​ដំណើរការ​ដដែល ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ជំទាស់​បេក្ខភាព​លោក ហង្ស ពុទ្ធា នាយក​អង្គការ​និក​ហ្វិ​ច​។​​ថ្លែង​ទៅកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ខេត្តស្ទឹងត្រែង កាលពី​ម្សិលមិញ ក្នុងអំឡុង​ពិធី​សម្ពោធ​ផ្លូវ លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា លោក ហង្ស ពុទ្ធា ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាព​ជ្រើសរើស​ជា​បេក្ខភាព​សមាជិក​ទី ៩ សម្រាប់ គ​.​ជ​.​ប ថ្មី​នោះ​មិនអាច​ទាមទារ​ឲ្យ​ផ្លាស់ប្តូរ​ដោយ​គណបក្សប្រឆាំង​បានទេ ដោយ​ព្រមាន​ថា ប្រសិនបើ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឯកភាព​ជ្រើស​រើសយក​លោក ពុទ្ធា ជា​សមាជិក​ទី ៩ ទេនោះ គ​.​ជ​.​ប ចាស់​នឹងត្រូវ​ប្រើប្រាស់​ដដែល​។​​លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​បែបនេះ ជាការ​ឆ្លើយតប ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​ផ្លាស់ប្តូ​រលោក ហង្ស ពុទ្ធា ចេញ ដោយ​ប្រា​ប់លោក ហ៊ុន សែន ថា លោក ពុទ្ធា មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​គាត់​ត្រូវ​ទៅ​ព្យាបាល​នៅ​វៀតណាម ហើយ​លោក សម រង្ស៊ី​បានស្នើ​លោក ហ៊ុន សែន សម្លឹង​រក​បេក្ខភាព​ដទៃទៀត​ក្រៅពី​លោក ហង្ស ពុទ្ធា ប៉ុន្តែ សំណើ​របស់លោក សម រង្ស៊ី ត្រូវបាន​ច្រានចោល​ដោយ​លោក ហ៊ុន សែន​។​​លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​គណបក្ស​ប្រជាជន​មិន​ឯកភាព​យក​បញ្ហា​ជំងឺ​មក​ផ្លាស់ប្តូរ​បេក្ខភាព​របស់លោក ហង្ស ពុទ្ធា តាម​សំណើ​របស់​ឯកឧត្តម​ទេ​»​។​​លោក​បញ្ជាក់ថា​៖ «​ពេលវេលា​បាន​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ខ្ញុំ​សូម​ផ្តល់​ជម្រើស​ពីរ​ដល់​ឯកឧត្តម ទី ១ បន្ត​គាំទ្រ​បេក្ខភាព​របស់លោក ហង្ស ពុទ្ធា តាម​ការព្រមព្រៀង​នៅ​ថ្ងៃទី ២៩ ខែមីនា ទី ២ មិនចាំបាច់​បោះឆ្នោត​ជ្រើសរើស គ​.​ជ​.​ប ថ្មី​នៅ​ថ្ងៃទី ១៣ ខែមេសា​ទេ ព្រោះ​គណបក្ស​ទាំងពីរ​មិន​ឯកភាពគ្នា​ក្នុងការ​ជ្រើសរើស​បេក្ខភាព​ទី ៩ »​។ ​លោក​បាន​បន្ថែមទៀតថា ក្នុងករណីនេះ គ​.​ជ​.​ប បច្ចុប្បន្ន នឹង​បន្តការងារ រហូត​ទាល់តែ គ​.​ជ​.​ប ថ្មី ត្រូវបានតែងតាំង​ហើយ​ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា មិន​ឲ្យ​កោះប្រជុំ​នៅ​ថ្ងៃទី ១៣ ខែមេសា ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក គ​.​ជ​.​ប ទេ ប្រសិនបើ​លោក ហង្ស ពុទ្ធា មិនត្រូវ​បាន​ឯកភាព​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​​លោក ហ៊ុន សែន បាន​បន្ថែមថា​៖ «​ខ្ញុំ​មិនមាន​ជម្រើស​ផ្សេង​ក្រៅពីនេះ​ទេ ខ្ញុំ​សង្ឃឹមថា ឯកឧត្តម​នឹង​ពិចារណា​ប្រកបដោយ​ការទទួលខុសត្រូវ និង​គោរព​តាម​ការព្រមព្រៀង​រវាង​យើង​ទាំងពីរ​»​។​​លោក ហ៊ុន សែន បាន​លើកឡើងថា​៖ «​ដូច្នេះ ប្រសិនបើ​មិន​ឯកភាព​ទេ ទុក​ឲ្យ​ឯកឧត្តម អ៊ឹម សួស្តី បន្ត​ដឹកនាំ គ​.​ជ​.​ប រហូត​កុំ​ពិបាក​អី​។ អា​ថ្មី​មិន​ចេញ អាចាស់​បន្តទៀត​ទៅ​។ [​គណបក្ស​សង្គ្រោះ​ជាតិ​] មានតែ​ភាគហ៊ុន ៤៥ ភាគរយ​ហើយ​ភាគហ៊ុន [​របស់​គណបក្ស​ប្រជាជន​] គឺ ៥៥ ភាគរយ រឿង​អី​ឲ្យ​ចែក​ស្មើ​? គាត់​ឯកភាព​ជាមួយ​ខ្ញុំ​នៅ​ទីក្រុង​ប៉ារីស ហេតុអ្វី​មកដល់​ភ្នំពេញ​មិន​ឯកភាព​?​តើ [​គណបក្ស សង្គ្រោះ​ជាតិ​] មាន​បញ្ហា​ផ្ទៃក្នុង​ឬ​?»​។​​ដោយ​គាំទ្រ​លោក ហង្ស ពុទ្ធា លោក ហ៊ុន សែន ក៏បាន​ចំអក​ដាក់​លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ ដែល​បាន​បដិសេធ​ទទួលយក​បេក្ខភាព​សមាជិក​គ​.​ជ​.​ប ទី​៩ ដោយ​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ស្នេហា​ជាតិ យើង​អាច​លះបង់​សញ្ជាតិ​បរទេស មក​បម្រើ​ជាតិ​ឬ​អត់​?​ឬ​ទុក​ឲ្យ​ជាតិ​បម្រើ​តែ​អ្នក​ទេ​? ធ្វើ​ច្បាប់​សម្រាប់តែ​មនុស្ស​ម្នាក់ តើ​ឯករាជ្យ​ទេ​? ច្បាប់​ឲ្យ [​យើង​] មាន​សញ្ជាតិ​មួយ​...»​។​​ប៉ុន្តែ លោកស្រី ពុង ឈី​វ​កេក បាន​ប្រាប់ លោក ហ៊ុន សែន វិញ​ថា គឺ​ដោយសារ​សញ្ជាតិ​បារាំង របស់​លោកស្រី​នេះហើយ ដែល​អាចជួយ​កម្ពុជា​ឲ្យ​មាន​សន្តិភាព តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។​​លោកស្រី​បាន​ចោទ​សួរថា​៖ «​គេ​ថា សញ្ជាតិ​បារាំង​មិនអាច​ធ្វើការ​បាន ដោយសារតែ​ស្ថិតក្រោម​សម្ពាធ​។ ក្នុង​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​រដ្ឋសភា ក្នុង​ព្រះបរមរាជវាំង ក៏មាន​សញ្ជាតិ​ពីរ​ដែរ​។ ហេតុអ្វី គ​.​ជ​.​ប មាន​សញ្ជាតិ​ពីរ​មិនអាច​ធ្វើការ​បាន​?»​។​​លោក ហង្ស ពុទ្ធា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា លោក​មិនមាន​ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​សុខភាព ដូច​ការលើកឡើង​រប​ស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​ថា លោក​មិន​បានទទួល​លិខិតផ្លូវការ​ពី​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការជ្រើសរើស​នេះឡើយ​។ លោក ពុទ្ធា ក៏បាន​សន្យា​ដំណើរការ គ​.​ជ​.​ប ថ្មី ឲ្យ​កាន់តែ​ល្អប្រសើរ នៅពេល​លោក​កាន់តំណែង​ក្នុង​គ​.​ជ​.​ប​។​​លោក ពុទ្ធា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​យល់​អ្នកនយោបាយ​ប្រើពាក្យ​នេះ​ទេ​។ ប្រសិនបើ​គេច​ង់​ផ្លាស់ប្តូរ​ខ្ញុំ​ចេញ គេ​គួរប្រើ​ពាក្យ​ដែល​ខុស​ពីនេះ​។ ខ្ញុំ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយនឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ អ្នក​ដែល​ចោទប្រកាន់ គឺជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។ វា​គួរ​ជា​គណបក្ស​ប្រជាជន ដែលជា​អ្នកចោទ​»​។ ​លោក ពុទ្ធា គាំទ្រ​គណបក្ស​ប្រជាជន ដែល​ជ្រើសរើស​លោក​ជា​សមាជិក​ទី ៩ របស់ គ​.​ជ​.​ប ដោយ​អះអាងថា លោក​មាន​បទពិសោធ និង​ជំនាញ​គ្រប់គ្រាន់​រយៈពេល ១៧ ឆ្នាំ នៅក្នុង​ការងារ​បោះឆ្នោត ដែល​ស័ក្តិសម​សម្រាប់​ការងារ​បោះឆ្នោត​នេះ​។​​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​ជ្រើសរើស​លោក ហង្ស ពុទ្ធា ជា​បេក្ខជន​ទី ៩ សម្រាប់ គ​.​ជ​.​ប ថ្មី​នៅឡើយ​ទេ ដោយ​ថ្លែងថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង់ចាំ​មើល​បេក្ខជន​ទាំងអស់ ដែល​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​សមាជិក គ​.​ជ​.​ប ជាមុនសិន ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វាយតម្លៃ និង​សម្រេច​លើ​លក្ខ​ណស​ម្ប​តិ្ត​របស់​ពួកគេ​។​​លោក យ៉ែម បុញ្ញ​ឫ​ទិ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា​៖ «​យើង​យល់ថា កិច្ចព្រមព្រៀង​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ គឺ​ដើម្បី​ធ្វើកំណែទម្រង់​ការបោះឆ្នោត និង​ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​។ ខ្ញុំ​សង្ឃឹមថា នឹងមាន​ដំណោះស្រាយ​»៕​ដកស្រង់់​ពី​សារពត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ចេញផ្សាយ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៥ ។​