-
លោក ហ៊ុន សែន អះអាងថាច្បាប់គ្រប់គ្រងអង្គការនឹងចេញនៅពេលខាងមុខ
- Issue Date 02-Apr-2015
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានអះអាងថាច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញនៅពេលខាងមុខនេះ ដោយលោកចាត់ទុកថាច្បាប់នេះនឹងដាក់កំហិតដល់អង្គការដែលកំពុងធ្វើការងារក្រៅច្បាប់។លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពាន និងផ្លូវជាតិលេខ៩ពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ ស្របពេលលោកប្រតិកម្មទៅនឹងសង្គមស៊ីវិលដែលរិះគន់ថាច្បាប់គជបថ្មីដែលព្រះមហាក្សត្រទើបតែឡាយព្រះហស្ថលេខា អាក្រក់ជាងច្បាប់គជបចាស់។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាច្បាប់ គជប ថ្មីត្រូវបានរដ្ឋសភាដែលតំណាងឲ្យប្រជាជនជាអ្នកអនុម័ត រួចឆ្លងទៅព្រឹទ្ធសភាត្រួតពិនិត្យ និងត្រូវបានឡាយព្រះហស្ថដោយព្រះមហាក្សត្រ។ លោកថ្លែងបែបចំអកថាបើច្បាប់គជបថ្មីមិនល្អ នោះគួរតែប្រើច្បាប់ចាស់វិញ។ ប៉ុន្តែលោកថារដ្ឋសភាមិននឹងធ្វើបែបនេះ តាមតែការរិះគន់របស់សង្គមស៊ីវិលនោះទេ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងសំដៅទៅលើសង្គមស៊ីវិលថា«សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់ តួនាទីខ្លួនកម្រិតណា។ ហើយខ្ញុំសូមប្រកាសទុកជាមុនច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញនៅពេលខាងមុខ។ កុំឲ្យវាធ្វើតាមចិត្តចង់។ ឥឡូវអ្នកឯងកំពុងស្ថិតនៅក្រៅច្បាប់ហើយ។ បើចង់មានបញ្ជីជាតិ ទាល់តែធ្វើអាច្បាប់ហ្នឹងបានចុះបញ្ជីជាតិបាន។ អញ្ចឹងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ»។លោកនាយករដ្ឋមន្ត្រីក៏បានរិះគន់អង្គការសង្គមស៊ីវិលដែលតាំងខ្លួនថាអព្យាក្រឹត តែដើរហែគណបក្ស និងជេរគេឯង។ គួររំឭកថា សង្គមស៊ីវិលដែលធ្វើការលើការបោះឆ្នោតបានរិះគន់ច្បាប់ គជប ថ្មីថារឹតបន្តឹងសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលក្នុងការបញ្ចេញមតិ។ កន្លងទៅ លោកនាយករដ្ឋមន្ត្រីបានរិះគន់អង្គការសង្គមស៊ីវិលក្រៅ រដ្ឋាភិបាលមួយចំនួនដែលបាន ធ្វើពហិការមិនចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីស្នើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកចំអកឲ្យសង្គមស៊ីវិលកុំតាំងខ្លួនថាជាតួឯក។កាលពីខែធ្នូ ឆ្នាំ២០១១ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថាត្រូវតែមានការពិភាក្សាគ្នាបន្ដទៀតលើច្បាប់គ្រប់គ្រងអង្គការ។ លោកថា«ឥឡូវ បើមិនទាន់ឯកភាពគ្នាទេ បន្តពិភាក្សាគ្នាទៅ។ ២០១២មិនទាន់ឯកភាពគ្នាទេ ចាំ២០១៣ទៅ។ បើ២០១៣ មិនឯកភាពគ្នាទេ ចាំ២០១៤ទៅ ក៏វាមិនទាន់ងាប់ដែរ»។គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប៤៣៧៨(សមាគម១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល២៦៧២)។ របាយការណ៍បន្តថានៅក្នុងឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៣៩(សមាគម ១៧៧ និងអង្គការមិនមែនរដ្ឋាភិបាល៣៦២)៕ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ ។