• សហគមន៍​បឹងកក់​ប្រតិកម្ម​នឹង​សាលា​រាជធានី​ដែល​ចោទថា ពួកគេ​នៅលើ​ដី​រដ្ឋ​ខុសច្បាប់​

    • Issue Date 02-Apr-2015

    ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ប្រតិកម្ម​នឹង​ការ​ចោទ​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដែលថា អ្នកភូមិ​ទាំងនោះ​រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់ ។​​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ​ជិត​៣០​នាក់ បានធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ កែប្រែ​សំដី​របស់ខ្លួន ដែល​បាន​ប្រាប់ សារព័ត៌មាន​កន្លងមក ។​​តំណាង​ពលរដ្ឋ​បឹងកក់ អ្នកស្រី សាប ដា ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣១ ខែមីនា លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​នៅ​វិទ្យុ​បារាំង​(RFI)​ថា ពលរដ្ឋ​តំបន់​បឹងកក់​គឺ​រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់ ។​ប៉ុន្តែ​អ្នកស្រី​អះអាង​នៅថ្ងៃនេះ​ថា ប្រជា​សហគមន៍​បឹងកក់​មិនបាន​រស់នៅ​ខុសច្បាប់​ដូច​ការ​ចោទ​របស់​អ្នកនាំពាក្យ​រូបនេះ​ទេ ពោលគឺ​ពួកគេ​រស់នៅ​មាន ឯកសារ​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់ថា គឺ​រស់នៅ​ស្របច្បាប់​លើដី​នោះ ។ អ្នកស្រី​ថា «​មាន​ស្របច្បាប់​ទាំងអស់ មាន​តាំងពី​សៀវភៅ​គ្រួសារ តាំងពី​ប្លង់​ផ្ទះ​ទាំងអស់ មិនមែន​អត់​ទេ បើសិន​ប្រជាពលរដ្ឋ​មក​នៅ​អត់​មាន​សៀវភៅ​គ្រួសារ អត់​មាន​ប្លង់​ផ្ទះ នោះ​អ្នកឯង​ចង់​ថា​ម៉េច​ក៏បាន​ដែរ ប្រជាពលរដ្ឋ​នៅ​ងងឹត​ល្ងង់​រក​គេ​ធ្វើ​សៀវភៅ​គ្រួសារ​ស្នាក់នៅ ប័ណ្ណគ្រួសារ ប្លង់​ផ្ទះ​មាន​គ្រប់គ្រាន់​ទាំងអស់ មិនមែន​ចេះតែ​នៅតាម​អំពើ​ចិត្ត​ដូច​អ្នកឯង​ចេះតែ​ថា​បានទេ​»​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ នៅតែ​អះអាងថា អ្នក​បឹងកក់​មួយចំនួន​រស់នៅ​ដោយ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ថា បើ​ពួកគេ​មាន​ឯកសារ​បញ្ជាក់បន្ថែម សាលា​រាជធានី​នៅតែ​បើកទ្វារ​ស្វាគមន៍ ។ លោក​ថា «​គាត់​ថា​កាន់​ប្លង់​ច្បាប់​ហ្នឹង តើ​លក្ខណៈ​ច្បាប់​ឯកសារ​កាន់កាប់​ដី​របស់គាត់​ហ្នឹង កន្លែង​ណា​ដែល​ស្របច្បាប់ ខ្ញុំ​សូម​បើ​គាត់​មានការ​តវ៉ា ឲ្យ​គាត់​យកមក​» ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យ​ដឹងថា តាម​ការអង្កេត​របស់ អង្គការ​សង្គម​ស៊ីវិល គឺ​ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​រស់នៅ​ដោយមាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាជ្ញាធរ​បានទទួល​ស្គាល់ ។ លោក​ថា «​រឿងនេះ វា​ជា​រឿង​ពិត​បានជា​គាត់​ហ៊ាន​តវ៉ា​មកទល់​ឥឡូវ ជាពិសេស​ផ្ទះ​របស់គាត់​នៅ​ហ្នឹង​តែម្តង អ្នក​ដែល​មិនទាន់​ទទួល​ប័ណ្ណកម្មសិទ្ធិ​»​។​​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​បានអូសបន្លាយ​ជិត​ដប់ឆ្នាំ​ហើយ នៅតែ​មិនទាន់​បញ្ចប់​ទាំងស្រុង ។ ជម្លោះ​នេះ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រគល់​បឹង​ធម្មជាតិ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទៅ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន អភិវឌ្ឍន៍​៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់​៧៩​លាន​ដុល្លារ ។ ប៉ុន្តែ​មាន​អ្នកភូមិ​រាប់ពាន់​គ្រួសារ​ត្រូវបាន​បណ្តេញចេញ ដែល​ពួកគេ​អះអាងថា ទទួលបាន​សំណង​មិន​សមរម្យ ៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០២ ខែមេសា ឆ្នាំ​២០១៥ ។​​