• សង្គម​ស៊ីវិល​ព្រួយបារម្ភ​ចំពោះ​ច្បាប់​គ្រប់គ្រង​ខ្លួន​ខ្លាច​មានការ​បិទ​សិទ្ធិសេរីភាព​

    • Issue Date 02-Apr-2015

    លោក​គល់ បញ្ញា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​រាជរដ្ឋាភិបាល​កម្ពុជា មិនគួរ​មាន​ចេតនា​បិទ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​ដោយសារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នេះ គឺ​មានចែង​នៅក្នុង រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក គល់ បញ្ញា បាន​ថ្លែងប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ត្រូវតែ​ខិតខំ លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​នេះ ឲ្យ​មាន​ភាពល្អប្រសើ​ទើប​ជាការ​ល្អ ហើយ​កិត្តិយស​របស់​រាជរដ្ឋាភិបាល​ថែមទៀត​។​លោក​បន្តថា​បើសិនជា រាជរដ្ឋាភិបាល​ចង់​បិទ​សិទ្ធិសេរីភាព​ក្នុងការ​ចូលរួម​នយោបាយ មានន័យថា រាជរដ្ឋាភិបាល​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​៖​សម្លេង​លោក គល់ បញ្ញា​៖​ចំណែក​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​បាន​មានប្រសាសន៍ថា លោក​មិនទាន់​អាចនិយាយបាន​ទេ ដោយសារតែ​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​មិនទាន់​ចេញ​។​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា បើសិន​ប្រៀបធៀប​ទៅ​និង​ច្បាប់​ដែល​កើតមាន​កន្លងមក​នោះ គឺមាន​លក្ខណៈ​បិទ​សិទ្ធិសេរីភាព និង​មានការ​ជ្រៀក​ជ្រែក មុខងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​អ្នកឃ្លាំមើល និង​តស៊ូ​មតិ និង​ការងារ​សិទ្ធិមនុស្ស ដែលមាន​ផលប៉ះពាល់​ទៅលើ​សិទ្ធិសេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។​ដូច្នេះ បើសិនជា​ច្បាប់​ថ្មី​គ្រោង​ចេញ​នោះ នៅក្នុង​ទម្រង់​ច្បាប់​ចាស់ ច្បាប់​នោះ​មាន​លក្ខណៈ​ចង្អៀត​បិទ​សិទ្ធិសេរីភាព និង​មានការ​ជ្រៀក​ជ្រែក​មុខងារ​របស់​អង្គការ​សង្គម​ស៊ីវិល​។​​យ៉ាងណាក្តី​ប្រធាន​អង្គការ​តម្លាភាព​រូបនេះ បានបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃនេះ​ថា អង្គការ​សង្គម​ស៊ីវិល ក៏​ចង់​មានច្បាប់​ដែល ប៉ុន្តែ​យើង​ចង់​ឲ្យ​ច្បាប់​នោះ​ត្រូវតែមាន​ការគាំទ្រ សិទ្ធិសេរីភាព និង​ការពារ​ផលប្រយោជន៍​អង្គការ​សង្គម​ស៊ីវិល​ជាដើម​៖​សម្លេង​លោក​ព្រាប​កុល​៖​ទាក់ទង​និង​បញ្ហា​ខាងលើនេះ​ដ​ដែរ លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា​លោកស្រី​មិន​បដិសេធ​ទាំងស្រុង​ចំពោះ​ច្បាប់​នេះ​ទេ បើសិនជា​ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​សម្រួល​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​ធានា​ដល់​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ធ្វើ​ប្រតិបត្តិ​ការណ៍​របស់ខ្លួន​៖​សម្លេង លោកស្រី ចក់ សុភាព​៖​គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃទី​០១ ខែមេសា បាន​អះអាងថា​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹង​ចេញ នៅពេល​ខាងមុខនេះ​ដោយ​លោក​ចាត់ទុកថា​ច្បាប់​នេះ​នឹងដាក់​កំហិត​ដល់​អង្គ​ការដែល​កំពុងធ្វើការ​ងារ​ក្រៅច្បាប់​៕​ដកស្រង់​ពី​វិទ្យុ​វាយោ ចេញផ្សាយ​ថ្ងៃទី ០២ ខែមេសា ឆ្នាំ​២០១៥ ។​​