-
គណៈកម្មាធិការសិទ្ធិមនុស្សUN ស្នើកម្ពុជាស៊ើបអង្កេតការបាញ់សម្លាប់មនុស្សក្រោយការបោះឆ្នោត
- Issue Date 10-Apr-2015
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានដាក់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបើកការស៊ើបអង្កេតទៅលើករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងករណីផ្សេងៗទៀតដែលបានកើតឡើងក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែល VOD ទទួលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យដឹងថា ប្រទេសកម្ពុជាមានកាតព្វកិច្ចក្នុងការស៊ើបអង្កេត ករណីទាំងអស់នៃការំលោភសិទ្ធិមនុស្ស ហើយចាប់ជនដៃដល់មកកាត់ទោស និងផ្តល់សំណងជូនដល់ក្រុមគ្រួសារជនរងគ្រោះ ។ ប៉ុន្តែគណៈកម្មាធិការនេះ បារម្ភពីកង្វះនៃព័ត៌មានជាក់លាក់ទៅលើការស៊ើបអង្កេតលើករណីទាំងនេះ នាំឲ្យមាននិទណ្ឌភាពបន្តកើតមាន ។ ក្នុងរបាយការណ៍នោះ ក៏បានដាក់អនុសាសន៍ថា «ភាគីរដ្ឋ[កម្ពុជា] គួរតែស៊ើបអង្កេតនូវការចោទប្រកាន់ទាំងអស់ ទាក់ទងទៅនឹងការប្រើប្រាស់កម្លាំងហួសហេតុ ជាពិសេសការប្រើប្រាស់កម្លាំងដោយនគរបាល ទាហាន ដែលបណ្តាលឲ្យមនុស្សស្លាប់ ដោយធានាថាជនដៃដល់ត្រូវបានកាត់ទោស និងជនរងគ្រោះត្រូវបានផ្តល់សំណងគ្រប់គ្រាន់» ។ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជា លោក ម៉ក់ សម្បត្តិ ប្រាប់ VOD ថា មិនចាំបាច់ គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដាក់អនុសាសន៍មកកម្ពុជាទេ ព្រោះបច្ចុប្បន្ន រដ្ឋាភិបាលកំពុងធ្វើកិច្ចការទាំងអស់នេះហើយ ។ តែលោកមិនបានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតលើករណីទាំងនោះទេ ។ លោកបញ្ជាក់ថា «ខាងរដ្ឋាភិបាល គាត់បានធ្វើកិច្ចការហ្នឹងរួចហើយ បានន័យថាខាងក្រសួងមហាផ្ទៃបានចាត់គណៈកម្មការ ដើម្បីចុះស៊ើបអង្កេតបញ្ហាហ្នឹង។ (សំណួរអ្នកសារព័ត៌មានប៖ ឯកឧត្តមឥឡូវមានស៊ើបអង្កេត ឮតម្រុយឃើញជនល្មើសអីច្បាស់ឬនៅ?) កន្លែងហ្នឹងនៅលើគណៈ កម្មការ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ខ្ញុំមិនអាចហ៊ាននិយាយនៅហ្នឹង ព្រោះមិនមែនសមត្ថកិច្ចរបស់ខ្ញុំ» ។ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា លោកមិនជឿថា រដ្ឋាភិបាលលោក ហ៊ុន សែន មានឆន្ទៈស៊ើបអង្កេតរកជនល្មើសដែលប្រព្រឹត្តបទល្មើស ទាក់ទងនឹងករណីហិង្សានៅផ្លូវវ៉េងស្រេង និងហិង្សាផ្សេងទៀតនោះទេ ។ លោកបញ្ជាក់ថា ផ្ទុយទៅវិញរដ្ឋាភិបាលបែរជាព្យាយាមទំលាក់កំហុសលើក្រុមទាំងរងគ្រោះទៅវិញ ។ លោកថា «ខ្ញុំមិនជឿថា រដ្ឋាភិបាល មានឆន្ទៈក្នុងការស៊ើបអង្កេតរឿងនេះ ព្រោះថាមកដល់ពេលនេះ ខិតខំតែបង្វែងករណីនេះ ទម្លាក់កំហុសលើកម្មករ បាតុករដែលអហិង្សាទៅវិញទេ ។ យើងឃើញហើយ ទាំងក្រសួងមហាផ្ទៃ ទាំងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ហ្នឹង បបួលគ្នាទម្លាក់កំហុសហ្នឹងទៅលើកម្មករ ដែលគ្នាគ្មានអាវុធ» ។គួររំឭកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ហិង្សាមួយបានកើតឡើងរវាងអ្នកធ្វើដំណើរ និងកម្លាំងប្រដាប់អាវុធនៅស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ។ ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ហិង្សារវាងកម្មករ និងសមត្ថកិច្ចនៅស្ពានស្ទឹងមានជ័យ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ អេង សុខុម បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ។ ចំណែកនៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ចបង្ក្រាបកម្មកររោងចក្រនៅផ្លូវវ៉េងស្រេងបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ។ ប៉ុន្តែករណីទាំងនេះ សមត្ថកិច្ចមិនទាន់បានចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់នៅឡើយ ៕ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៥ ។