-
ប៉ូលិស រារាំងសកម្មជនស្ត្រី ដាក់ញត្តិស្នើឲ្យមានសមភាពរវាងស្ត្រី និងបុរសក្នុងគ.ជ.ប
- Issue Date 10-Apr-2015
អាជ្ញាធរ និងប៉ូលិស បានរារាំងសកម្មជនស្ត្រី មកពីអង្គការសង្គមស៊ីវិលជាច្រើន មិនឲ្យហែក្បួន ដាក់ញត្តិនៅរដ្ឋសភា គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា។ ក្រុមស្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យមានសមភាពរវាងស្ត្រី និងបុរស ក្នុងគជបថ្មី។ នោះគឺគណបក្សទាំងពីរ ត្រូវដាក់បេក្ខជនយ៉ាងហោចណាស់ជាស្ត្រីម្នាក់ ក្នុងមួយគណបក្ស ហើយប្រធាន និងអនុប្រធានគជបថ្មី ត្រូវមានភេទផ្ទុយគ្នា។គ្រាន់តែប្រមូលផ្តុំ នៅជិតរង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត ខាងជើងរដ្ឋសភា មិនទាន់ទាំងបានដើរហែក្បួន ដែលត្រូវដឹកនាំដោយ របាំត្រុត គឺក្រុមសកម្មជនស្ត្រី មកពីអង្គការសង្គមស៊ីវិលធ្វើការខាងលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ត្រូវបានអាជ្ញាធរ ប៉ូលិស រារាំង និងបំបែក។ ប៉ុន្តែមិនមានអំពើហិង្សាលើរាងកាយទេ។មេប៉ូលិសខណ្ឌដូនពេញ បានប្រាប់ក្រុមស្ត្រីអង្គការសង្គមស៊ីវិលថា នៅព្រឹកថ្ងៃ អង្គារ ទី៧ មេសានេះ រដ្ឋសភារវល់ប្រជុំ។ ប៉ូលិសបានតម្រូវឲ្យក្រុមស្ត្រីរំសាយចេញពីលើចិញ្ចើមផ្លូវប៉ុន្តែនៅពេល ស្ត្រីសង្គមស៊ីវិល ទាំងនោះ ជិះរ៉ឺម៉កម៉ូតូ ឡាន ម៉ូតូ ក្នុងបំណង ទៅកាន់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅផ្លូវព្រះនរោត្តម និងគណបក្សសង្គ្រោះ ជាតិ នៅផ្លូវជាតិលេខ២ ក៏ត្រូវប៉ូលិសតាម រារាំង បំបែក នៅផ្លូវព្រះសីហនុ ខាងលិចវិមានឯករាជ្យ។ ក្រុមស្ត្រីទាំងនោះ ដាក់ញត្តិទៅកាន់រដ្ឋសភា គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យមានវិធានការជ្រើសរើសសមាជិកគជបថ្មី ឲ្យមានសមភាពរវាងបុរស និងស្ត្រី។ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ ដែលបានចូលរួមជួបជុំ ដាក់ញត្តិ បានលើកឡើងថា គណបក្សទាំងពីរ ត្រូវដាក់បេក្ខជន យ៉ាងហោចណាស់ជាស្ត្រីម្នាក់ ក្នុងមួយ គណបក្ស ហើយប្រធាននិងអនុប្រធានគជបថ្មីត្រូវមានភេទផ្ទុយគ្នា។ លោកស្រី ធីតា ឃឹះ បានបញ្ជាក់ថា “ពួកខ្ញុំសុទ្ធតែជាក្រុមស្ត្រី និងក្រុមដែលគាំទ្រស្ត្រី ពីព្រោះពួកយើងគ្នា ៥២% នៃប្រជាពលរដ្ឋសរុប ដូច្នេះអត់មាន តំណាងសោះ នៅពេលដែល ការរៀបចំការបោះឆ្នោត ដែលសម្រេចឲ្យជោគវាសនារបស់ប្រទេសជាតិទាំងមូល។ យើងដឹងហើយថា នៅពេលណាដែលយើងមានសមាជិកជាស្ត្រី នៅពេលជជែកពិភាក្សាគ្នាអី ការឈ្លោះគ្នាអត់ ហើយយើងដឹងហើយ ថា ស្ត្រីមានភាពទន់ភ្លន់ជាង ហើយនឹងមានជំនោរក្នុងការដោះស្រាយបញ្ហាដោយអហិង្សា ដូច្នេះការដោះស្រាយសម្រាប់ប្រទេសជាតិ យើងត្រូវការអហិង្សា ហើយនិងត្រូវការឲ្យចេញជាដំណោះដោះស្រាយជាប្រយោជន៍រួម។ ទីបំផុតទៅ មានតែគណបក្សសង្គ្រោះជាតិ មួយប៉ុណ្ណោះ ដែលក្រុមស្ត្រី បានដាក់ញត្តិ។ ចំណែករដ្ឋសភា និងគណបក្សប្រជាជនកម្ពុជា គឺក្រុមស្ត្រី មិនបានដាក់ញត្តិទេ ព្រោះ ប៉ូលិសរារាំង។ យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកសំណើរបស់សង្គមស៊ីវិល ថាជាភាសាពិរោះ តែគេមិនអាចកំណត់កូត្តាដូច្នោះទេ។ តាមអ្នកនាំពាក្យ ការជ្រើសរើសសមាជិកគជបថ្មី ភេទមិនមែនជារឿងធំទេ តែត្រូវសំដៅលើ សមត្ថភាព និងការសម្រេចរបស់បេក្ខជន អ្នកដាក់ពាក្យទាំងនោះ៕ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៥ ។