• ពលរដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញពីផ្ទះ​សម្បែង​ប្រឈម​នឹង​អសន្តិសុខ​

    • Issue Date 10-Apr-2015

    ​ទំនាស់​ដីធ្លី​បាន​បង្ក​អសន្តិសុខ​ក្នុង​ជីវភាព​រស់នៅ​របស់​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​។ អសន្តិសុខ​ផ្នែក​ជីវភាព មានដូចជា​ការ​ប្រឈម​នឹង​ភាពក្រីក្រ កង្វះ​អាហារ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ទៀតផង​។ នេះ​បើតាម​របាយការណ៍​ស្ទង់​មតិ​មួយ​ដែល​ចេញផ្សាយ​កាលពីដើម​សប្តាហ៍​មុន​។​​របាយការណ៍​កម្រាស់​ជាង​១០០​ទំព័រ​ដែលមាន​ឈ្មោះថា «​សន្តិសុខ​មនុស្ស​និង​សិទ្ធិ​ដីធ្លី​នៅ កម្ពុជា​» ធ្វើឡើង​ដោយ​វិទ្យាស្ថាន​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព មាន​ការជួប​សម្ភាស​ជ​ន​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​ជិត​៤០០​នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តកំពង់ឆ្នាំង និង​ខេត្ត​រតនគីរី ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​នៃ​សហគមន៍​បូរី​កីឡា និង​បឹងកក់​ផងដែរ​។​​របាយការណ៍​ដដែល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា អសន្តិសុខ​ដីធ្លី​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ប៉ះពាល់​បរិស្ថាន​នៃ​ការរស់នៅ និង​អាច​នាំ​ឲ្យ​មាន​អសន្តិសុខ​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ហើយ​ប្រជាជន​ក្រីក្រ ដែលមាន​ការអប់រំ​តិចតួច និង​ស្ត្រី​មេម៉ាយ​គឺជា​អ្នក​ដែល​ងាយ​ទទួលរង​គ្រោះ​ជាងគេ​។​​ដោយឡែក ការតាំង​ទីលំនៅ​ថ្មី​របស់​សហគមន៍​ដែល​ត្រូវគេ​បណ្តេញចេញ ក៏​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ផងដែរ ដូចជា​ឱកាស​ការងារ ឬក៏​សេវាសាធារណៈ​។នេះ​បើតាម​ចម្លើយ​របស់​សហគមន៍​ដែល​ត្រូវបាន​គេ​បណ្តេញ​ចេញពីផ្ទះ​សម្បែង​នៅក្នុង​រាជធានី​ភ្នំពេញ​។​​ឆ្លើយ​នឹង​សំណួរ​ថា​៖ «​តើ​អ្វី​ទៅជា​បញ្ហា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅក្នុង​សហគមន៍​?» ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​ភាគច្រើន បាន​ឲ្យ​ដឹងថា បញ្ហា​ចម្បង​របស់​ពួកគាត់​គឺ​ភាពក្រីក្រ បន្ទាប់មក​គឺ​ការរំលោភ​យក​ដី អំពើពុករលួយ និង​កង្វះ​អាហារ​។ ផ្ទុយទៅវិញ ប្រជាជន​ដែល ចូលរួម​ធ្វើ​ការស្ទង់មតិ​នេះ​ឲ្យ​ដឹងថា កម្មសិទ្ធិ​ដីធ្លី​ជា​ប្រភព​ដ៏​សំខាន់​តែមួយគត់​សម្រាប់​ធានា​ដល់​សន្តិសុខ​ដីធ្លី​របស់​ពួកគាត់​។​​លោកពូ សុ​វចនា អ្នកនិពន្ធ​របាយការណ៍​នៃ​ការស្ទង់មតិ​នេះ និង​ជា​អនុប្រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព មានប្រសាសន៍ថា ស្ត្រី​គឺជា​អ្នក​ទទួលរង​ផលប៉ះពាល់​ច្រើន​បំផុត ដោយសារ​ទំនាស់​ដីធ្លី​នេះ​។​«​យើង​សិក្សា​បន្ថែម​រឿង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់គាត់ ដែល​ភាគច្រើន​មិន​ចេញ​ជា​លក្ខណៈ​ឲ្យ​យើង​ឃើញ​ទេ​។ ប៉ុន្តែ​នៅក្នុង​ចិត្ត​របស់គាត់ មានការ​វេទនា និង​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំងណាស់​លើ​ការគាបសង្កត់ និង​ការយក​ដីធ្លី​របស់គាត់​។ អ្នក​រង​ការប៉ះពាល់​ធំ​បំផុត​នោះ​គឺ​ស្ត្រី​»​។​​លោក​បាន​បន្ថែមថា ការស្ទង់មតិ​នេះ​នឹងត្រូវ​ដាក់ជូន​ក្រសួង​ដែល​ពាក់ព័ន្ធ​ដើម្បី​សិក្សា​បន្តទៀត​។​«​ពួក​ខ្ញុំ​ជឿជាក់ថា នេះ​គឺជា​សំឡេង មតិ​របស់​ប្រជាពលរដ្ឋ ដែល​យើង​សិក្សា​តែម្តង ដើម្បី​ឲ្យ​គាត់​អាន ហើយ​យល់​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​មួយចំនួន ដែល​យើង​ស្រាវជ្រាវ​បាន ហើយ​លើក​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​កែទម្រង់ ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​មាន​ជីវភាព និង​សេចក្តីថ្លៃថ្នូរ​»​។​​កញ្ញា​ឡុង គឺ​ម​ហ៊ាង មន្ត្រី​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន យល់ថា របាយការណ៍​ខាងលើនេះ​គឺ​ឆ្លុះបញ្ចាំង​នូវ​អ្វីដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការបណ្តេញចេញ​នោះ បាន​ជួបប្រទះ​។ លើសពីនេះ​ទៀត ពួកគាត់​កំពុងតែ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល និង​ការបាត់បង់​ការសិក្សារ​បស់​កូនចៅ​ពួកគាត់​ទៀតផង​។​«​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ដោយ​បង្ខំ​ហ្នឹង គឺ​គាត់​មាន​ជីវភាព​ក្រីក្រ​។ គាត់​បាត់បង់​លំនៅដ្ឋាន​។ គាត់​ប្រឈម​នឹង​ជំងឺ​វិបត្តិ​ផ្លូវចិត្ត​។ គាត់​ប្រឈម​ទៅនឹង​រឿង​ផ្សេងៗ​ទៀត​។ វា​អាច​គាត់​មាន​បញ្ហា​ដល់​ការ​ជំពាក់​បំណុល​គេ​និង​កូនចៅ​បាត់បង់​សា​សា​រៀន​។ វា​មាន​លើស​ហ្នឹង​ទៀត ហើយ​រឿងនេះ​គឺ​វា​ពិតមែន​»​។​​ក៏ប៉ុន្តែ លោក​ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ច្រានចោល​របាយការណ៍​មួយ​នេះ ដោយ​លោក​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​លើ​រឿងនេះ​មួយ​ជំហាន​រួចមកហើយ​។ ហើយ​របាយការណ៍​មួយ​នេះ​ទៀតសោត​គឺ​មិន​តំណាង​ឲ្យ​តថភាព​នៅក្នុង​សង្គម កម្ពុជា​នោះទេ ដោយ​ការស្ទង់មតិ​មួយ​នេះ​ធ្វើ​ឡើ​តែ​កន្លែង​ដែលមាន​ការប៉ះពាល់​ដីធ្លី​ប៉ុណ្ណោះ​។​«​ការលើកឡើង​គ្រាន់តែ​ជាការ​លើកឡើង ក្រោយ​ស្ថានភាព​ដែល​រដ្ឋាភិបាល​បាន​ដើរ​ពីរ​បី​ជំហាន​រួចមក ហើយ​។ ករណីខ្លះ​គួរ​ឲ្យ​ស្តាយ ពីព្រោះ​មានការ​ករណី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ច្រើនណាស់​កំពុង​តាក់តែង តួលេខ​ឬ​របាយការណ៍​គ្រាន់តែ​ជា​និន្នាការ​ក្នុងការ​វាយប្រហារ​ឬ​បំភ្លៃ​ពី​ការណ៍​ពិត​នៅ​កម្ពុជា​តែប៉ុណ្ណោះ​»​។​​ការស្ទង់មតិ «​សន្តិសុខ​មនុស្ស​និង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​» នេះ​ក៏បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ប្រជាជន​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​យុទ្ធសាស្ត្រ​សម្រាប់​ការប្រើប្រាស់ និង​កម្មសិទ្ធិ​ដីធ្លី ដោយ​ផ្តោតលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាជាង​ការវិនិយោគ និង​នយោបាយ​។ ជាងនេះទៅទៀត ភាពអយុត្តិធម៌​និង​ការបំពាន​សិទ្ធិ​ដីធ្លី​នៅ កម្ពុជា​គួរ​ត្រូវបាន​ដោះស្រាយ ហើយ​រដ្ឋាភិបាល​គួរតែ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់ ជាពិសេស​អ្នក​ដែលមាន​ដី​តូចៗ​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៥ ។​