• សកម្មជន​អា​រ៉ែ​ង​ប្រមូលផ្តុំ​គ្នា​មុខ​សាលាដំបូង​ខេត្តកោះកុង ដើម្បី​លើកទឹកចិត្ត​តំណាង​ពួកគេ​

    • Issue Date 10-Apr-2015

    សកម្មជន​ព្រៃឈើ​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង និង​ក្រុមយុវជន​ពី​ភ្នំពេញ​ជិត​១០០​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ នាំគ្នា​ប្រមូលផ្តុំ​នៅមុខ​សាលាដំបូង​ខេត្តកោះកុង ដើម្បី​លើកទឹកចិត្ត​តំណាង​ពួកគេ ដែល​តុលាការ​សាកសួរ​តាម​ពាក្យបណ្តឹង​របស់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្មបាំង ។​​កាលពីដើម​ខែមីនា​តុលាការ​ខេត្តកោះកុង​បានចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ម្នាក់ ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម​ការ​ពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង បន្ទាប់ពី​លោក អា​ឡិច ត្រូវបាន​អាជ្ញាធរ បណ្តេញ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ។​​សកម្ម​ជនជាតិដើម​ភាគតិច​លោក ហឹ​ង ពៅ ឲ្យ VOD ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា នេះ​ថា ប្រជាពលរដ្ឋ​មកពី​តំបន់​អា​រ៉ែ​ង និង​មក​សហគមន៍​ដីធ្លី​ផ្សេងទៀត រួមទាំង​ក្រុមយុវជន​ពី​ភ្នំពេញ​ទៅ​ប្រមាណ​ជិត​១០០​នាក់ នាំគ្នា​ប្រមូលផ្តុំ​នៅមុខ​តុលាការ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រធាន​សហគមន៍​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង លោក វ៉ែន វ៉ន ដែល​ត្រូវបាន​តុលាការ​កោះហៅ​សាកសួរ​នៅ​ព្រឹក​នេះ​តាម​បទ​ចោទ កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។ លោក​បន្តថា ការដែល​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្មបាំង​ខេត្តកោះកុង ប្តឹង​លោក វ៉ែន វ៉ន នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សកម្មជន​រូបនោះ​គ្រាន់តែ​ប្រមូល​ទិញ​ឈើ​ពី​សហគមន៍ ដើម្បី​យកមក​សាង​សង់រោង​សម្រាប់​ប្រជុំ និង​ធ្វើការ​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ ។ លោក​ថា​«​ពួកយើង​ឡើងមក​ឃ្លាំមើល ហើយ​លើកទឹកចិត្ត​ដល់​គាត់ ព្រោះ​គាត់​អត់​មាន​ធ្វើ​អី​ខុស​សោះ ហេតុ​អី​បាន​រដ្ឋបាល​ព្រៃឈើ​ប្តឹង​គាត់​មកដល់​សាលាដំបូង​ខេត្តកោះកុង ។ អ៊ីចឹង​ពួកយើង​អត់​អស់ចិត្ត នាំគ្នា​មក​ទាំងអស់គ្នា ។ តាម​ការសង្កេតមើលរ​បស់​ខ្ញុំ គឺ​អត់​មានអី​ខុស​សោះ ព្រោះនេះ​គឺជា ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ អនុផល​ព្រៃឈើ​ដែល​យើង​រស់នៅ​ក្បែរ យើង​អាច​ប្រើប្រាស់​ជា​ប្រពៃណី​ធម្មតា គ្មាន​ជួយ​ដូរ​ធ្វើជា​អាជីវកម្ម​អី​ផង​» ។​​មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អ៊ិន គង់​ជិត យល់ថា រដ្ឋបាល​ព្រៃឈើ​ប្តឹង​លោក វ៉ែន វ៉ន គឺជា​រឿង​គំនុំ ព្រោះ​មុន​អាជ្ញាធរ​បណ្តេញ​លោក អា​ឡិច ចេញពី​កម្ពុជា គឺ​លោក សកម្មជន​រូបនេះ ជា​មុខសញ្ញា​ទី​ពីរ​ដែល​តែងតែ​ចេញមុខ​យ៉ាងសកម្ម​ការពារ​ធនធាន​ធម្មជាតិ​នៅ តំបន់​អា​រ៉ែ​ង ។ លោក​បន្តថា ពាក្យបណ្តឹង​របស់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ថ្មបាំង​នេះ​មិន​ត្រឹមត្រូវ​ទេ វា​គ្រាន់តែ​ជាការ​ចោទប្រកាន់​ដើម្បី​គំរាមកំហែង​ដល់ សកម្មជន​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ ។ លោក​ថា​«​គាត់​ដឹកនាំ​សហគមន៍​ការពារ​តំបន់​ព្រៃឈើ ។ អ្វីដែល​គាត់​ធ្វើការ​កន្លងមក គាត់​តែង​រាយការណ៍​ប្រាប់​រដ្ឋបាល​ព្រៃឈើ​អំពី​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ហ្នឹង តែ​រដ្ឋបាល​ព្រៃឈើ​បែរជា​ប្រ​ងើយ​កន្តើយ​មិន​ដែរ​យកចិត្តទុកដាក់​នឹង​ពាក្យបន្តឹង​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​គ្រាន់តែ​ពួកគាត់​ទិញ​ឈើ​បន្តិចបន្តួច ធ្វើ​ស្នាក់ការ​ហ្នឹង​ប្តឹង​ចោទ​គាត់​វិញ អ៊ីចឹង​ការដាក់​បន្តឹង​នេះ បានន័យថា ចង់​បំបាក់ស្មារតី​ឬក៏​គំរាមកំហែង​គាត់​តាមផ្លូវ​តុលាការ​» ។​​លោក អ៊ឹង គង់​ជិត បន្ថែមទៀតថា តុលា​ការមិន​ព្រម​ចាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកឈើ​ជា​រៀងរាល់ថ្ងៃ​ចេញពី​តំបន់​នោះ បែរជា​មក​ចាត់ការ​តែ​លើ​អ្នកការពារ​ធនធានធម្មជាតិ​ទៅវិញ ។​​បន្ទាប់ពី​ចូលខ្លួន​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ​អស់​រយៈពេល​៣​ម៉ោង​នៅ​ព្រឹក​នេះ​មក លោក វ៉ែន វ៉ន ឲ្យ​ដឹងថា តុលាការ​គ្រាន់តែ​សួរនាំ​ថា ការកាប់​ឈើ​នោះ​មានច្បាប់​អនុញ្ញាត​ឬទេ តែ​មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ ។​​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹងថា លោក វ៉ែន វ៉ន ជា​តំណាង​សហគមន៍​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង ហើយ​លោក​ធ្លាប់​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ជនជាតិ​អេ​ស្ប៉ា​ញ​លោក អា​ឡិច ដើម្បី​ការពារ​ធនធាន ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ី​ណូ​ហាយ​ត្រូ ចុះទៅ​អភិវឌ្ឍន៍ និង​គ្រោង​សង់​ទំ​បន់​វា​រី​អគ្គិសនី​តំបន់ នោះ ។ តែ​អ្នកការពារ​ធនធានធម្មជាតិ​សិក្សា​ឃើញថា បើ​មាន​ការសង់​ទំ​បន់​អគ្គិសនី​នឹងធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធានធម្មជាតិ​នៅ​តំបន់​នោះ ៕​ដកស្រង់​ចេញពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៥ ។​