• សង្គម​ស៊ីវិល​ថា ច្បាប់ NGOs នឹង​កំហិត​សេរីភាព​ពួកគេ​ក្នុង​ការជួយ​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​

    • Issue Date 10-Apr-2015

    អង្គការ​សង្គម​ស៊ីវិល​រិះគន់ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​ពួកគេ ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ​របស់ខ្លួន និង​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ។ ​ការរិះគន់​នេះ​គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា យ៉ាងយូរ​ត្រឹម​ត្រឹម ខែឧសភា ឆ្នាំ​២០១៥​នេះ ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា អនុម័ត​ដោយ​មតិ​៥០% បូក ១ ។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន មិនបាន​ដឹងគុណ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ​ផ្តល់​ការអប់រំ​ច្បាប់ និង​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​ប្រាស់​សិទ្ធិ​របស់​ពួកគេ​នោះទេ ទើប​បង្កើត​ច្បាប់​រិត​បន្តឹង​អង្គការ​សង្គម​ស៊ីវិល ។ លោក​បន្តទៀតថា ច្បាប់​ថ្មី​នេះ នឹង​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​ក្នុង​ការជួយ​ឲ្យ​ពលរដ្ឋ​ឲ្យ​ចេះដឹង​ពី​ច្បាប់ និង​ដឹង​ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត កត់សំគាល់ថា ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​នោះ គឺធ្វើឡើង​ដើម្បី​ការពារ​ប្រយោជន៍​គណបក្សកាន់អំណាច ដោយ​ខ្លាច​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ រិះគន់​ទង្វើរ​ពុករលួយ និង​ទង្វើរ​រំលោភសិទ្ធិ​មនុស្ស​នានា​ដែល​មន្ត្រី​របស់ខ្លួន​បាន​ប្រព្រឹត្ត ។ លោក​អះអាង​ទៀតថា បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ីវិល​មានច្បាប់​ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី​គ្រប់គ្រង គឺ​គ្រប់គ្រាន់​ហើយ មិនចាំបាច់​បង្កើត​ច្បាប់​ថ្មី​ទៀត​នោះទេ ។​​យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០១៤ ឲ្យ​ដឹងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​សរុប ៤៣៧៨ ក្នុងនោះ​សមាគម​ចំនួន ១៧០៦ និង អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ២៦៧២ ។ បច្ចុប្បន្ន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​ទាំងនោះ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងមហាផ្ទៃ ៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៥ ។​