-
ស្ត្រីបឹងកក់ដែលជាប់ពន្ធនាគារព្រៃសបីនាក់រងរបួស ខណៈប៉ះទង្គិចសម្ដីជាមួយឆ្មាំគុក
- Issue Date 10-Apr-2015
ស្វាមីរបស់សកម្មជនដីធ្លីម្នាក់នៅតំបន់បឹងកក់ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន និងស្ត្រីពីរនាក់ទៀតបានរងរបួស ដោយសារបោកក្បាលនឹងជញ្ជាំង ខណៈដែលពួកគេមានជម្លោះពាក្យសម្តីជាមួយនឹងឆ្មាំយាមពន្ធនាគារ ។ស្វាមីរបស់អ្នកស្រី ទេព វន្នី គឺលោក អ៊ូ គង់ជា ប្រាប់VODថា នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃសុក្រនេះ ប្រពន្ធរបស់គាត់ និងស្ត្រីផ្សេងៗទៀតចង់ចេញទៅក្រៅ ដើម្បីស្រូបយកខ្យល់អាកាស ។ លោកបន្តថា តែក្រោយមកឆ្មាំយាមគុកបដិសេធ ហើយក៏ផ្ទុះពាក្យសម្តីដាក់គ្នា ។លោក អ៊ូ គង់ជា អះអាងថា ឆ្មាំគុកបានប្រាប់ស្ត្រីទាំងនោះឲ្យសម្លាប់ខ្លួនទៅ បើចង់ចេញទៅក្រៅ ទើបធ្វើឲ្យស្ត្រីសកម្មជនដីធ្លីបីនាក់សម្រេចចិត្តបោកក្បាលនឹងជញ្ជាំងបណ្តាលឲ្យរបួសធ្ងន់ ។លោក អ៊ូ គង់ជា ឲ្យដឹងថា ស្ត្រីរងគ្រោះទាំងនោះរួមមាន អ្នកស្រី ទេព វន្នី បាក់ធ្មេញ និងពកក្បាល អ្នកស្រី បូ ឆវី បែកក្បាល និងអ្នកស្រី គង់ ចន្ថា បែកក្បាលពីរកន្លែងដេរពីរថ្នេរ ហើយមកដល់ល្ងាចថ្ងៃសុក្រនេះនៅសន្លប់មិនទាន់ដឹងខ្លួន ។គួររំឭកដែរថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ ។ ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១អង្គខាងលើ ត្រូវបានកាត់ឲ្យជាប់ទោសពី៦ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ពី១លាន ទៅ២លានរៀល ៕ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ។