-
លោកហ៊ុន សែន និងសម រង្ស៊ីសម្របសម្រួលគ្នាដោះលែងអ្នកបឹងកក់និងសកម្មជនបក្សប្រឆាំង
- Issue Date 13-Apr-2015
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានពិភាក្សាគ្នាដើម្បីសម្របសម្រួលឱ្យមានការដោះលែងសកម្មជនបឹងកក់ សកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងអតីតព្រះសង្ឃសរុបចំនួន ១៨នាក់។នៅទីបំផុត ការដោះលែងសកម្មជនបឹងកក់ និងការសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន១៨នាក់មានពន្លឺលេចឡើងហើយ។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានពិភាក្សាសម្របសម្រួលឱ្យមានការដោះលែងសកម្មជនបឹងកក់ ចំនួន១៣ ដែលរួមមានអ្នកស្រីទេព វន្នី និងអតីតព្រះសង្ឃចំនួន ៣អង្គ។ បើតាមលោក អេង ឆៃ អ៊ាង ដដែល សកម្មជនបឹងកក់ទាំង១៣នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្វែងរកកិច្ចអន្តរាគមន៍ទៅកាន់ព្រះមហាក្សត្រដើម្បីដោះលែង។ប៉ុន្តែសកម្មជនបឹងកក់ទាំងអស់ត្រូវតែដកបណ្តឹងសារទុករបស់ខ្លួនចេញពីតុលាការជាមុនសិន ហើយ សរសេរលិខិតសុំកិច្ចអន្តរាគមន៍មកកាន់លោកនាយករដ្ឋមន្ត្រី។ លោក អេង ឆៃអ៊ាង បានបន្ថែមថា ដោយឡែកសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង៥រូបដែលរួមមានលោក មាជ សុវណ្ណារ៉ា វិញតុលាការ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើការសុំនៅក្រៅឃុំនៅថ្ងៃចន្ទទី១៣ មេសាសប្តាហ៍ក្រោយនេះ។ លោកមេធាវី ជួង ជូងី មេធាវីការពារក្តីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិ បានលើកឡើងថាលោកបានសរសេរពាក្យសុំនៅក្រៅឃុំទៅកាន់តុលាការរួចហើយ។ សូមរំលឹកថា សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥រូប ដែលរួមមានលោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សនៅតាមមូលដ្ឋានចំនួន៤នាក់ផ្សេងទៀត ត្រូវបានតុលាការកម្ពុជា ចាប់ដាក់ពន្ធនាគារបណ្តោះអាសន្នក្នុងសំណុំរឿងពាក់ព័ន្ធនឹងការរំដោះទីលានប្រជាធិបតេយ្យ កាលពីខែកញ្ញា ឆ្នាំ២០១៤ ។ ដោយឡែកសកម្មជនបឹងកក់ ចំនួន១៣នាក់ ដែលរូមមានសកម្មជន លោកស្រីទេព វន្នី និងអតីត ព្រះសង្ឃចំនួន៣អង្គផងត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារពី៦ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់ ១លាន៥សែនរៀល។ លោក អេង ឆៃអ៊ាងដដែល បានបញ្ជាក់ថា ការយល់ព្រមដោះលែង និង ការអនុញ្ញាតឱ្យនៅក្រៅឃុំនេះ គឺនឹងធ្វើតាមនីតិវិធីច្បាប់ និងមិនបំពានទៅលើតុលាការនោះទេ។ គណបក្សសង្គ្រោះជាតិ បានហៅពន្លឺនៃការដោះលែង និងសុំនៅក្រៅឃុំនេះ ថាជាផ្លែផ្កានៃវប្បធម៌សន្ទនា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងការបិទបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។ លោកបណ្ឌិត សុខ ទូច អ្នកវិភាគស្ថានការនយោបាយនៅកម្ពុជា បានហៅការសម្របសម្រួលនៃអ្នកនយោបាយទាំងពីរបក្សដើម្បីឱ្យមាន ការដោះលែងនេះថា គឺជាជំហានចាស់ទុំផ្នែកនយោបាយដ៏ធំ សម្រាប់កាលានុវត្តភាពអភិវឌ្ឍន៍របស់សង្គមទៅថ្ងៃអនាគត៕ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៥ ។