• ស្ត្រី​បឹងកក់ ព្រះសង្ឃ​កម្ពុជា​ក្រោម និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​ដោះលែង​ទាំងអស់​

    • Issue Date 13-Apr-2015

    សកម្មជន​តវ៉ា​ដីធ្លី​បឹងកក់​ចំនួន​១០​នាក់ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់ និង​លោក មា​ជ សុវណ្ណារ៉ា រួមទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់​ទៀត​នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព និង​នៅក្រៅ​ឃុំ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​។​​លោក មេធាវី បាន​ថ្លែងថា ការដោះលែង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការសម្របសម្រួល​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​។​​អ្នក​ទាំង ១៨ នាក់ ដែល​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ រិះគន់​និង​មើលឃើញថា ជា​រឿង​ជាប់​ពាក់​ពន្ធ​នឹង​នយោបាយ​នោះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រលើ​ករណី​ដាច់ឡែក​ពីគ្នា​។​​ស្ត្រី​បឹងកក់ ដែល​នឹងត្រូវ​ដោះលែង​តាមរយៈ​ព្រះរាជក្រឹត្យ​លើកលែងទោស​របស់​ព្រះមហាក្សត្រ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ រួមមាន អ្នកស្រី ទេព វ​ន្នី​, ង៉ែត ឃុន​, ផាន់ ឈុន​រ៉េត​, បូ ឆវី​, សុង ស្រី​លាភ​, គង់ ចាន់ថា​, នង ស្រេង​,​ទាំង ៧ នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ចាប់ខ្លួន​កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈ ពួកគាត់​នាំគ្នា​មក​តវ៉ា​ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​អន្តរាគមន៍ បូម​រំដោះ​ទឹកស្អុយ​ដោយសារ​ភ្លៀង​ជន់​លិច​ផ្ទះ និង​ភូមិ​ពួកគាត់​។ មួយថ្ងៃ​បន្ទាប់មក អ្នក​ទាំង ៧ នាក់​ត្រូវ​សាលាដំបូង​រាជធានី​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ម្នាក់ៗ​មួយឆ្នាំ និង​ពិន័យ​ប្រាក់ ២ លាន​រៀល​ពីបទ​ធ្វើ​ឲ្យ​កកស្ទះ​ដងផ្លូវ​សាធារណៈ​។​​ចំណែកឯ​ស្ត្រី​បឹងកក់​ផ្សេងទៀត អ្នកស្រី ហេង ពេជ្រ​,​អ៊ឹម ស្រី​ទូច​, ភួង សុភាព និង​អតីត​សង្ឃ សឺ​ន ហៃ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ ៧​មករា ចាប់ខ្លួន​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលធ្វើ​ដំណើរ​ទៅ​សាលាដំបូង រាជធានី​ចូលរួម​គាំទ្រ​ឲ្យ​មានការ​ដោះលែង ស្ត្រី​បឹងកក់​ទាំង ៧ នាក់​។ ពួកគាត់​ត្រូវ​សាលាដំបូង​ភ្នំពេញ​ចោទប្រកាន់​ពីបទ «​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ​» និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​មួយឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ២ លាន​រៀល​។​​ក្នុង​សំណុំ​រឿងនេះ ស្ត្រី​បីនាក់​និង​អតីត​សង្ឃ ១​អង្គ ជាប់ចោទ​ពីបទ «​ប្រឆាំង​មន្ត្រីរាជការ​សាធារណៈ​» ត្រូវ​ចៅក្រម​ជំនុំជម្រះ​សម្រេច​បន្ថយទោស​ឲ្យ​តែ​ស្ត្រី​បីនាក់​ទេ មាន​អ្នកស្រី ហេង​ ពេជ្រ សកម្មជន​មកពី​សហគមន៍​បឹងកក់ អ្នកស្រី អ៊ឹម ស្រី​ទូច អតីត​បឹងកក់ និង​អ្នកស្រី ភួង សុភាព មកពី​សហគមន៍​ថ្មគោល ដោយសារ​ជា​ស្ត្រី​មេផ្ទះ ត្រូវ​មើលថែទាំ​កូន​និង​ក្រុមគ្រួសារ​នោះ ត្រូវ​បន្ធូរ​បន្ថយទោស​ពី ១ ឆ្នាំ​ឲ្យ​មក​នៅត្រឹម ១០ ខែ និង​ពិន័យ​ប្រាក់ ១,៥ លាន​រៀល​។ ប៉ុន្តែ អតីត​សង្ឃ សឺ​ន ហៃ នៅ​វត្ត​ស្ទឹងមានជ័យ ដែល​សកម្ម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​មន្ត្រី​នាំពាក្យ​នៃ​ស្ថានទូត វៀតណាម ដែល​ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មិនត្រូវ​បានផ្ដល់​ស្ថានសម្រាលទោស​អ្វី​បន្តិច​ឡើយ​។​​ឯ​ព្រះសង្ឃ​ពីរ​ទៀត​ឈ្មោះ ឃិត វណ្ណៈ និង សាង កុសល ដែល​ត្រូវ​ឃាត់ខ្លួន​មួយថ្ងៃ​ក្រោយមក ពេលដែល​ពួកគេ​បាន​យក​បំពង់​ឫស្សី​ជា​ដងទង់​ជាតិ ពី​វត្ត​ស្ទឹងមានជ័យ បម្រុង​យកមក​ឲ្យ​ពលរដ្ឋ​ខេត្តព្រះវិហារ​ដែល​តវ៉ា​ពី​បញ្ហាដីធ្លី​។​​ដោយឡែក​សកម្មជន ៥​នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​លោក មា​ជ សុវណ្ណ​រ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ដែល​ស្នើ​ឲ្យ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ចន្ទ ទី​១៣ មេសា​ខាងមុខនេះ​។​​អ្នក​ទាំង​៥ ស្ថិតក្នុង​ចំណោម​សកម្មជន ១១ នាក់​ដែល​ក្នុងនោះ ៦​នាក់​នៅក្រៅ​ឃុំ​រួចហើយ រួមមាន លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិ​ទ្ធិ និង​លោក ឃិន ជំរឿន ដែល​រង​ការ​ចោទ​ពីរ​បទល្មើស គឺ​បទ​ដឹកនាំ​កុបកម្ម និង​បទ​ចូលរួម​កុបកម្ម ចំណែកឯ លោក សាន សីហៈ លោក កែ ឃីម លោក នាង សុ​ឃុន លោក សាន គឹម​ហេង លោក ស៊ុំ ពុ​ទ្ធី លោក អ៊ុក ពេជ្រ​សំណាង លោក ទេព ណារិន និង​លោក អាន បឋម ជាប់ចោទ​ពីបទ ចូលរួម​កុបកម្ម​ទាក់ទង​នឹង​ការផ្ទុះ​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា​កន្លងទៅ ជា​សំណុំរឿង​ដែល​ក្រុម​មេធាវី និង​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុកថា ជា​រឿង​នយោបាយ​។​​ដកស្រង់​ពី​កា​ស៉ែ​ត​ភ្នំពេញ​ប៉ុស្តិ៍ ចេញផ្សាយ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ។​