-
ស្ត្រីសកម្មជនដីធ្លីត្រូវបានលើកលែងទោស ដោយព្រះមហាក្សត្រ
- Issue Date 13-Apr-2015
នៅវេលាម៉ោង ៤ រសៀលថ្ងៃទី១១ ខែមេសានេះ ស្ត្រីរងគ្រោះដីធ្លីទាំង១០នាក់និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមម្នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ ក្រោយពីព្រះមហាក្សត្របានឡាយព្រះហសត្តលេខានៅថ្ងៃនេះ។ សកម្មជនទាំង១០នាក់ និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមនោះ មានអ្នកស្រី ទេព វន្នី លោកយាយ ង៉ែត ឃុន រួមទាំងស្ត្រី ៨នាក់ផ្សេងទៀតផងដែរ។នេះគឺសម្លេងស្រែងហ៊ោសប្បាយត្រេកអររបស់សាច់ញាតិ និងសកម្មជនដីធ្លីផ្សេងទៀត ដែលបានឈររងចាំទទួលស្ត្រីសកម្មជនដីធ្លីបឹងកក់ទាំង១០នាក់ និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមម្នាក់ ដើរចេញពីពន្ធនាគារ ដោយមានពាក្យអាវខ្មៅ និងមានអក្សរពណ៌សសរសេរថា The Whole World Is Watching ឬមានន័យថាពិភពលោកនេះកំពុងតែសម្លឹងមើល។លោក ចាន់ ពុទ្ធិស័ក ជាអ្នកតំណាងសហគមន៍បឹងកក់ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI យ៉ាងដូច្នេះថា ស្ត្រី ដែលត្រូវបានដោះលែងទាំងនោះ ហាក់ដូចជាមិនចង់ទទួលយកការលើកលែងទោសនោះទេ ដោយសារតែពួកគេគ្មានទោសអ្វីទាំងអស់។ ក្រោយពីការដោះលែងភ្លាម ក៏មានការរៀបចំដង្ហែក្បួនអ្នកទាំងនោះ មកផ្ទះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំពិធីស្រោចមន្តលើករាសី តាមបែបសាសនា ហើយពួកគេ ក៏បានដង្ហែក្បួនតាមរយៈរថយន្តមកកាន់សហគមន៍បឹងកក់ដើម្បីរៀបចំពីធីអបអរសាទរទទួលស្ត្រីទាំង១០នាក់។ការដោះលែងស្ត្រីសកម្មជនដីធ្លីទាំង ១០ នាក់ និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមម្នាក់ កាលពីម៉ោង ៤រសៀលនេះ បានធ្វើឡើងក្រោយពេលដែលព្រះមហាក្សត្របានឡាយព្រះហសត្តលេខាលើកលែងទោស នាព្រឹកថ្ងៃទី១១ ខែមេសានេះ។ ស្ត្រីទាំង១០នាក់នោះ មានម្នាក់គឺជាស្ត្រីសកម្មជនសហគមន៍ថ្មគោល ៨នាក់ផ្សេងទៀតជាសកម្មជនបឹងកក់ និងម្នាក់ទៀតជាអតីតសកម្មជនបឹងកក់។សូមបញ្ជាក់ថា លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងកាលពីថ្ងៃទី១០ ខែមេសា ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានពិភាក្សាសម្របសម្រួលឱ្យមានការ ដោះលែងសកម្មជនបឹងកក់ និងថ្មគោលដែលរួមមានអ្នកស្រី ទេព វន្នី ផងដែរ។យ៉ាងណាមិញ លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានប្រាប់វិទ្យុបារាំងថា ការដោះលែងស្ត្រីសកម្មជនដីធ្លីនៅពេលនេះ គឺជារឿងល្អមួយ តែក៏អាចបញ្ជាក់ថាការចាប់ឃុំស្ត្រី រងគ្រោះដោយសារដីធ្លីកន្លងមកគឺជារឿងនយោបាយសុទ្ធសាធ ហើយការដោះលែងនេះ ក៏បានកើតឡើងក្រោយពេលដែលមានការព្រមព្រៀងគ្នាពីសមាសភាពគ.ជ.បថ្មី។សូមរំលឹកថាស្ត្រីសកម្មជនដីធ្លីបឹងកក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១០ និងថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ ក្នុងពេលតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការរំដោះទឹកកុំឲ្យលិចកន្លែងរស់នៅរបស់ពួកគាត់៕ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ ចេញផ្សាយថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៥ ។