• សកម្មជនបក្សប្រឆាំង និងព្រះសង្ឃ មានសេរីភាពវិញនៅមុនថ្ងៃឆ្លងចូលឆ្នាំថ្មី

    • Issue Date 20-Apr-2015

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បានរៀបចំ​ពិធី​ស្វាគមន៍​សកម្មជន​រប​ស់​ខ្លួន ជាពិសេស​លោក មា​ជ សុវណ្ណារ៉ា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ នា​រសៀល​ថ្ងៃទី​១៣ ខែមេសា​នេះ ។ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​មន្ត្រី សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៥​រូប និង​ព្រះសង្ឃ​ចំនួន​៣​អង្គ​ផ្សេងទៀត ។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ដែល​បាន​ដោះលែង​នោះ​រួមមាន លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុម វុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង និង​លោក កែ ធី​ម​។ ចំណែកឯ​ព្រះសង្ឃ​៣​អង្គ​ទៀត​មាន ព្រះតេជព្រះគុណ សឺ​ន ហាយ ព្រះ​តេជគុណ​ឃិត វណ្ណៈ និង​ព្រះ​តេជគុណ​ ​ថាច់​ ​កុសល​។ ​ការ​នៅក្រៅ​ឃុំ​នេះ លោក ម៉ាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បង់ប្រាក់ ចំនួន ១០​លាន​រៀល ចំណែកឯ សកម្មជន​៤​រូប​ទៀត ត្រូវ​តម្កល់​ប្រាក់​ម្នាក់ៗ ចំនួន​៥​លាន​រៀល​។ សកម្មជន​បក្សប្រឆាំង​៥​នាក់ និង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ចុងឆ្នាំ​២០១៤ លើ​បទចោទប្រកាន់​ផ្សេងៗ ដែល​ទាក់ទង​នឹង​អំពើហិង្សា​នយោបាយ​។ ការដោះលែង​សកម្មជន​ទាំងនេះ កើតឡើង​បន្ទាប់ពី​មេបក្សនយោបាយ​ត្រូវរ៉ូវ​គ្នា​លើ​ការជ្រើសតាំង​សមាសភាព គ​.​ជ​.​ប ថ្មី ហើយ​កាលពី​ថ្ងៃទី​១១ ខែមេសា កន្លងមក សកម្មជន​ស្ត្រី​បឹងកក់ ក៏​ទទួលបាន​នូវ​ការដោះលែង​ផងដែរ​៕ដកស្រង់ពីសារពើមានអេឡិចត្រូនិច ថ្មីថ្មី ចេញផ្សាយថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៥ ។