• សកម្មជន​ដីធ្លី លី​សៀវ​មិញ ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​

    • Issue Date 29-Apr-2015

    ភ្នំពេញៈ តុលាការ​កំពូល បានសម្រេច​ដោះលែង​សកម្មជន​ដីធ្លី កញ្ញា លី សៀវ​មិញ ដែលមាន​ជម្លោះ​ដី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ឃុន សៀ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​មកទល់​ល្ងាចម្សិលមិញ នៅ​មិនទាន់មាន​ការដោះលែង​ពី​ពន្ធនាគារ​នៅឡើយ​ទេ​។​​លោក ជូ​ង ជូ​ងី មេធាវី កញ្ញា សៀវ​មិញ បាន​ឲ្យ​ដឹង​ម្សិលមិញ​ថា ដីកា​សម្រេច​នៅ​ថ្ងៃទី ២២ មេសា​របស់​តុលាការ​កំពូល ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ បានទទួល​កាលពី​ម្សិលមិញ និង​បាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ​ខាង​ពន្ធនាគារ នៅតែ​មិន​សម្រេច​ដោះលែង ដោយ​ថា​ខ្វះ​ឯកសារ ដែល​នេះ​ជាការ​បំពាន​លើ​សាលដីកា​ស្ថាប័ន​តុលាការ​កំពូល​។​​លោក​ថា​៖ «​ខ្ញុំ​អត់​យល់ យើង​កំពុង​អនុវត្ត​នូវ​សាលដីកា​ដោះលែង​នៅក្រៅ​ឃុំ​របស់​តុលាការ​កំពូល ម៉េច​បាន​មន្ត្រី​ពន្ធនាគារ​ទាមទារ​រក​ឯកសារ​អំពី​សាលាដំបូង និង​សាលាឧទ្ធរណ៍​ទៅវិញ​។ ខ្ញុំ​ទទូច​ឲ្យ​ក្រសួងមហាផ្ទៃ ជួយ​ពិនិត្យមើល​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ខ្លួន ដែល​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ទំនើងចិត្ត​នោះ​»​។​​លី សៀវ​មិញ ត្រូវ​ចាប់ខ្លួន​ក្នុង​ខែវិច្ឆិកា ២០១៤ មួយថ្ងៃ​ក្រោយ​ការចាប់ខ្លួន​ឪពុក​នាង លោក លី ស្រ៊ា​ខេង ប៉ុន្តែ ឪពុក​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ខែធ្នូ ពាក់ព័ន្ធ​នឹង​បណ្តឹង​ឆ្នាំ ២០១៤ របស់​ឧកញ៉ា ឃុន សៀ ដែល​ប្តឹង​ថា​ពួកគេ បាន​ប្រើ​ហិង្សា​លើ​ម្ចាស់​អចលនទ្រព្យ​កាលពី​ឆ្នាំ ២០១៣ ។​​មិនអាច​ទាក់ទង​លោក យឹម លាង តំណាង​ក្រុមហ៊ុន​ឃុន សៀ បានឡើយ កាលពី​ម្សិលមិញ​។​​លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ ថ្លែងថា ការដោះលែង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការសុំ​ឲ្យ​មានការ​ដោះលែង ១៩ នាក់ របស់​អង្គការ​លីកាដូ​ផងដែរ គឺជា​លទ្ធផល​នៃ «​វប្បធម៌​សន្ទនា​» រវាង​លោកនាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ដែល​ឈានទៅដល់​ការលើកលែងទោស​សកម្ម​ជន​ស្ត្រី​បឹងកក់ និង​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មុន​ថ្ងៃ​ចូលឆ្នាំ​៕​ដកស្រង់​ចេញ​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៥ ។​