-
អ្នកការពារព្រៃឡង់ចាប់បានម៉ាស៊ីនអារឈើ៣២គ្រឿងក្នុងពេលចុះល្បាត៥ថ្ងៃ
- Issue Date 30-Apr-2015
ប្រជាសហគមន៍ការពារព្រៃឡង់ទាំង៤ខេត្ត ឲ្យដឹងថា ពួកគេចាប់បានឈើ និងម៉ាស៊ីនអារឈើចំនួន៣២គ្រឿង ខណៈចុះល្បាតព្រៃរយៈពេល៥ថ្ងៃ ក្នុងខែមេសានេះ ។ការបង្ហាញនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីព្រៃឡង់ និងការសម្ពោធរបាយការណ៍ស្រាវជ្រាវរបស់បណ្តាញសហគមន៍ព្រៃឡង់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ។របាយការណ៍របស់បណ្តាញព្រៃឡង់ទាំង៤ គឺខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងក្រចេះ ឲ្យដឹងថា ក្នុងការចុះល្បាតព្រៃឈើរយៈពេល៥ថ្ងៃ គឺពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមេសានេះ ប្រជាសហគមន៍ចាប់បានម៉ាស៊ីនអារឈើសរុប ៣២គ្រឿង និងឈើ២២៣ម៉ែត្រគូប ក្នុងនោះមានឈើប្រណិតប្រភេទធ្នង់ ដួងចែម និងផ្តៀក ឈើក្រម ។សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក រស់ ឡាច មានប្រសាសន៍ថា បញ្ហាឈ្មួញទុច្ចរិតកាប់ព្រៃឈើ ធ្វើអាជីវកម្មមានតែកើនឡើង បើទោះបីជាមានការបញ្ជាពីនាយករដ្ឋមន្ត្រីឲ្យទប់ស្កាត់បទល្មើសព្រៃឈើក៏ដោយ ។លោកបន្តថា បច្ចុបន្ននេះមិនមានអាជ្ញាធរណាចេញមុខទៅការពារព្រៃឈើទេ ផ្ទុយទៅវិញមានតែប្រជាសហគមន៍ទេ ដែលល្បាតផ្សងគ្រោះថ្នាក់ ដោយសារបទល្មើសព្រៃឈើកើតឡើងច្រើននៅពេលយប់ ។ លោកថា «គេចោទប្រកាន់ថា ពួកខ្ញុំធ្វើនេះខុសច្បាប់ អ៊ីចឹងត្រូវជម្រាបជូនគាត់ថា នេះជាជម្រើសចុងក្រោយរបស់បណ្តាញយើងខ្ញុំ ដោយសារបណ្តាញយើងខ្ញុំអត់ដែលទុកចិត្តលើស្ថាប័នពាក់ព័ន្ធ ទី១ ។ ទី២ ថាអ្នកឯងចូលព្រៃហ្នឹងតើ អ្នកឯងបានសុំអាជ្ញាធរភូមិឃុំរបស់អ្នកឯងទេ ខ្ញុំថា ខ្ញុំមិនដែរបានសុំទេ ដោយសារអ្នកដែលបង្កបទល្មើសព្រៃឈើគឺអាជ្ញាធរមូលដ្ឋាននេះតែម្តង ភាគច្រើន គឺ[អាជ្ញាធរ]ភូមិឃុំ និងប៉ូលិសតែម្តង» ។អ្នកសម្របសម្រួលបណ្តាញសហគមន៍ លោក សេង សុខហេង មានប្រសាសន៍ថា ព្រៃឡង់ប៉ុន្មានឆ្នាំចុងក្រោយនេះរងការកាប់បំផ្លាញយ៉ាងគំហុក ពីសំណាក់ក្រុមហ៊ុន អ្នកមានលុយ និងអ្នកមានអំណាច ខណៈពេលនេះឈើប្រណិតៗមាននៅសល់តិចតួចក្តី ក៏ក្រុមឈ្មួញទាំងនោះនៅតែបន្តកាប់បំផ្លាញធ្វើជាអាជីវកម្ម ។ លោកបញ្ជាក់ថា «ព្រៃឈើធំៗគឺត្រូវបានកាប់យ៉ាងរង្គាល អ្វីដែលយើងសិក្សារកឃើញសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច ហើយដើមធ្នង់អីដែលយើងគិតថា ដើមដែលមានតម្លៃ ក្រញូង បេង នាងនួនថាវាអត់ ប៉ុន្តែលេងដល់ធ្នង់ សល់តែដើមខ្ចីៗទេ ក្នុងព្រៃឡង់ខ្ទេចអស់ហើយ» ។នៅរសៀលនេះ ប្រជាសហគមន៍ព្រៃឡង់បានដាក់របាយការណ៍ស្តីពីការកាប់ឈើនៅព្រៃឡង់នោះ ជូនខុទ្ទការល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ដើម្បីសុំអន្តរាគមន៍លើបញ្ហានេះ ហើយតំណាងសហគមន៍ឲ្យដឹងថា ស្ថាប័នទាំងពីរបានទទួលយករបាយការណ៍នោះ ដោយសន្យាថានឹងពិនិត្យពេលក្រោយ ។ព្រៃឡង់គឺជាព្រៃដែលមានទំហំធំជាងគេរបស់កម្ពុជា ស្ថិតនៅក្នុងខេត្តចំនួន៤គឺ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ។ ប្រជាសហគមន៍លើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ព្រៃឡង់កំពុងរងការបំផ្លាញធ្ងន់ធ្ងរដោយសារការផ្តល់ដីសម្បទាន សេដ្ឋកិច្ច សម្បទានរ៉ែ និងធ្វើអាជីវកម្មព្រៃឈើយ៉ាងអាណាធិបតេយ្យ ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយកយ ចេញផ្សាយថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៥។