• អ្នកភូមិ​ក្នុង​ខេត្តកំពង់ស្ពឺ​ប្រឈមមុខ​ដោយ​ហិង្សា​រឿង​ជម្លោះដីធ្លី​

    • Issue Date 30-Apr-2015

    ​ពលរដ្ឋ​៣០​គ្រួសារ កំពុង​ប្រឈមមុខ​ដោយ​ហិង្សា​ជាមួយ​អ្នកភូមិ​ជាង​១០០​នាក់​ទៀត ក្នុងភូមិ​ថ្មី ក្នុង​ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ រឿង​ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ ។ ​តាម​ការអះអាង​របស់​សាក្សី​ម្នា​ក់នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​អ្នកស្រី សុខ ពៅ ប្រាប់ VOD ថា​មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ប្រដាប់​ដោយ​កាំបិត ពូថៅ និង​ដំបង បានចេញ​មុខការ​ពារ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ ដើម្បី​បណ្តេញ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​៣០​គ្រួសារ ដែល​ព្យាយាម​ហាមឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន មិន​ឲ្យ​ឈូសឆាយ​លំនៅឋាន​របស់​ពួកគេ​អស់​ជាង​៣០​ហិកតា ។​​សាក្សី​រូបនោះ​អះអាង​ទៀតថា ការប្រឈមមុខ​ដាក់គ្នា​ប្រដាប់​ដោយ​កំបិត និង​ពូថៅ​រយៈពេល​២​ថ្ងៃនេះ ដោយសារ​ពលរដ្ឋ​ជាង​១០០​នាក់ ខ្លះ​ស្ថិតក្នុង​ភាពស្រវឹង​ស្រា​ផង ត្រូវបាន​ជួល​ដោយ​ឈ្មួញ​ដី ឈ្មោះ សម លក្ខិណា ដើម្បី​បណ្តេញ​អ្នកភូមិ​៣០​គ្រួសារ ហើយ​យក​ដី​នោះ​លក់​ឲ្យ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ ។ ​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ដែល​បាន​ចុះ​ស៊ើបអង្កេត​លើ​ករណី​នោះ លោក វណ្ណ សុផាត ឲ្យ​ដឹងថា ពលរដ្ឋ​ទាំងនោះ​នឹងមាន​គ្រោះថ្នាក់​ទាំងសងខាង បើ​សមត្ថកិច្ច​មិន​ចុះ​អន្តរាគមន៍​ឲ្យ​ទាន់ពេល​នោះទេ ។​​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​យាអង្គ លោក ជន សាវុធ ឲ្យ​ដឹងថា សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ចុះ​ធ្វើ​អន្តរាគមន៍​លើ​វិវាទ​នោះ ហើយ​មកដល់ពេលនេះ​មិនទាន់មាន​អំពើហិង្សា​កើតឡើង​ទេ ។ យ៉ាងនេះ​ក្តី លោក​អះអាង​ទៀតថា ពលរដ្ឋ​ដែល​ការពារ​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​នោះ ពិតជា​ស្រវឹង​ជោគជាំ​មែន ។​​អ្នកភូមិ​អះអាងថា ឈ្មួញ​ដី ឈ្មោះ សម លក្ខិណា បាន​ឃុបឃិត​ជាមួយ​មេភូមិ យក​ដី​អ្នកភូមិ​ជិត​៨០០​ហិកតា​ដែលមាន​ទាំង​ដីព្រៃ និង​ដី​លំនៅឋាន​របស់​ពលរដ្ឋ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​លី​យ៉ុ​ត​ផាត់ ។ ប៉ុន្តែ VOD មិនអាច​ទាក់ទង​ឈ្មោះ សម លក្ខណា នោះបាន​នៅឡើយ ៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៥ ។​